សៀមរាបៈ មន្ទីរ​ពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ ឬ​ហៅថា ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី ៣​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​សៀមរាប បាន​វះកាត់​ជំងឺ​ប្រឹស​បេះ​ដូង​ឱ្យកុមារ​ ​បាន​ជិត៥​ពាន់​អ្នក​ ដោយ​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​១០ឆ្នាំ។​

ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Dr. Beat Richner ដែលជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្ហោះ​សារ អបអរ​ខួប ១០ ឆ្នាំ នៃ​ការបង្កើត​ផ្នែក​វះកាត់​បេះដូង​នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ (​មន្ទីរពេទ្យ​គន្ធបុប្ផា​) ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១១-២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ។​

នាឱកាស​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រី​អាយុ​១៥​ឆ្នាំនេះ មាន​បញ្ហា​វិបត្តិ​សង្វាក់​បេះដូង ពោល​ខូច​ប្រឹស​បេះដូង​ថត​ខាងស្តាំ​ពី​កំណើត ត្រូវបានធ្វើ​ការវះកាត់​ដាក់​ថ្ម​បេះដូង ដោយ​ជោគជ័យ ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស​កម្ពុជា​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២១ ។ មន្ទីរពេទ្យ​បាន​គូសបញ្ជាក់ថា​៖ « នេះ​គឺជា​ករណី​ទី ៤៦៦៩ នៃ​កុមារ ដែល​បានទទួល​ការវះកាត់​បេះដូង ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​»​។​

ជាមួយគ្នានេះដែរ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ថ្លែង​អរគុណ និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ ឯកទេស​វះកាត់​បេះដូង​កម្ពុជា នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី ៧ ដែល​បាន​ខិតខំ​វះកាត់​ទទួលបាន​ជោគជ័យ​។​

ប្រធាន​មន្ទី​ពេទ្យ​ជ័យ​វរ្ម័នទី​៧ លោក សាស្ត្រាចារ្យ យ៉ៃ ចន្ទ​នា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​ដែល​ក្រុមគ្រូពេទ្យ​ខ្មែរ​អាច​វះកាត់​ជំងឺ​បេះដូង​បាន​ដោយ​ជោគជ័យ ។ រាល់​ឆ្នាំ​តែងតែមាន​ក្រុមគ្រូពេទ្យ​បរទេស​ពី​ប្រទេស​ស្វី​ស ពី​បារាំង តែង​មកជួយ​បង្រៀន និង​ចូលរួម​វះកាត់ ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វីដ ១៩ អត់​មាន​បេស​សកម្ម​បរទេស​មក​មកទៀតទេ​។

លោក​ថា​៖« ក្នុង​រយៈពេល ១០​ឆ្នាំ​មកនេះ ទើបតែ​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១ អត់​មាន​បេស​សកម្ម​បរទេស​មក​ទេ ហើយ​វេជ្ជៈបណ្ឌិត​ខ្មែរ​យើង​បានធ្វើ​ការវះកាត់ នេះ​ជា​សមិទ្ធិផល​ធំធេង​មួយ ដែល​ខ្មែរ​អាចធ្វើ​បាន »​។

លោក​ឱ្យដឹង​ដែរ​ថា ក្នុង​មួយថ្ងៃ​មាន​កុមារ​វះ​កាត់​ជំងឺ​បេះដូង​ចន្លោះ​ពី ២​ទៅ​៣​ករណី​ឯណោះ​។

លោក​ថា​៖«​កុមារ​ដែលមាន​បញ្ហា​បេះដូង​ពី​កំណើត​មាន​ច្រើន ហើយ​អត់​មានលទ្ធភាព​វះកាត់ ព្រោះ​ករណីនេះ​ថ្លៃ​ណាស់ ត្រូវការ​សម្ភារៈ គ្រូពេទ្យ​ឯកទេស អូ​ច្នេះ Dr. Beat Richner បាន​បើក​ការវះកាត់​ជំងឺ​បេះដូង​តាំងពី​ឆ្នាំ ២០១១​មក ដើម្បី​ជួយ​វះកាត់​ដោយ​ឥតគិតថ្លៃ ហើយ​ក្នង​មួយ​វះកាត់​បេះដូង មាន​២​ទៅ ៣ ករណី​» ។​

បើតាម​លោក យ៉ៃ ចន្ទ​នា ក្នុងករណី​កុមារ​មាន​បញ្ហា​បេះដូង​ធូរស្រាល​អាច​វះកាត់​នៅ​ភ្នំពេញ ប៉ុន្តែ​ក្នុងករណី​ធ្ងន់ធ្ងរ​គឺ​បញ្ជូនមក​វះកាត់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។

លោក​ថា​៖« ករណី​លំបាក ករណី​ស្មុកស្មាញ​គឺ​វះកាត់​នៅ​សៀមរាប បេះដូង​ខ្លះ​ខូច​ពី​កំណើត ដល់​ទៅ ៥​កន្លែង​ដែល​ស្មុគស្មាញ ហើយ​វះ​គាត់​ម្តង​ហើយ​ម្តងទៀត វា​មាន​ដំណាក់កាល មិនអាច​ធ្វើការ​វះកាត់​ម្តង​ហើយ​ចប់​ទេ​»​។ «​បើ​ករណី​ធូរស្រាល អាច​វះកាត់​នៅ​ភ្នំពេញ​បាន តែបើ​ស្មុគស្មាញ​វះកាត់​នៅ​សៀមរាប ហើយ​រាល់​ការវះកាត់​មិនដែល​យកប្រាក់​ទេ​»​។​

ទន្ទឹមនេះដែរ លោក​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នៅ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ឱ្យមាន​និរន្ត​ភាព​ដំណើរ​រការ​មកដល់​ស​ព្វ​ថ្ងៃ ទោះបី​អវិជ្ជមាន​ស្ថាបនិក Dr. Beat Richner​។

​សូម​ជម្រាប​ផងដែរ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​០៥​ទីតាំង បានផ្ដល់​សេវា​ពិនិត្យ ព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​រាប់ម៉ឺន​នាក់​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​ការចំណាយ​ថវិកា​ប្រមាណ​ពី ៤៥​លាន ទៅ ៥០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​។ ថវិកា​ចំណាយ​ទាំងនេះ ទទួលបាន​ពី​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ រួមមាន មូលនិធិ​គន្ធបុប្ផា​ស្វី​ស ឬ​មូលនិធិ​គន្ធបុប្ផា Dr. Beat Richner និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា​៕

វីដេអូ៖