ភ្នំពេញៈ សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស៊ើប​អង្កេត ករណី​និស្សិត​ម្នាក់​ត្រូវ​ជនដៃដល់​មួយ​ក្រុម​កាប់​ បណ្តាល​ឱ្យស្លាប់​ នៅខាងមុខ​វត្ត​ចាស់​ក្នុងភូមិ​សាស្ត្រ​សង្កាត់-ខណ្ឌ​ជ្រោយចង្វា​រ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ប្រមាណ ​២ រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី ២១ វិច្ឆិកា​។

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​បាល​រាជធានី​ភ្នំពេញ​ ប្រាប់​នៅ​ថ្ងៃទី ២១ វិច្ឆិកា​ថា​ អំពើ​ឃាតកម្ម​ លើ​និស្សិត​រងគ្រោះ​ឈ្មោះ ស៊ិន ខុន នេះ​ សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ និង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កំពុងបើក​ការស៊ើបអង្កេត​ស្រាវជ្រាវ។

លោក​ថ្លែងថា៖ «ប៉ុន្តែ​សមត្ថកិច្ច មិនទាន់​កំណត់ថា​ ជា​ករណី​អ្វី​នោះទេ ដែល​អាចជា​ជម្លោះ​ គំនុំ​ ឬ​យ៉ាងណា​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្រាវជ្រាវ​ស៊ើប​ប​អង្កេត​នៅឡើយ»។

លោក ចាន់ ប៊ុនធឿន នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ជ្រោយចង្វារ​ ឱ្យដឹង​នៅ​ថ្ងៃទី ២១ វិច្ឆិកា​ថា​ ជនរងគ្រោះ​ឈ្មោះ ស៊ិន ខុន រស់នៅ​ភូមិ​ចេក ឃុំចំប៉ា ស្រុកកោះអណ្តែត ខេត្តតាកែវ។

​កាលពី​វេលា​ម៉ោង​ប្រមាណ​ ២ រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី ២១ វិច្ឆិកា​ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​​ប្រាប់​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រោយចង្វា​រថា ​មាន​ករណី​ហិង្សា​កាប់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់។

ភ្លាមៗនោះ​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ចុះ​​ទៅ​ដល់​កន្លែងកើតហេតុ។ បន្ទាប់មក​មន្ត្រី​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានធ្វើ​កោសល្យវិច័យ​ពិនិត្យ​ឃើញថា​ ជនរងគ្រោះ​មាន​ស្នាម​កាប់​ត្រូវ ក​ពីក្រោយ​ចំនួន ១ កាំបិត ត្រូវ​ខ្នង​ចំនួន ២ កាំបិត និង​ត្រូវ​ភ្លៅ​ខាង​ស្តាំ ១ កាំបិត​ទៀត។

លោក​បន្តថា​ បន្ទាប់ពី​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ ​លើ​សាកសព​រួចមក​ សមត្ថ​កិច្ច​ក៏​បន្ត​រកឃើញ​កាំបិត​ផ្កាក់​ចំនួន ១ ដើម​ មាន​ប្រឡាក់​ឈាម​ ដែល​ជនល្មើស​លាក់​នៅក្បែរ​ចេ​តិយមួយ ​នៅក្នុង​បរិវេណ​វត្ត​ចាស់​ដែល​សមត្ថកិច្ច​ដាក់​ការសន្និដ្ឋាន និង​សង្ស័យថា​ អាចជា​វត្ថុតាង​ដែល​ជនល្មើស​កាប់​ជនរងគ្រោះ។

កាំបិត​ផ្កាក់​នោះ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក ​ដើម្បី​ធ្វើ​កោសល្យវិច័យ​បន្តទៀត។

លោក​ប្រាប់ថា៖ «ខ្ញុំ​សង្ស័យថា ​អាចជា​រឿង​គំនុំ​ទេ​ ទើបបានជា​ឈានទៅ​បង្កហេតុ​ដូច្នេះ។ រឿងនេះ​ មិនទាន់​ដឹង​ទេ​យើង​នៅ​បន្ត​ស្រាវជ្រាវ​ទៀត។ ដូចជា​សាកសួរ​នៅ​ជុំវិញ​កន្លែងកើតហេតុ​ ដើម្បី​ប្រមូល​ព័ត៌មាន​ទើប​យើង​សន្និដ្ឋាន​ដឹង »។

​លោក ​ចាន់ ប៊ុនធឿន​ មិនបាន​ប្រាប់​លម្អិត​​ពីករណី​នៃការ​កាប់​សម្លាប់​នេះ​ទេ​ ប៉ុន្តែ​បើតាម​នគរ​បាន​ខណ្ឌ​ជ្រោយចង្វា​រមួយរូប​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២១ វិច្ឆិកា​ តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា​ មុន​ពេល​​កើតហេតុ​​វេលា​ម៉ោង​​ជិត ២ រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី ២១ វិច្ឆិកា ​គេ​បានឃើញ​ជនរងគ្រោះ​អង្គុយ​ហូប​អាហារ​នៅមុខ​វត្ត​ចាស់។

ខណៈ​កំពុង​អង្គុយ​ស្រាប់​តែមាន​មនុស្ស​មួយក្រុម​ បានមក​វាយ និង​កាប់​បុរសរងគ្រោះ​បង្កឱ្យមាន​ឈាម​ពេញ​ខ្លួន។ បន្ទាប់មក​ក្រុម​ជនសង្ស័យ​ នាំគ្នា​រត់គេចខ្លួន​អស់ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​។

មន្ត្រី​​រូប​នេះ​បន្តថា៖ «ករណីនេះ​សមត្ថកិច្ច​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុង​ការរុករក​មូលហេតុ​ពិត​នៃ​រឿង​នេះហើយ។​នៅថ្ងៃនេះ (ថ្ងៃទី ២១ វិច្ឆិកា) ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​នៅ​វត្ត​ចាស់​តែម្តង»៕

វីដេអូ៖