ភ្នំពេញៈ នគរបាល​ក្រសួង​មហាផ្ទៃ ​គ្រោង​បញ្ជូន​បុរស​ជនជាតិ​ចិន​៣នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី ២២​ វិច្ឆិកា​ ក្រោយ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៨ ​វិច្ឆិកា ​ពាក់ព័ន្ធ​ការបង្ខាំង​ជនជាតិ​ថៃ​ចំនួន​ ៩៩ នាក់ ​ដើម្បី​ជម្រិត​ទារប្រាក់​ បន្ទាប់ពី​ត្រូវបាន​មេ​ខ្យល់​បោក​ពួកគេ​មក​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​លក់​ផលិតផល​តាម​អនឡាញ​ចិន​មួយ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃ​ទី ២១​ វិច្ឆិកា​ថា ​ជនជាតិ​ចិន​ចំនួន​ ៣ នាក់​ នឹង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ២២​ វិច្ឆិកា។ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ក្នុង​ចំណោម​ជនជាតិ​ចិន​ចំនួន​ ៧៧ នាក់។

លោក​ថ្លែងថា​៖ «ចំពោះ​នីតិវិធី​ គឺ​បងប្អូន​យើង ​(សមត្ថកិច្ច​ជំនាញ)​ អាច​ធ្វើ​ចប់​ល្ងាច​នេះ ​(ថ្ងៃ​ទី ២១​ វិច្ឆិកា) ​ហើយ​អាច​ថ្ងៃ​ស្អែក​ព្រឹក​បញ្ជូន​ទៅ​តុលាការ​ហើយ»។

លោក​ឧត្តមសេនីយ៍ឯក​បញ្ជាក់ថា ​កាលពី​ថ្ងៃ​ទី ១៨ ​វិច្ឆិកា ​ឆ្នាំ ២០២១ ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ​បានធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​នៅ​ក្នុង​ផ្ទះ១​ក្នុង​ខណ្ឌសែន ​សុខ​ រាជធានី​ភ្នំពេញ។ ក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​រំដោះ​ជនជាតិ​ថៃ​បាន​សរុប ​៩៩ នាក់។ ក៏ប៉ុន្តែ​ជនជាតិ​ថៃ​ទាំងនោះ​សុទ្ធតែ​ចូល​មក​ប្រទេស​កម្ពុជា ​ដើម្បី​បំពេញ​ការងារ​ដោយ​ខុស​ច្បាប់។ ហេតុ​ដូច្នេះ​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​បញ្ជូន​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា។

លោក​បន្តថា ​ចំពោះ​ជនជាតិ​ចិន​ចំនួន​ ៧៧ នាក់​ ក្នុង​នោះ​មាន​ចំនួន​ ៣ នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ការបង្ខាំង​មនុស្ស។​ ចំណែក​ជន​ជាតិ​ចិន​ចំនួន​ ៧៤ នាក់​ មិន​ពាក់ព័ន្ធ​នឹង​បទល្មើស ​សមត្ថកិច្ច​ជំនាញ​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​បំពេញ​ការងារ​ជាធម្មតា​វិញ។ ​ដោយ​ឡែក​ក្រុមហ៊ុន​ដែល​ជនជាតិ​ចិន​ធ្វើការ​នោះ ​គឺជា​ក្រុមហ៊ុន​អាជីវកម្ម​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អនឡាញ។

ពាក់ព័ន្ធ​ករណី​នេះ ​លោក ​ខៀវ កញ្ញារិទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បានសរសេរ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ថា ​អ្នក​នៅ​ស្រុក​ខ្មែរ​មាន​មេខ្យល់​បបួល​ទៅ​ធ្វើការ​នៅ​ថៃ។ ឯ​នៅថៃ​មាន​មេខ្យល់​បបួល​មក​ធ្វើការ​នៅ​ខ្មែរ។

លោក​បន្តថា​៖ «នគរបាល​ខ្មែរ​បានរំដោះ​ជនជាតិ​ថៃ ​ចំនួន​ ៩៩ នាក់ ​ដែល​គេ​យក​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ ​ដោយ​ខុសច្បាប់​ហើយ​ឃុំឃាំង​ពួកគេ​នៅ​ក្នុង​អគារ​មួយ​កន្លែង»៕

វីដេអូ៖