​ស្ថានភាព​ទឹកជំនន់​នៅ​ក្រុង​ពោធិ៍សាត់ បាន​ស្រក​ផុតពី​កម្រិត​នៃ​ការប្រកាសអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃទី ​១៧ ខែ វិច្ឆិកា ឆ្នាំ ​២០២១ ខណៈ​នៅ​ស្រុក​រុក្ខ​គិរី និងស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង ទឹក​ក៏បាន​ចាប់ផ្ដើម​ស្រក​ទៅវិញ​ជា​បណ្ដើរៗ​ផងដែរ ប៉ុន្តែ​នៅឯ​ខេត្តកំពង់ស្ពឺ អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ ដែល​រស់​នៅតាម​ដីសណ្ដរ​ស្ទឹង​ព្រែក​ត្នោត​នៃ​ខ្សែទឹក​ខាងក្រោម​បង្កើន​ការប្រុងប្រយ័ត្ន អំពី​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​។

លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​រសៀល​ថ្ងៃទី ​១៧ ខែ វិច្ឆិកា ឆ្នាំ ​២០២១ កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ បាន​ស្រក​ចុះ​ផុតពី​កម្រិត​នៃ​ការប្រកាសអាសន្ន​ហើយ​។ ទឹក​ដែល​បាន​ហូរ​ជន់​លិច​ផ្លូវ​និង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​នេះ កាលពី​ព្រឹក​ថ្ងៃទី ​១៦ ខែ វិច្ឆិកា ឆ្នាំ ​២០២១ ​នោះ ក៏បាន​ស្រក​ទៅវិញ​អស់​ដែរ​។​

​លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា កម្លាំង​សមត្ថកិច្ច​យើង​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​តាម​បណ្ដោយ​ស្ទឹង​នេះ បង្កើន​ការប្រុងប្រយ័ត្ន ព្រោះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​ធ្វើឱ្យ​ស្ទឹង​អា​រ៉ៃ ស្ទឹងធំ និងស្ទឹង​ព្រៃ​ខ្ញុង ដែល​ស្ថិតនៅ​ក្នុងស្រុក​ក្រវាញ និងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បន្ត​ជន់​ឡើង​និង​ហូរ​ធ្លា​ក់មក​ក្នុង​ស្ទឹង​ពោធិ៍សាត់​នៅឡើយ​»​។

​បើតាម​លោក​ចាប នាង កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ គិត​ត្រឹម​វេលា ម៉ោង​២​រសៀល​ថ្ងៃទី ​១៧ ខែវិច្ឆិកា ឆ្នាំ ​២០២១ បាន​ស្រក​ចុះមក​នូវត្រឹម ​៤,៧៥​ ម៉​ត្រែ ទាប​ជាង​កាលពី​ថ្ងៃទី​ ១៦ ​ខែ វិច្ឆិកា ឆ្នាំ​២០២១ ចំនួន​ ៤៥​ សង់ទីម៉ែត្រ ឬ ៤ ​តឹក​កន្លះ​។

​ចំណែក​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​រុក្ខ​គិរី និង ស្រុក​មោងឫស្សី ក៏បាន​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ ក្នុងនោះ​មាន​ភូមិ​-​ឃុំ​មួយចំនួន​ទឹកបាន​ស្រក​អស់ហើយ​។ ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​នេះ លោក​ក៏បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាលខេត្ត​បាត់ដំបង ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សង្គ្រោះ​បឋម​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​នៃ​ស្រុក​ទាំង​ ២ ​នោះ ចំនួន​ ៤៣៨ ​គ្រួសារ​ផងដែរ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​២៥​គ​.​ក ត្រីខ ​១ ​យួរ ស្មើ​ ១២​ កំប៉ុង មី​ ១ ​កេះ និង ទឹកត្រី​-​ទឹកស៊ីអ៊ីវ​ ១ ​យួរ (៦​ ដប​) ព្រមទាំង​ថវិកា​មួយចំនួនទៀត សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ ទឹកបាន​ស្រក​ហើយ ដូច្នេះ​អ្វីដែល​យើង​ត្រូវ​ត្រៀម​គឺ​ការដាំដុះ​ស្ដារឡើងវិញ ប៉ុន្តែ​យើង​ក៏ត្រូវ​ស្វែងយល់​ផងដែរ ថា​គួរ​ដាំ​ដុះ​ដំណាំ​អ្វី ក្នុង​ផ្ទៃដី​ប៉ុន្មាន ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​និង​ខូចខាត​ដោយសារតែ​កង្វះ​ទឹក​ស្រោចស្រព​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​»​។

យោងតាម​របាយការណ៍​បឋម ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន នៅ​រសៀល​ថ្ងៃទី ​១៧ ខែ វិច្ឆិកា ឆ្នាំ ​២០២១ ជំនន់​ទឹកភ្លៀង ដែល​ទើប​កើតមាន​ជាថ្មីទៀត នៅក្នុង​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោងឫស្សី បាន​បង្ក​ផលប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​សរុប​ជាង​ ៣ ០០០​ គ្រួសារ ក្នុងនោះ​នៅ​ស្រុក​រុក្ខ​គិរី ចំនួន​ ១ ៦៥៥ ​គ្រួសារ និង ប៉ះពាល់​ដីស្រែ​ចម្ការ​សរុប ជាង​ ១ ០០០​ ហិកតា ក្នុងនោះ​នៅ​ស្រុក​មោងឫស្សី ចំនួន ​៦៦០​ ហិកតា ព្រមទាំង​ប៉ះពាល់​និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មួយចំនួនទៀត​។

ដោយឡែក​នៅឯ​ខេត្តកំពង់ស្ពឺ​វិញ អាជ្ញាធរ​បាន​អំពាវនាវ ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ប្រប​ជាប់មាត់​ទឹក​នៃ​តំបន់​ដីសណ្ដរ​ស្ទឹង​ព្រែក​ត្នោត បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ខណៈ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​នៅ​តំបន់​ប្រជុំភ្នំ​ឱ​រ៉ា​ល់ ដែល​ធ្វើឱ្យ​ទឹក​នៅតាម​សំណង់​ស្ទាក់​ទឹក​មួយចំនួន ជន់​ឡើង​និង​ហូរ​លើ​ខ្នង​ទំនប់ ដែល​តម្រូវឱ្យ​មន្ត្រី​ជំនាញ​សម្រេច​បើកទ្វារ​ទឹក បង្ហូរទឹក​ចេញពី​អាង​ការពារ​បាក់ស្រុត​ខ្នង​ទំនប់​។​

លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា មន្ត្រី​ធនធានទឹក ប្រចាំ​នៅ​សំណង់​ស្ទាក់​ទឹក​រលាំង​ជ្រៃ នៅ​ថ្ងៃទី​ ១៧ ខែ វិច្ឆិកា ឆ្នាំ​២០២១ បានសម្រេច​បើកទ្វារ​ទឹក​ចំនួន​ ៥ ដើម្បី​បន្ធូរ​សម្ពាធ​ទឹក និង​កាត់បន្ថយ​ការ​ជន់​លិច​ស្រែចម្ការ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ នៅ​ផ្នែក​ខាងលើ​សំណង់​ស្ទាក់​ទឹក​នេះ​។​

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ ក្រុមការងារ​យើង​បានសម្រេច​បើកទ្វារ​ទឹក​រលាំង​ជ្រៃ​ចំនួន ​៥ ក្នុងនោះ​ទ្វារ​ទឹក ​២ យើង​បើក​បង្ហើប​ត្រឹមតែ​កម្ពស់ ៦​ តឹក​ប៉ុណ្ណោះ ខណៈ​ទ្វារ​ទឹក​ ២ ​ទៀត យើង​បើក​បង្ហើប​ត្រឹម​កម្ពស់​១​ម៉ែត្រ និង​ទ្វារ​ទឹក ​១ ​ទៀត យើង​បើក​កម្ពស់ ២ ​ម៉ែត្រ​»​។

​បើតាម​លោក ជាប​ហ៊​ង ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ចំណុច​ទំនប់​រលាំង​ជ្រៃ នា​ថ្ងៃទី​ ១៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ទឹក​មាន​កម្ពស់ ៧,១៨ ម៉ែត្រ នៅ​ចំណុច​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់ ៤,៨៦ ម៉ែត្រ និង​នៅ​ចំណុច​ទំនប់​អាងទឹក​តា​សាល ទឹក​មាន​កម្ពស់ ១៩,៨៦ ម៉ែត្រ​។ ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹក​នៅ​ចំណុច​សំណង់​អាង​ស្ទាក់​ទឹក​តា​សាល​នេះ ក៏​ព្រោះតែ​មន្ត្រី​ជំនាញ​នៅ​មិនទាន់​បើកទ្វារ​ទឹក​ណាមួយ​នៅឡើយ ព្រោះ​បារម្ភ​ខ្លាច​មាន​ជំនន់​ធ្ងន់ធ្ងរ​ជាថ្មី​នៅក្នុង​រាជធានី​ភ្នំពេញ និងខេត្តកណ្ដាល​។​

លោក​បាន​បន្តថា ក្នុងករណី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ប្រជុំភ្នំ​ឱ​រ៉ា​ល់​ទៀត​នោះ មន្ត្រី​ជំនាញ​អាច​នឹង​បើកទ្វារ​ទឹក​នៅ​ចំណុច​ទំនប់​តា​សាល ដើម្បី​បន្ធូរ​សម្ពាធ​ទឹក​នៅក្នុង​អាង ចៀសវាង​ការបាក់​ស្រុត ដែល​អាច​បង្ក​ជា​មហន្តរាយ​ធំ​។ អាស្រ័យ​ដូច្នេះ អ្នករស់នៅ​តាម​ដីសណ្ដរ​ស្ទឹង​ព្រែក​ត្នោត​ទាំង​ក្នុង​ខេត្តកំពង់ស្ពឺ កណ្ដាល និងរាជធានី​ភ្នំពេញ​ គប្បី​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ព្យាករណ៍​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​រហូតដល់​ថ្ងៃទី ​២៣​ ខែវិច្ឆិកា ​ខាងមុខនេះ ពិសេស​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម និងបណ្ដា​ខេត្ត​មួយចំនួនទៀត ដែល​ស្ថិតនៅតាម​បណ្ដោយ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​៕​

វីដេអូ៖