ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​ការគ្រប់គ្រង​ទុកដាក់​សំរាម​នៅតាម​ទីសាធារណៈ និង​ទីរមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​រយៈពេល​ ៣ ថ្ងៃ ប៉ុន្តែ​ការចោល​សំរាម​ផ្តេសផ្តាស់​នៅតែមាន​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ វិច្ឆិកា​ថា​៖ «​យើង​មិនទាន់មាន​តួលេខ​ជា​រួម​ទាក់ទង​នឹង​សំរាម​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ៣ ​ថ្ងៃ​នោះទេ គ្រាន់​ជា​ការវាយតម្លៃ​ជារួម​ដែល​យើង​ទទួលបាន​ពី​តំបន់ និង​ខេត្ត​នានា គឺ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​គឺ​គ្រប់គ្រង​បានល្អ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ចូលរួម​ក្នុង​ការសម្អាត​ផងដែរ​»​។

ជាមួយ​នឹង​ការវាយតម្លៃ​ខ្ពស់​នេះ​លោក​ក៏​បាន​លើកឡើងថា ការគ្រប់គ្រង​សំរាម​នៅតាម​តំបន់ និង​ទីរមណីយដ្ឋាន​នានា​ដែល​ទទួលបាន​លទ្ធផល​ល្អ​ជាង​មុន​ក៏​ព្រោះ​មាន​ការចូលរួម​ពី​ទីភ្នាក់ងារ​របស់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រាប់​ប្រចាំការ ដើម្បី​គ្រប់គ្រង​ការ​ទុកដាក់​សំរាម ខណៈ​ពលរដ្ឋ​ក៏​បាន​ចូលរួម​បាន​យ៉ាង​ល្អ​ផងដែរ​។

យ៉ាងណាក្តី​លោក នេត្រ ភក្ត្រា អះអាង​ថា ទោះ​ក្នុងពេល​ ៣ ​ថ្ងៃនេះ​នៅ​តាម​តំបន់ និង​រមណីយដ្ឋាន​នានា មាន​លក្ខណៈ​ល្អប្រសើរ ប៉ុន្តែ​ក៏​នៅមាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច បាន​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ និង​ចោល​សំរាម​ពាសវាល​ពាសកាល​ដដែល​។

កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ក្រសួង​បរិស្ថាន​បាន​ផ្សព្វផ្សាយ​វីដេអូ​អប់រំ​ខ្លី​មួយ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រៀបចំ​ដំណើរ​កម្សាន្ត​ដោយ​គ្មាន​ប្រើប្រាស់​ប្លាស្ទិក ដោយ​ក្នុង​នោះ​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ទម្លាប់​ថ្មី​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ដែល​អាច​ប្រើប្រាស់​បាន​ច្រើនដង ជំនួស​ឱ្យ​ការប្រើ​ប្លាស្ទិក​វិញ​។

តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​បុណ្យអុំទូក មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​ជាង​ ៩០ ​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៨៩៩ ៨៦៩ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១០ ២៨១ ​នាក់ ខណៈ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ភ្ញៀវទេសចរ​ច្រើនជាងគេ​។

លោក​ ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី ដែល​ជា​ស្រុក​គំរូ​មួយ​ក្នុង​ការគ្រប់គ្រង​សំរាម នៅ​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ វិច្ឆិកា​ថា ការដែល​ចំនួន​ភ្ញៀវទេសចរ​មាន​ការកើនឡើង​បែបនេះ​ហើយ​បាន​ធ្វើឱ្យ​ស្រុក​បន្ទាយស្រី​ក្នុង​រយៈពេល​ ៣ ​ថ្ងៃនេះ គឺ​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ វិច្ឆិកា សំរាម​មាន​ការកើនឡើង​ ៣ ​ដង​។ ការកើនឡើង​នៃ​ចំនួន​សំរាម​នេះ គឺ​ដោយសារ​តែ​មាន​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​មាន​ចំនួន​ច្រើន​បាន​មក​កម្សាន្ត​នៅក្នុង​ស្រុក ខណៈ​ថ្ងៃ​ធម្មតា សំរាម​ដែល​ប្រមូល​ជាទូទៅ​មាន​ប្រមាណ ១០ តោន​ក្នុង ១ ​ថ្ងៃៗ​។

យ៉ាងណា លោក ឃឹម ហ្វីណង់ បញ្ជាក់ថា បើទោះជា​ចំនួន​សំរាម​មាន​ការកើនឡើង ប៉ុន្តែ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត គឺ​បាន​ចូលរួម​ទុកដាក់​សំរាម​បានល្អ​ជាង​មុន ខណៈ​ភ្ញៀវ​ទេសចរ ភាគតិច​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល និង​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។

លោក​បន្តថា​៖ «​សម្រាប់​ខ្ញុំ សំរាម​ដែល​នៅ​រាយប៉ាយ​ដូច​ពីមុនៗ គឺមាន​ការថយចុះ​ជាង​ពីមុន​ច្រើន ដោយសារតែ​តំបន់​យើង​ជា​តំបន់​ដែល​ស្អាត​ស្រាប់​ផង ហើយ​ណាមួយ យើង​មាន​កម្មករ​របស់​សហគមន៍​រង់ចាំ ដើម្បី​សម្អាត ព្រោះ​បើ​មិនមាន​អ្នក​ចាំ​សម្អាត​នោះទេ គឺ​កន្លែង​ដែល​ស្អាត​នឹង​ក្លាយជា​កន្លែង​កខ្វក់ ហើយ​វា​នឹងធ្វើ​ឱ្យ​អ្នកដំណើរ​គិតថា កន្លែង​ទាំង​ហ្នឹង គឺ​កន្លែង​ចោល​សំរាម​»​។

លោក ឃឹម ហ្វីណង់ នៅតែ​ទទូច​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​សូម​ចូលរួម​វេចខ្ចប់​សំរាម​ដែល​ខ្លួន​បាន​ប្រើប្រាស់​រួច និង​នាំយក​ទៅ​ចោល​នៅ​កន្លែង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ដោយ​កុំ​ទុកចោល​ពាសវាល​ពាសកាល ដែល​ធ្វើឱ្យប៉ះពាល់​បរិស្ថាន និង​សុខភាព ជាពិសេស​ធ្វើឱ្យប៉ះពាល់​ដល់ទី​រមណីយដ្ឋាន​កម្សាន្ត​នានា​ទៀតផង​។

បើតាម​របាយការណ៍រ​បស់​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា​បរិមាណ​សំរាម​សរុប​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង ១ ថ្ងៃៗ​មាន​ជាង​ ១ ​ម៉ឺន​តោន​ដែល​បើ​គិត​សរុប​គឺ​ស្មើនឹង​ជិត ៤ លាន​តោន​ក្នុង ១ ​ឆ្នាំ ហើយ​សំរាម​ទាំងនោះ​ ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​៕