​ភ្នំពេញៈ ស្ត្រី​ចំណាស់​ជនជាតិ​ថៃ​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ កាលពី​ថ្ងៃទី ​១៦ ​វិច្ឆិកា បន្ទាប់ពី​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១៥ វិច្ឆិកា ជាមួយ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ជិត ​២ ​គីឡូក្រាម។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​នៅ​រសៀល​ថ្ងៃទី ​១៧ វិច្ឆិកា​នេះ​ថា ស្ត្រី​សង្ស័យ​រូបនេះ ឈ្មោះ SINEE SAISUWAN អាយុ​ ៦២ ​ឆ្នាំ​។ ​គាត់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​ កាលពី​ថ្ងៃទី ​១៦ វិច្ឆិកា​។

លោក​ថ្លែងថា​៖ «​ករណី​ស្ត្រី​ថៃ​នេះ​ខ្ញុំ​បាន​បញ្ជូនទៅ​តុលាការ​តាំងពី​ម្សិលមិញ​ម្ល៉េះ ​(​ថ្ងៃទី ​១៦ ​វិច្ឆិកា​)​។ ​គាត់​ត្រូវបាន​សមត្ថកិច្ច​យើង​សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ព្រលាន​ឃាត់ខ្លួន​គាត់​»​។

​ទោះជា​យ៉ាងណា​លោក​មិនបាន​បញ្ជាក់​លម្អិត​ពី​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ​ទេ​។ ​ក៏ប៉ុន្តែ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា​នេះ បានសរសេរថា​ កម្លាំង​ជំនាញ​ (​ក​១០) ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បង្ក្រាប​កាលពី​វេលា​ម៉ោង​ ១ ​កន្លះ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ​១៥ ខែ វិច្ឆិកា ឆ្នាំ ​២០២១​។​

គេហទំព័រ​ដដែល​បានឱ្យដឹងថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា សហការ​ជាមួយ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ (​ច្រក​អ្នកដំណើរ​មកដល់​) និង​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​គ្រឿងញៀន​នេះ​ ត្រូវបាន​ស្ត្រី​សង្ស័យ​ជិះ​យន្តហោះ​នាំមក​ជាមួយ​ពី​ប្រទេស​ម៉ាលី​ ដោយ​ឆ្លងកាត់​ប្រទេស​អេ​ត្យូ​ពី និង​ប្រទេស​កូរ៉េខាងត្បូង​ចូល​មកដល់​កម្ពុជា​។

បើតាម​ប្រភព​ដដែល​ថា ករណីនេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ជា​សារធាតុ​ញៀន​ប្រភេទ​កូកាអ៊ីន (COCAINE) ​ទម្ងន់​សុទ្ធ​ជាង ​១,៩៨៩​ គីឡូក្រាម ​ដែល​ស្ត្រី​សង្ស័យ​បង្កប់​នៅ​បាត​វ៉ាលិស​របស់ខ្លួន​។

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​តុលាការ​យ៉ាងណា​នោះ ភ្នំពេញ ​ប៉ុស្តិ៍ ​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា​នេះ​៕​