ភ្នំពេញៈ ប្រជាការពារ​សង្កាត់​បឹងទំពន់​ម្នាក់ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍នគរបាល​បឹងទំពន់​ទី​ ២ ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ពាក់ព័ន្ធ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​ក្នុង​រឿង​ជម្លោះ​ច្រាន​ប្រជាការពារ​ដូចគ្នា ឱ្យ​ដួល​ផ្ងារ​ក្រោយ​បោក​ក្បាល​ស្លាប់ នៅក្នុង​សាលាសង្កាត់​បឹងទំពន់​ទី​ ២ កាលពី​យប់​ថ្ងៃទី​ ១៧ វិច្ឆិកា ឆ្នាំ​ ២០២១​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ហេង សារ៉េត ភេទ​ប្រុស អាយុ​ ៦២ ​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ​ក្បាល​ទំនប់​ ២ សង្កាត់​បឹងទំពន់​ទី​ ១ ខណ្ឌមានជ័យ មុខរបរ​ប្រជាការពារ​សង្កាត់​បឹងទំពន់​ទី​ ២​។

ជនរងគ្រោះ​ឈ្មោះ អេម វន ភេទ​ប្រុស អាយុ​ ៧១ ​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ​ព្រែកតាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ ប្រជាការពារ​ សង្កាត់​បឹងទំពន់​ទី​ ២​។

សមត្ថកិច្ច​បាន​បន្តថា កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ២០ ​និង​ ០០ ​នាទី នៅ​ចំណុច​ក្នុង​សាលាសង្កាត់​បឹងទំពន់​ទី​ ២ ជនរងគ្រោះ​ឈ្មោះ អេម វន និង​ឈ្មោះ នន់ ភឿង ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ (​ជា​ប្រជាការពារ​ សង្កាត់​បឹងទំពន់​ទី​២) បាន​អង្គុយលេង​នៅក្នុង​សង្កាត់​បឹងទំពន់​ទី​ ២ ខណ្ឌមានជ័យ (​ជាមួយ​ប្រជាការពារ​ដទៃទៀត​) ពេលនោះ​ជនសង្ស័យ​ឈ្មោះ ហេង សារ៉េត បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​ចូលមក​សាលាសង្កាត់​បឹងទំពន់​ទី​ ២ ហើយ​និយាយ​ជេរប្រមាថ​មើលងាយ​ទៅលើ​ជនរងគ្រោះ​។

ភ្លាមនោះ​ជនរងគ្រោះ​ឈ្មោះ អេម វន (​ជា​មនុស្ស​ពិការ​ជើង​ខាងស្តាំ​) បាន​ដើរ​ទៅ​សួរនាំ​ក៏ត្រូវ​ជនសង្ស័យ​ច្រាន​បណ្តាល​ឱ្យ​ដួល​ផ្ងារ ក្រោយ​បោកក្បាល​ទៅលើ​ជម្រាល​បេតុង​ក្នុង​សង្កាត់​បឹងទំពន់​ទី​ ២ សន្លប់​បាត់ស្មារតី​។

បន្ទាប់មក​ក្រុមគ្រួសារ និង​មន្ត្រី​សាលាសង្កាត់​បឹងទំពន់​ទី​ ២ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ប៉ុន្តែ​ជនរងគ្រោះ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ខាង​គ្រូពេទ្យ​មិនអាច​សង្គ្រោះ​បាន​ឱ្យ​ក្រុមគ្រួសារ​ដឹក​ជនរងគ្រោះ​យក​ត្រឡប់​មកផ្ទះ​វិញ រហូត​ដល់​វេលា​ម៉ោង​ ១២ ​និង ​៥០ ​នាទី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ទើប​ជនរងគ្រោះ​ស្លាប់​។

បន្ទាប់មក​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេសវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បាន​ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ​ឈ្មោះ អេម វន ឃើញ​មាន​ស្នាមហើម ប៉ោង​ក្បាល​ចំហៀង​ខាងស្តាំ​មួយកន្លែង​។

សាកសព​ជនរងគ្រោះ​ឈ្មោះ អេម វន បានប្រគល់​ឱ្យ​ទៅ​ឈ្មោះ វន នៅ ភេទ​ស្រី អាយុ​ ៤១ ​ឆ្នាំ (​ជា​កូនបង្កើត​របស់​ជនរងគ្រោះ​) យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​សង្កាត់​ចាក់អង្រែលើ​។

ឈ្មោះ វន ពន្លក ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ (​ត្រូវជា​កូនបង្កើត​របស់​ជនរងគ្រោះ​) បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល បឹងទំពន់​ទី​ ២ សូមឱ្យ​ចាត់ការ​ជនសង្ស័យ​តាមផ្លូវ​ច្បាប់​។

នៅពេលនោះ ជនសង្ស័យ​ឈ្មោះ ហេង សារ៉េត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​បឹងទំពន់​ទី​ ២ សាកសួរ​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕