
សកម្មភាពដឹកជញ្ជូនស្រូវចេញទៅវៀតណាម នៅច្រករបៀងព្រែកអន្សា នៃស្រុកបន្ទាយមាស ខេត្តកំពត កាលពីឆ្នាំ ២០២០។ រូបថត មន្ទីរកសិកម្មខេត្តកំពត
ភ្នំពេញៈ ប្រជាពលរដ្ឋនិងអាជីវករទិញស្រូវប្រមាណជាង ៤០០ នាក់ បានផ្តិតមេដៃស្នើសុំអភិបាលខេត្តកំពត លោក ម៉ៅ ធនិន្ទ ជួយធ្វើការសម្របសម្រួល បើកច្រករបៀងព្រែកអន្សា ស្ថិតនៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រមូលផលស្រូវ និងលក់ទៅប្រទេសវៀតណាម ដែលអាចបានតម្លៃជិត ៩០០ រៀលក្នុង ១ គីឡូក្រាម ខណៈបច្ចុប្បន្ន តម្លៃស្រូវលក់បានត្រឹមតែជាង ៧០០ រៀល។
លោក ហ៊ូ ណាត ថៅកែស្រូវនៅព្រែកអន្សា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ វិច្ឆិកាថា បច្ចុប្បន្នទាំងអ្នករកស៊ីទិញស្រូវ ក៏ដូចជា ប្រជាពលរដ្ឋកំពុងនាំគ្នាផ្តិតមេដៃបានចំនួន ៤១៦ នាក់ និងត្រៀមដាក់ជូន លោក ម៉ៅ ធនិន្ទ ឱ្យជួយសម្របសម្រួល និងដោះស្រាយ បើកច្រកព្រែកអន្សា នៅអំឡុងសប្តាហ៍នេះ ។
លោកបន្តថា ប្រជាពលរដ្ឋ និងអាជីវករ ដែលនាំគ្នាផ្តិតមេដៃនេះ មកពីស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។ ព្រោះច្រកព្រែកអន្សាត្រូវបានបើកដំណើរការរហូតមក។ ប៉ុន្តែច្រកនេះបានចាប់ផ្ដើមបិទនៅពេលមានការផ្ទុះជំងឺកូវីដ ១៩ ដែលបានធ្វើឱ្យប្រជាជន និងអាជីវករមានផលលំបាកជាច្រើន ដូចជា ស្រូវបានផលមកលក់បានតម្លៃទាប។ ព្រោះយកទៅលក់នៅកន្លែងឆ្ងាយពេក និងពិបាកក្នុងការលក់ដូរ។ ប្រជាជនពុំសូវមានការងារធ្វើ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋ បើផ្តិតមេដៃវិញ រាប់ពាន់នាក់ ស្នើសុំឱ្យមានការបើកច្រកព្រែកអន្សានេះឡើងវិញ។ តែនេះ ជ្រើសរើសយកមនុស្ស[មួយ]ចំនួននៅតាមឃុំប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះស្រូវដឹកទៅកាន់ច្រកតន់ហន់ ដែលស្ថិតនៅឃុំព្រែកក្រឹស ស្រុកំពង់ត្រាច ខេត្តកំពត។ ទីនោះមានការបង់ពន្ធ១តោនប្រហែល ៥០ ០០០ រៀល ធ្វើឱ្យស្រូវរបស់ប្រជាជនធ្លាក់ថ្លៃ ពិបាកលក់ដូរ មានការបង់ពន្ធថ្លៃពេក។ ចំពោះកម្មករខ្មែរ អត់ការងារធ្វើច្រើនៗ»។
លោកស្រី តូយ ស្រីល័ក្ខ កសិករនៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដែលបានចូលរួមផ្តិតមេដៃដែរនោះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ វិច្ឆិកាថា ការស្នើសុំឱ្យមានការបើកច្រកព្រែកអន្សាឡើងវិញ ព្រោះមានភាពងាយស្រួលដល់កសិករដឹកស្រូវយកទៅលក់នៅទីកន្លែងជិត និងបានថ្លៃ។ នៅពេលដឹកស្រូវយកទៅទីឆ្ងាយ ដូចជានៅច្រកតន់ហន់ បានធ្វើឱ្យតម្លៃស្រូវចុះថោក និងគេយកក្បាលកាក់ទៀត កាន់តែធ្វើឱ្យកសិករ និងអាជីវករ មិនទទួលបានផលចំណេញទេ។ ប៉ុន្តែ បើច្រកនៅជិត កសិករលក់បានតម្លៃថ្លៃ ព្រោះឈ្មួញស្រួលដឹកចេញ។
លោកស្រីនិយាយថា៖ «ឥឡូវ កសិករពិបាកច្រើនណាស់ ប៉ុន្តែបើគេបើកច្រកព្រែកអន្សានេះ តម្លៃស្រូវ វាចូលជិត ៩០០ រៀល ក្នុង ១ គីឡូ ហើយបច្ចុប្បននេះ បានតែជា ៧០០ រៀល ក្នុង ១ គីឡូ។ អ៊ីចឹងហើយ បានជាប្រពលរដ្ឋនៅទីនេះទាំងអស់ចង់ឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលបើកច្រកព្រែកអន្សានេះឡើងវិញ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត និងលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ។
លោក មួង នឿន អភិបាលស្រុកបន្ទាយមាសថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានពីការផ្តិតមេដៃស្នើសុំទៅលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ឱ្យមានការសម្របសម្រួលបើកច្រកព្រែកអន្សានេះទេ។ ប៉ុន្តែ បើពលរដ្ឋ និងកសិករ ស្នើសុំបែបនេះ ទុកឱ្យលោកអភិបាលខេត្ត ជាអ្នកដោះស្រាយ លោកមិនមានសិទ្ធិទេ។ ចំពោះការបិទច្រកព្រែកអន្សា គឺខាងភាគីវៀតណាមបានសម្រេចបិទអស់រយៈពេលជាច្រើនខែមកហើយ ពោលគឺ កាលពីអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ខ្លាំងនៅប្រទេសកម្ពុជា ដើម្បីការពារកុំឱ្យមានការរាលដាលចូលទៅក្នុងប្រទេសរបស់គេ។
លោកថ្លែងថា៖« ខាងវៀតណាមគេបិទ ដើម្បីការពារជំងឺកូវីដ ១៩ ចូលទៅក្នុងប្រទេសគេ ព្រោះច្រកនេះ ជាច្រកខុសច្បាប់។ ខាងយើងអត់មានបិទទេ»។
បើតាមលោក មួង នឿន ពាក់ព័ន្ធនឹងតម្លៃស្រូវវិញ លក់ក្នុងតម្លៃទីផ្សារដែលធ្លាក់កន្លងមកនេះ និងនៅតែមានទីផ្សារ ឱ្យតែប្រជាពលរដ្ឋមានស្រូវលក់។ មិនមែនមានន័យថា ភាគីវៀតណាមបិទច្រកព្រែកអន្សានេះ ហើយប្រជាពលរដ្ឋធ្វើស្រែប្រមូលផលរួចហើយ លក់មិនចេញនោះទេ។
លោកបន្តថា តម្លៃស្រូវនាពេលបច្ចុប្បន្ន គឺជាង ៧០០ រៀល ក្នុង ១ គីឡូ ហើយមានឈ្មួញចុះទៅទិញដល់វាលស្រែរបស់ពួកគាត់។ ប៉ុន្តែ ប្រជាពលរដ្ឋ ចង់លក់ក្នុងតម្លៃ ជាង ៨០០ រៀល ទៅ៩០០ រៀល ក្នុង ១ គីឡូ ហើយមានឈ្មួញចុះទៅទិញដល់វាលស្រែរបស់ពួកគាត់ដែរ៕
វីដេអូ៖