ត្បូងឃ្មុំៈ ប្រជាពលរដ្ឋ​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ​បាន​និយាយថា «​កាស៊ីណូ​ភូមិ​យើង​»​ ដែលមាន​ទីតាំងនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ បានចាប់ផ្ដើម​បើកទ្វារ​ទទួល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចូល​លែង​ល្បែងភ្នាល់​ប្រជល់មាន់​ឡើងវិញ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បដិសេធ​។

លោក គឹម សារី អាយ ​៥៦ ​ឆ្នាំ ដែល​អះអាងថា​មាន​ទីលំនៅ​ប្រមាណ​ជាង ​៣០០ ​ម៉ែត្រ​ពី​ «​កាស៊ីណូ​ភូមិ​យើង​» បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែ វិច្ឆិកា ឆ្នាំ ​២០២១​ ថា បច្ចុប្បន្ន​កាស៊ីណូ​នេះ បានចាប់ផ្ដើម​លួច​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ញៀន​ល្បែងភ្នាល់​ប្រជល់មាន់ នាំយក​មាន់​ទៅ​ជល់​នៅក្នុង​សង្វៀន​របស់​កាស៊ីណូ​នេះ​ដោយ​មិន​ខ្វល់​ពី​បម្រាម​របស់​ក្រសួងសុខាភិបាល​ឡើយ​។​

លោក ​សារី បាន​និយាយថា​៖ «​កាលពី​ថ្ងៃទី​ ១ ​នៃ​ពិធី​បុណ្យអុំទូក កូនប្រុស​ខ្ញុំ​ ២ ​នាក់ បាន​ទៅលេង​ជល់​មាន់នៅ​ទីនោះ ហើយ​ពួកវា​បាន​ចាញ់​លក់​អស់​ម៉ូតូ​មួយគ្រឿង​»​។

លោក ​សារី បាន​បន្តថា​៖ «​នៅពេលនេះ ខ្ញុំ​បារម្ភ​ខ្លាច​កូនៗ​ខ្ញុំ​វាវ​ក់​នឹង​ល្បែង​ភ្លេច​ការងារ អស់​លុយកាក់​ហើយនឹង​ឆ្លង​ជំងឺ​កូ​វីដ ​១៩ ចឹ​ង​ទេ សូម​ឲ្យ​អាជ្ញាធរ​ចុះទៅពិនិត្យ និង ហាមឃាត់​ម្ចាស់​កាស៊ីណូ​នោះ កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ទៀត​»​។​

ស្រដៀង​គ្នា​នេះ លោក បន ហុន មេភូមិ​អន្លង់​ជ្រៃ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា «​កាស៊ីណូ​ភូមិ​យើង​» នោះបាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ជល់​មាន់ ចាក់​អាប៉ោង បៀ និង​ល្បែងភ្នាល់​ផ្សេងៗ​ទៀត​។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​មិនដឹងថា​តើ​កាស៊ីណូ​ផ្សេងទៀត​មាន​បើក​ល្បែង​ជល់​មាន់ ហើយ​បើក​ឲ្យ​អ្នកភូមិ​នាំ​មាន់​យកទៅ​ជល់​ភ្នាល់​គ្នា​រាប់សិប​ម៉ឺន​ក្នុង​ ១ ​គូៗ​កាស៊ីណូ​ភូមិ​យើង​ហ្នឹង​ដែរ ​ឬ​យ៉ាងណា​? បើ​យ៉ាងនេះ​ពលរដ្ឋ​ខ្មែរ​យើង​វក់​នឹង​ល្បែង​ងើបមុខ​មិន​រួច​ទេ​»​។

បើតាម​លោក ហុន នៅ​ទល់មុខ​ «​កាស៊ីណូ​ភូមិ​យើង​»​ នោះ មាន​ប៉ុស្តិ៍នគរបាល​មួយ​ប៉ុន្តែ​មិនឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចុះ​ត្រួតពិនិត្យ ​ឬ​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ចូល​លេង​នោះទេ​។​

ជុំវិញ​ករណីនេះ លោក អាំ សុផល អធិការ​ង​ស្រុក​ពញាក្រែក មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។ ទោះយ៉ាងណា លោក ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​ហើយ ប៉ុន្តែ​ពុំមាន​ករណី​នោះទេ​។​

លោក មាគ៌ា បាន​បញ្ជាក់ថា​៖ «​ថ្មីៗ​នេះ​ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​រដ្ឋបាល​នៅក្នុង​កាស៊ីណូ​នេះ ប៉ុន្តែ​រក​មិនឃើញ​មាន​ករណី​ដូចជា​ការអះអាង​របស់​អ្នកភូមិ​ឡើយ​»​។​

ទោះយ៉ាងណា​អ្វីដែល​អ្នកភូមិ​បានលើកឡើង ក្រុម​សមត្ថកិច្ច​ជំនាញ​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត​។ ក្នុងករណី​រកឃើញ​មាន​ប្រព្រឹត្ត​ខុស​ទៅនឹង​បទដ្ឋាន​ច្បាប់​ណាមួយ ឬមិន​អនុវត្តតាម​វិធាន​សុខាភិបាល​ស្ដីពី​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ នោះ «​សមត្ថកិច្ច​យើង​នឹង​ចាត់វិធានការ​តាមច្បាប់​រដ្ឋបាល ដោយ​គ្មាន​ការលើកលែង​»​។​

ដោយឡែក នៅឯ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រុម​អ្នក​វក់​នឹង​ល្បែងស៊ីសង​ជល់​មាន់​ ៨ ​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកទៅ​សួរនាំ ​និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ក្រោយពី​បាន​ប្រមូល​ផ្ដុំគ្នា​ភ្នាល់​ជល់​មាន់​នៅក្បែរ​មាត់បឹង​មួយកន្លែង ក្នុងភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ​២០ ខែ វិច្ឆិកា ឆ្នាំ​ ២០២១។​

លោក ឃុ​ត សុផល​ អធិការនគរបាល​ស្រុក​សំរោង​ទង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រៅពី​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ប្រជល់​មាន់បាន​ ៨​ នាក់ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​មាន់​ជល់​ចំនួន​ ៨ ​ក្បាល​ជញ្ជីង​ចំនួន​ ១ ខ្នាយ​ដែក​ចំនួន​ ១​ គូ កន្ត្រក​សម្រាប់​ដាក់​មាន់​ចំនួន​ ៩ ​ស្កុ​ត សម្រាប់​រុំ​ជើងមាន់​មួយចំនួន ស្បែកជើង​ចំនួន​ ១៤ ​គូ លុយ​រៀល​ប្រមាណ​ ៦,៥​ លាន​រៀល លុយ​ដុល្លារ​ចំនួន ​២៣០​ ដុល្លារ លុយ​ថៃ​ចំនួន​ ១ ០០០ ​បាត​។​

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ២១ វិច្ឆិកា ​ឆ្នាំ​ ២០២១ ​នេះ​ សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ពួកគេ​ទាំង​ ៨​ នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»៕