ភ្នំពេញៈ ក្នុង​ឱកាស​គម្រប់​ខួប ១០ ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព (CICP) នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សិក្ខាសាលា ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ-កូរ៉េ​។

លោក បណ្ឌិត ពូ សុធីរ៉ា នាយក​ប្រតិបត្តិ​នៃ CICP ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា គំនិត​ផ្តួចផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងល្អ​ពី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៃ​ប្រទេស​មេគង្គ និង​លើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​កូរ៉េ-មេគង្គ គួរតែ​ត្រូវបាន​ជំរុញ​ឱ្យ​កាន់តែ​មាន​ភាពរួមបញ្ចូល​គ្នា និង​បើកចំហ ដើម្បី​ក្លាយជា​ការបំពេញបន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព និង​គួរឱ្យ​ទុកចិត្ត​ចំពោះ​ក្របខ័ណ្ឌ​មេគង្គ​ដែលមាន​ស្រាប់​ផ្សេងទៀត​»​។

លោក Park Heung-kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ថ្លែង​ក្នុង​សិក្ខាសាលា​នេះដែរ​ថា តំបន់​មេគង្គ​មិន​ត្រឹមតែ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏អស្ចារ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សកម្ម​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​រយៈពេល​វែង ដូចជា​ការប្រែប្រួល​អាកាសធាតុ ការដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក​រំឭក​ឡើងវិញ​ថា​៖ «​ស្របពេល​យើង​ប្រារព្ធ​ខួប​លើក​ទី​ ១០ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ​។ ប្រទេស​កូរ៉េ ស្វែងរក​ការជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ផ្អែកលើ​តម្រូវការ​នៅក្នុង​តំបន់​»​។

លោក Park Heung-kyeong បន្តថា​ជាមួយ​នឹង​ការបំពេញ​បន្ថែម​សេដ្ឋកិច្ច និង​ភាពស្រដៀងគ្នា​នៃ​វប្បធម៌​រវាង​ប្រទេស​មេគង្គ និង​កូរ៉េ និង​ជាមួយ​ចំណេះដឹង​របស់​ប្រទេស​កូរ៉េ និង​បទពិសោធ​ដែល​ទទួល​បាន​តាមរយៈ​ប្រវត្តិ​នៃ​ការអភិវឌ្ឍ​ស្រដៀង​គ្នា ភាពជា​ដៃគូ​មេគង្គ-កូរ៉េ អាច​សម្រេច​បាន​នូវ​ភាពជឿនលឿន​កាន់តែច្រើន​នៅក្នុង​វិស័យ​ផ្សេងៗ​។

លោក ប៉ិច សុខេម ទីប្រឹក្សា​ក្រសួងការបរទេស​ថ្លែង​ក្នុង​សិក្ខាសាលា​នេះដែរ​ថា កិច្ចសហប្រតិបត្តិការ​មេគង្គ-កូរ៉េ សម្រេច​បាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​សេចក្តីប្រកាស​ទន្លេមេគង្គ-ហាន (Mekong-Han) អនុម័ត​ក្នុង​ឆ្នាំ ២០១១​។

លោក​បញ្ជាក់ថា​៖ «​កិច្ចសហប្រតិបត្តិការ​មេគង្គ- សាធារណរដ្ឋ​កូរ៉េ គួរតែ​មាន​យុទ្ធសាស្ត្រ និង​ភាព​មិនអាច​ខ្វះ​បាន​ក្នុង​ការបំពេញ​បន្ថែម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​បង្រួម​គម្លាត​អភិវឌ្ឍន៍​ក្នុង​អាស៊ាន ជាមួយ​នឹង​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ផែនការ​សកម្មភាព​មេគង្គ-សាធារណរដ្ឋ​កូរ៉េ ២០២១-២០២៥»​។

លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា​នេះដែរ​ថា សិក្ខាសាលា​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ទាំងអស់​គ្នា ធ្វើការ​ពិនិត្យឡើងវិញ​នូវ​រាល់​លទ្ធផល​នានា​នៃ​កិច្ចសហប្រតិបត្ដិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ ដែល​សម្រេច​បាន​ក្នុង​អំឡុងពេល​ ១០ ​ឆ្នាំ​កន្លងមកនេះ ហើយ​ធ្វើការ​ពិភាក្សា​អំពី​ដំណោះស្រាយ​សហការ​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព សម្រាប់​ពេលខាងមុខ នេះ​ឱ្យបាន​ស័ក្តិសម​ទៅនឹង​កិច្ចសហប្រតិបត្ដិការ​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ដែល​ត្រូវបាន​ដំឡើង​កម្រិត​តាំងពី​ឆ្នាំ​ ២០២០ ​មកម្ល៉េះ​។

លោក​ថ្លែងថា​៖ «​ចាប់តាំងពី​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១១ ​មក យន្តការ​នៃ​កិច្ចសហប្រតិបត្ដិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ​នេះឯង​បាន​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការជំរុញ​នូវ​កិច្ចសហប្រតិបត្ដិការ​គ្នា​លើ​ផ្នែក​ជាច្រើន​រវាង​ប្រទេស​ទាំង​ ៦ គឺ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​កូរ៉េខាងត្បូង​»៕