ភ្នំពេញៈ អាជ្ញាធរ​មាន​សមត្ថកិច្ច​ទុកពេល​ ៣ ​ថ្ងៃ​ដល់​អាជីវករ​ដែល​កំពុង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​នៅលើ​កំណាត់​ផ្លូវ​លេខ​ ២៧១ ​ម្តុំ​ខ្លោងទ្វារវត្ត​សន្សំ​កុសល ខណ្ឌមានជ័យ​ឱ្យ​រុះរើស​សម្ភារ​ផ្សេងៗ ឬ​ទំនិញ​ឱ្យ​អស់ បើ​ពុំ​នោះទេ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​ប្រភពពី​ស្នងការដ្ឋាន​នគរបាល​ជាតិ​។

ការបញ្ជា​ឱ្យ​រុះរើ​នេះ បន្ទាប់ពី​កម្លាំង​ការិយាល័យ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បាន​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់​ និង​រំដោះ​ចិញ្ចើមផ្លូវ​ឱ្យបាន​ធំ​ទូលាយ​ និង​មាន​របៀបរៀបរយ​ឡើងវិញ​។ ក្នុង​ដំណើរការ​ត្រួតពិនិត្យ​នោះ អាជ្ញាធរ សង្កេត​ឃើញ​ថា នៅលើ​កំណាត់​ផ្លូវ​លេខ​ ២៧១ ម្តុំ​ខ្លោងទ្វារវត្ត​សន្សំ​កុសល តែងតែ​រង​ការកកស្ទះ​ចរាចរណ៍​បង្ក​ប៉ះពាល់​សណ្តាប់​សុវត្ថិភាព​ចរាចរណ៍​ដោយ​ការយក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ពី​សំណាក់​អាជីវករ​នៅ​ម្តុំ​នោះ​។

លោក អេម សម្បត្តិ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅពេល​នេះ ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​សណ្តាប់ធ្នាប់​ឱ្យ​មាន​ភាពប្រសើរ ដោយ​សមត្ថកិច្ច​នឹង​បន្ត​ចុះ​អនុវត្ត​ជាប្រចាំ​ទៅលើ​គោលដៅ​នានា​ដែល​មាន​ភាពស្មុគស្មាញ​។

លោក​បន្តថា​៖ «​ជាមួយនឹង​ការព្រមាន​ទុកពេល​វេលា​ ៣ ​ថ្ងៃ​ចំពោះ​បងប្អូន​អាជីវករ​ត្រូវ​រុះរើ ឱ្យអស់​ដោយ​ខ្លួនឯង​នូវ​ឧបករណ៍​សម្ភារ ឬ​ទំនិញ​ផ្សេងៗ ដែល​បាន​ដាក់តាំង​លក់​រំលោភ​លើ​ចិញ្ចើមផ្លូវ​នោះ ប្រសិន​ផុត​ឱសានវាទ​មិន​គោរព​ទៅតាម​ការណែនាំ​របស់​សមត្ថកិច្ច​នឹងត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​»​។

លោក​បាន​បន្តទៀតថា កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​ ១៤ និង​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ ដើម្បី​បន្ត​ដោះស្រាយ​ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​មាន​គុណភាព ប្រសិទ្ធភាព និង​ឱ្យ​ល្អប្រសើរ​។

ជាមួយ​គ្នា​នេះ​លោក សម្បត្តិ ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នាំគ្នា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​លើកកម្ពស់​សោភណភាព សណ្តាប់ធ្នាប់​សុវត្ថិភាព ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​នៃ​ការចូលរួម​គោរព​ច្បាប់ និង​សេចក្តីណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ បាន​ថ្លែងថា ជា​បទពិសោធ​រាល់ពេល​ដែល​លោក​ធ្វើដំណើរ​ឆ្លងកាត់​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល តែងតែ​ឃើញ​កកស្ទះ​ចរាចរណ៍​ពិតមែន​។ លោក​បន្តថា ចំណាត់​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ចិញ្ចើមផ្លូវ​ជា​រឿង​ល្អ ប៉ុន្តែ​លោក​ស្នើឱ្យ​អាជ្ញាធរ​គួរ​មាន​វិធានការ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា​ការរៀបចំ​សណ្តាប់ធ្នាប់​គឺជា​រឿង​ល្អ​សម្រាប់​ដោះស្រាយ​ចិញ្ចើមផ្លូវ កុំ​ឱ្យ​ផ្លូវ​កកស្ទះ ប៉ុន្តែ​ដើម្បីឱ្យ​ប្រសើរ​ជាង​នេះ ការរៀបចំ​សណ្តាប់ធ្នាប់ អាជ្ញាធរ​ត្រូវតែ​ទទួល​ខុសត្រូវ ប្រសិនបើ​ដេញ​គាត់​ចេញពី​កន្លែង​នោះ​ មិន​ឱ្យ​លក់ សួរថា​តើ​អាជ្ញាធរ​ក្រុង មាន​កន្លែង​ផ្សេង​ណា​ដែល​អាច​ឱ្យ​គាត់​លក់បាន​ក្នុង​ការបង្កើត​ប្រាក់ចំណូល ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​»​។

លោក​បន្តថា ការរៀបចំ​សណ្តាប់ធ្នាប់​ត្រូវតែ​ទទួល​ខុសត្រូវ ចំពោះ​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់​មិនមែន​មានន័យថា ការរៀបចំ​សណ្តាប់ធ្នាប់​ដេញ​គាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការទទួល​ខុសត្រូវ​នោះទេ​។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា អាជ្ញាធរ​ក្រុង​គួររៀបចំ​យន្តការ​ជាក់លាក់​មួយ​សម្រាប់​ឱ្យ​អាជីវករ​មាន​កន្លែង​លក់ដូរ ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា​យើង​អាចធ្វើ​ដូច​នៅ​ស្រុក​គេ ដូច​ប្រទេស​ជិតខាង គឺ​ប្រទេស​ថៃ គេ​មាន​កន្លែង​រៀបចំ​ឱ្យ​អាជីវករ​លក់ គាត់​អាច​ប្រកបមុខរបរ​រកស៊ី​បាន ហើយ​សណ្តាប់ធ្នាប់​ល្អ​ទៀត មួយទៀត​នៅ​ថៃ​មាន​ផ្លូវ​ខ្លះ​គេ​បិទ​សម្រាប់​ថ្ងៃ​សៅរ៍ និង​អាទិត្យ សម្រាប់​ឱ្យ​អាជីវករ​លក់​នៅតាម​ផ្លូវ ខ្ញុំ​គិតថា​បើ​យើង​អាច​រៀបចំ​យន្តការ​នេះ​បាន ​ជា​ចំណុច​ល្អ​»​។

សូមជម្រាបថា កាលពី​ខែធ្នូ ឆ្នាំ​ ២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​ម្ចាស់ អាជីវកម្ម ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង​មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ អគារ​សាធារណៈ វិស័យ​ឯកជន អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ មិនត្រូវ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​។

បើទោះបី​ជា​មាន​សេចក្តីណែនាំ​ក្ដី ក៏ប៉ុន្តែ​អាជីវករ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​មកទល់​បច្ចុប្បន្ននេះ នៅតែ​យក​ចិញ្ចើមផ្លូវ​ប្រកប​អាជីវកម្ម​ ឬ​ដាក់​លក់ទំនិញ​ផ្សេងៗ​ដែល​បង្ក​ការកកស្ទះ​ចរាចរណ៍​នៅពេល​ធ្វើដំណើរ​ម្តងៗ​៕

វីដេអូ៖