ភ្នំពេញៈ ក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO., LTD បាន​យល់ព្រម​បញ្ចុះតម្លៃ សម្រាប់​រថយន្ត​យោធិន ដែល​ចង់​ប្តូរ​ចង្កូតរថយន្ត​ពីស្តាំ​មក​ឆ្វេង​ឱ្យស្រប​តាមច្បាប់​កម្ពុជា​។ ការយល់ព្រម​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការសម្របសម្រួល​ពី​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក​ ហ៊ុន ម៉ាណែត ជាមួយ​ម្ចាស់​ក្រុមហ៊ុន​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​យោធិន​។

សេចក្តី​ជូនដំណឹង​របស់​ខុទ្ទកាល័យ​នៃ​កងទ័ពជើងគោក ចុះ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា បានឱ្យដឹងថា ដើម្បី​ជួយ​សម្រាល​បន្ទុក​យោធិន ដែលជា​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ កំពុង​ប្រើប្រាស់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ (​ខ.ម) ដែល​ត្រូវធ្វើ​ការប្តូរ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ឱ្យស្រប​តាមច្បាប់​កម្ពុជា និង​បង់​ពន្ធអាករ​នាំចូល លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​លោក តែ តាំងប៉ អគ្គនាយក ក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO., LTD. ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ការបញ្ចុះតម្លៃ​លើ​ការប្តូរ​ចង្កូតរថយន្ត​ពីស្ដាំ​មក​ឆ្វេង ដោយ​ធានា​បាន​នូវ​គុណភាព លក្ខណៈ​បច្ចេកទេស និង​ស្ដង់ដា​សុវត្ថិភាព​រថយន្ត​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​ជា​លទ្ធផល លោក តែ តាំងប៉ បាន​យល់ព្រម​ធ្វើការ​បញ្ចុះតម្លៃ​ពិសេស​លើ​ថ្លៃ​ប្តូរ​ចង្កូត រថយន្ត​សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្ដាំ​ក្រោម​ស្លាក​លេខ ខ.ម ទៅតាម​ប្រភេទ និង​ឆ្នាំ​ផលិត ដោយ​ធានា​លើ​គុណភាព​សម្ភារ លក្ខណៈ​បច្ចេកទេស និង​ស្តង់ដា​សុវត្ថិភាព រថយន្ត ដើម្បី​អាចធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព​» ។

ជាមួយ​គ្នា​នេះដែរ អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក បាន​ស្នើ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដែល​មានបំណង​ស្នើសុំ អន្តរាគមន៍ បញ្ចុះតម្លៃ​លើ​ការប្តូរ​ចង្កូតរថយន្ត​ត្រូវធ្វើ​សំណើ​ជូន​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ តាម​ឋានានុក្រម ដោយ​ផ្តល់នូវ​តារាង​ព័ត៌មាន​អំពី​ម្ចាស់​រថយន្ត និង​រថយន្ត​របស់ខ្លួន​។

លោក តែ តាំងប៉ អគ្គនាយក​ក្រុមហ៊ុន S.T.P បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ​វិច្ឆិកា​ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ឯកជន​ដែលមាន​ជំនាញ​ផ្នែក​កែ​ចង្កូតរថយន្ត ពិត​ជា​មាន​កិត្តិយស​ដែល​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​កងទ័ព​ក្នុង​ការបញ្ចុះតម្លៃ​លើ​ការកែ​ចង្កូតរថយន្ត​ពីស្តាំ​មក​ឆ្វេង​។

លោក​ថា​៖ «​ក្រោយពី​រដ្ឋាភិបាល​ប្រកាស គឺ​កងទ័ព​មួយចំនួន​បាន​ទៅ​បង់ពន្ធ រួចហើយ ត្រូវ​មក​កែ​ចង្កូត​រថយន្ត​ពីស្តាំ​មក​ឆ្វេង​វិញ ដើម្បីឱ្យ​ស្របច្បាប់​កម្ពុជា​»​។

លោក​បញ្ជាក់ថា​៖ «​លោកក្មួយ ហ៊ុន ម៉ាណែត គាត់​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​យើង ដើម្បី​ជួយ​សម្រួល​ធ្វើ​ម៉េច ឱ្យ​បាន​តម្លៃ​ធូរ ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​យោធិន​មួយចំនួន​ដែល​មាន​ការខ្វះខាត​លុយ​។ អ៊ីចឹង​បាន​ជួយ សម្រួល​បញ្ចុះតម្លៃ ដើម្បីឱ្យ​កងទ័ព​មានលទ្ធភាព​កែ​ចង្កូត​»​។

លោក​បន្ថែមថា ក្រុមហ៊ុន​របស់លោក​នឹង​ធានា​លើ​ប្រព័ន្ធ​កែ​ចង្កូត​រយៈពេល ១ ​ឆ្នាំ ព្រោះនេះ​គឺជា​ការប្តូរ និង​ធានា​ខុសត្រូវ​ពី​សុវត្ថិភាព​ចរាចរណ៍​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) បាន​គាំទ្រ​ចំពោះ​ចំណាត់​ការហាមឃាត់​ការនាំចូល​រថយន្ត​ចង្កូត​ស្តាំ និង​ការណែនាំ​ឱ្យ​កែ​ចង្កូតរថយន្ត ដោយ​លោក​ថា តាមច្បាប់​កម្ពុជា​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ការប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​នៅពេល​វ៉ា​ជែង វា​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​យើង​ត្រូវ​វ៉ា​ជែង​ខាងឆ្វេង​ដែល​នេះ ត្រូវតែ​ចេញមក​ឱ្យ​ផុត​ផ្លូវ ទើប​អាច​វ៉ា​ជែង​បាន ហើយ​រថយន្ត​ប្រភេទ​នេះ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​នៅពេល​ដែល​វ៉ា​ជែង​នៅលើ​ដងផ្លូវ​»​។

សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ខែសីហា ឆ្នាំ ២០២១ បានប្រកាស​ឱ្យ​រថយន្ត​ឯកជន ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ.ម និង ន.ប ដែល​មាន​ចង្កូត​ឆ្វេង និង​ពុំមាន​ចុះបញ្ជី​ទ្រព្យ​របស់​រដ្ឋ ត្រូវ​បង់ ពន្ធ​លើ​មធ្យោយបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ និង​បង់ពន្ធ​នាំចូល​តាមច្បាប់​ជា​ធរមាន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​។

ទន្ទឹមនេះដែរ ក្រសួង​ក៏​បាន​ក្រើនរំឭក​ដល់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់​ត្រូវ​បង់ពន្ធ​ឱ្យបាន​រួចរាល់​នៅត្រឹម​ខែមិថុនា​ឆ្នាំ ២០២២ បើ​ពុំ​នោះទេ​នឹង​ប្រឈម​នឹង​ការកម្ទេចចោល ក្រោយពេល​បង្ក្រាបបាន​៕