ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ផែនការ ថ្លែង​ថា ផ្អែក​លើ​វិធីសាស្ត្រ​ដែល​បាន​កែ​សម្រួល និង​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា ឆ្នាំ ២០១៩-២០២០ ​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា បាន​រក​ឃើញ​ថា ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ អាច​រក​ប្រាក់​ចំណូល​បាន​ចំនួន ១០ ៩៥១រៀល ក្នុង​មួយ​ថ្ងៃ។

លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វិធីសាស្ត្រ​សម្រាប់​គណនា​អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា នៅថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា ផ្អែក​លើ​មូលដ្ឋាន​នៃ​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្នាក់​ជាតិ បាន​រក​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​មនុស្ស​ម្នាក់អាច​រក​ប្រាក់​ចំណូល​បាន ១០ ៩៥១រៀល ក្នុង​មួយ​ថ្ងៃ។ នៅ​តំបន់​ទី​ប្រជុំជន​ផ្សេង​ទៀត អាច​រក​ប្រាក់​ចំណូល​បាន ៩ ៥៧១រៀល និង​នៅតំបន់​ជន​បទ អាច​រក​ប្រាក់​ចំណូល​បាន ៨ ៩០៨រៀល ក្នុង​មួយ​ថ្ងៃ។

ប្រជាជន​ប្រមាណ ១៧,៨% នៃ​ប្រជាជន​សរុប​បាន​រស់​ក្រោម​ខ្សែ​បន្ទាត់​នេះ ក្នុង​ឆ្នាំ ២០១៩ ២០២០ ក្នុង​នោះ អត្រាភាព​ក្រីក្រ​នៅ​រាជធានីភ្នំពេញ ៤,២% តំបន់​ទី​ប្រជុំជន​ផ្សេង​ទៀត ១២,៦% តំបន់​ជនបទ ២២,៨% ។

លោក ឆាយ ថន បន្តថា អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ ២០១៩- ២០២០ បាន​រង​ផល​ប៉ះពាល់​ខ្លះ​ពី​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ១៩។

ការ​រីករាលដាល​កូវីដ១៩ លើ​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម ពី​ដើម​ឆ្នាំ ២០២០ តាម​រយៈការ​បង្ក​ផល​ប៉ះពាល់ ដល់​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់លើ​វត្ថុ​ធាតុ​ដើម សម្រាប់​ការ​ផលិត​ផលិតផល​នាំចេញ, ការ​ថយចុះ​ការ​បញ្ជា​ទិញ​ពី​ក្រៅ ប្រទេស និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ។

ប៉ុន្តែ​ផល​ប៉ះពាល់​លើ​កម្រិត​ជីវភាព​រស់នៅ​របស់​គ្រួសារ​ប្រជាជន​កម្ពុជា អាច​ចាប់​ផ្តើម​ពី​ខែ​មេសា​ឆ្នាំ ២០២០ នៅពេល​ដែល​វិធានការណ៍​រឹតបន្តឹង​នានា​ត្រូវ​បាន​អនុវត្ត៕

វីដេអូ៖