​ព្រះសីហនុៈ ឯកអគ្គរាជទូត​ជប៉ុន និង​មន្ត្រីជាន់ខ្ពស់​អង្គការ UNDP ប្រចាំ​កម្ពុជា បាន​ចុះ​ពិនិត្យ​គម្រោង​គ្រប់គ្រង​កាកសំណល់​ប្លា​ស្ទិ​ក ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ពួកគេ​ចង់ឃើញ​ការគ្រប់គ្រង​សំរាម នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ត្រូវធ្វើឡើង​ប្រកបដោយ​ប្រសិទ្ធភាព ​ដើម្បី​រៀបចំ​ទីក្រុង​ឱ្យ​ក្លាយជា​ទីក្រុង​ពហុវប្បធម៌ ដែល​ប្រកបដោយ​ការប្រកួតប្រជែង និង​វិបុលភាព​។

ការចុះពិនិត្យ​គម្រោង​គ្រប់គ្រង​សំរាម​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ​១៦ ខែវិច្ឆិកា អំឡុងពេល​មន្ត្រីជាន់ខ្ពស់​ស្ថាប័ន​ទាំង ​២ ​នេះ បាន​ជួប​និង​ពិភាក្សា​ការងារ ជាមួយ​លោក ​គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ UNDP បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា​ថា ឯកអគ្គរាជទូត​ជប៉ុន លោក MIKAMI Masahiro និង​មន្ត្រី UNDP បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយនឹង​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ក្នុងឱកាស​នោះ លោក MIKAMI Masahiro បាន​ជម្រាប​ពី​គោលបំណង​ដែល​គណៈប្រតិភូ​មក​បំពេ​ញទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​។

​លោក MIKAMI Masahiro ក៏បាន​ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម​នៅ​ស្រុក​ព្រៃនប់ និង​សាលារៀន​នៅក្នុង​ក្រុងព្រះសីហនុ ជាមួយ​ប្រតិភូ​អង្គការ UNDP ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្ត​ព្រះសីហនុ ដែលមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ UNDP បាន​បញ្ជាក់ថា​៖ «​ពួកគេ​រួមគ្នា​បញ្ជាក់​ពី​សារៈសំខាន់​នៃ​បរិស្ថាន​ស្អាត និង​បៃតង ជាមួយនឹង​ការគ្រប់គ្រង​សំរាម​ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​កត្តា​សំខាន់​មួយ​ដែល​រួមចំណែក ដល់​ការសម្រេចបាន​នូវ​គោលបំណង​មួយ​នេះ ដើម្បី​រៀបចំ​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ពហុវប្បធម៌ ដែល​ប្រកបដោយ​ការប្រកួតប្រជែង និង​វិបុលភាព​»​។

​លោក​ គួច ចំរើន បាន​ថ្លែង​ក្នុងជំនួប​នេះ​ថា រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា​នឹង​កាន់​តែមាន​ទំនាក់ទំនង​ល្អ​បន្ថែមទៀត ពិសេស​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​ជំរុញ​ក្រុមហ៊ុន​ជប៉ុន​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​រដ្ឋបាលខេត្ត​ព្រះសីហនុ មានការ​គ្រប់គ្រង​បញ្ហា​ផ្លូវ កាកសំណល់​បាន​ត្រឹមត្រូវ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ខេត្ត​ព្រះសីហនុមាន​ផ្លូវ​ស្អាត កាកសំណល់​ត្រូវបាន​ដោះស្រាយ ការអភិវឌ្ឍ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ និង​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ត ដើម្បី​ប្រែក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង វា​មាន​សារ​:​សំខាន់ ក្នុងការ​ទាក់ទាញ​វិនិយោគ​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​នាពេលខាងមុខ​»​។

​លោក គួច​ ចំរើន​ បាន​ថ្លែង​បន្ថែមថា ជប៉ុន​ជា​មិត្ត​ដ៏​ស្មោះត្រង់​ជួយ​កម្ពុជា ក្នុង​ការងារ​មនុស្សធម៌ ការចែករំលែក បទពិសោធ ជួយ​កសាង និង​ផ្តល់ជំនួយ​មនុស្សធម៌​ជាច្រើន ជាពិសេស​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដោយបាន​ជួយ​កសាង​សាលាបឋមសិក្សា​ចំនួន​ ២៤ ​សាលា និង​អនុវិទ្យាល័យ ចំនួន ​២ ​សាលា នៅក្នុង​ខេត្ត​ព្រះសីហនុ​។

​សូមជម្រាបថា នេះ​គឺជា​លើក​ទី​៣ ហើយ ដែល​ឯកអគ្គរាជទូត​ជប៉ុន និង​មន្ត្រីជាន់ខ្ពស់​អង្គការ UNDP ប្រចាំ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ដែល​ការចុះ​បំពេញ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​រំឭក​ដល់​ចំណងមិត្តភាព សាមគ្គីភាព​រវាង​កម្ពុ​ជា និង​ជប៉ុន​។

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុបានដឹងថា ជប៉ុន​បាន​ចូលរួមចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​ជួយ​កសាង​កំពង់ផែ​ទឹក​ជ្រៅ ដោយ​អភិវឌ្ឍន៍​ជា​ដំណាក់កាល ជំហាន​ទី​១ និង​ជំហាន​ទី​២ នឹងត្រូវ​បញ្ចប់ នៅ​ឆ្នាំ ​២០២៥ ដែល​អាចឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៤,៥០ ​ម៉ែត្រ ចូល​ចត​បាន​។

​ការកសាង​កំពង់ផែ​ទឹក​ជ្រៅ​នេះ អាចធ្វើឱ្យ​នាវា​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រមាណ​ជា ៩៣ ​ភាគរយ អាច​ចូល​ចត​បាន​ដែល​ធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​មានការ​ថយចុះ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេសជិតខាង​។

​ក្រៅពីនេះ​ជប៉ុន ក៏បានផ្តល់​កម្ចី​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជួយ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ហើយ​អ្នកវិនិយោគ​ជប៉ុន បានមក​វិនិយោគ​លើ​វិស័យ​រោងចក្រ សហគ្រាស ទេសចរណ៍ សណ្ឋាគារ ​និង​ភោជនីយដ្ឋាន ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕​