បន្ទាយមានជ័យៈ ជនជាតិ​ថៃ និង​បក្ខពួក​ចំនួន​ ១៥ ​នាក់​ត្រូវបាន​ចាប់ខ្លួន និង​សមត្ថកិច្ច​ ៣ ​នាក់​រងរបួស ក្រោយពី​ការបង្ក្រាប​ទៅលើ​មនុស្ស​ ២ ​ក្រុម​ដែល​បាន​បង្ក​អំពើហិង្សា នៅ​ម៉ោង​ ១២:០៥ ​នាទី ឈានចូល​ថ្ងៃទី​ ២១ ខែវិច្ឆិកា នៅក្នុង​កន្លែង​ផឹកស៊ី នៅក្នុង​ហាង​មួយ​មាន​ឈ្មោះ កុងតឺន័រ​ទឹកពុះ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ យោងតាម​អាជ្ញាធរ​មូលដ្ឋាន​។

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដែល​បានគេច​ខ្លួន​។ ទោះយ៉ាងណា​លោក​មិន​បាន​ប្រាប់​ឱ្យដឹងពី​មូលហេតុ​ដែល​នាំឱ្យ​កើតមាន​អំពើហិង្សា​រហូត​ដល់​មាន​ការផ្ទុះអាវុធ​តតាំង​ជាមួយ​កម្លាំង​សមត្ថកិច្ច​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​សេចក្ដី​រាយការណ៍​បឋម​នៅក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច​យើង​ ៣ ​នាក់​រងរបួស ហើយ​ក្រុម​ជន​អន្ធពាល​ ១៥ ​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរចម្លើយ​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ខ្ញុំ​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅឡើយ​ទេ​»​។

លោក គាត ហ៊ុល បាន​អំពាវនាវ​ឱ្យកម្លាំង​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដោយ​មិន​ត្រូវឱ្យ​ជនពាក់ព័ន្ធ​ណា​ម្នាក់​រួចខ្លួន​ឡើយ​។

ជុំវិញ​ករណីនេះ លោក នួន នីណារ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​លោក បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ​តាម​ទូរស័ព្ទ​បានទេ កាលពី​ថ្ងៃអាទិត្យ​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ករណីនេះ លោក​ក៏​នៅ​មិនទាន់​ទទួល​បាន​សេចក្ដីរាយការណ៍​លម្អិត​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដែរ​។

លោក​ថ្លែងថា​៖ «​ព័ត៌មាន​ហ្នឹង ខ្ញុំ​បានឃើញ​គេ​ផ្សាយ​តាម Facebook និង Website ក្នុងស្រុក​មួយចំនួន​ថា សមត្ថកិច្ច​យើង​ ៣ ​នាក់​បាន​រងរបួស ក្នុង​នោះ​មាន​ម្នាក់​រងរបួស​ធ្ងន់ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ធ្លាយ​ពី​ថ្ពាល់​ម្ខាង​ទៅ​ម្ខាង ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ឈ្មោះ​អ្វីខ្លះ​នោះ ខ្ញុំ​ក៏​នៅ​មិនទាន់​ដឹង​ដែរ ព្រោះ​នៅពេល​នេះ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នៅ​មិនទាន់​រាយការណ៍​លម្អិត​មក​ខ្ញុំ​ដែរ​»​។

លោក អេង ហ៊ី បាន​និយាយថា យោងតាម​ព័ត៌មាន​បឋម​ពី​ថ្នាក់​ខេត្ត មុន​ពេល​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​ខេត្ត​បន្ទាយមានជ័យ​សម្រេចចិត្ត​ផ្ទុះអាវុធ​បង្ក្រាប​ក្រុម​ជន​អន្ធពាល​ជនជាតិ​ថៃ និង​បក្ខពួក​នាពេលនោះ គឺមាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប្រើ​អំពើហិង្សា​មួយ​បង្កឡើង​ដោយ​ជនជាតិ​ថៃ​ចំនួន​ ២ ​ក្រុម ដែល​បាន​ទៅ​ផឹកស៊ី​នៅក្នុង​ហាង​កុងតឺន័រ​ទឹកពុះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ នៅក្នុង​វិវាទ​នោះ គូទំនាស់​ទាំង​ ២ ​ក្រុម​បាន​យក​ដប​ស្រា​គប់​ដាក់គ្នា ហើយ​វាយ​ប្រតាយប្រតប់​គ្នា និង​ផ្ទុះអាវុធ​ដាក់គ្នា បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​បង្ក្រាប ហើយ​ក៏​ត្រូវ​ក្រុម​ជន​អន្ធពាល​បាញ់​ឱ្យ​ត្រូវ​របួសធ្ងន់-ស្រាល​ ៣ ​នាក់ ទើប​កម្លាំង​សមត្ថកិច្ច​បង្ខំចិត្ត​បំផ្ទុះ​អាវុធ​ឡើងលើ​ជាច្រើន​គ្រាប់ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​បង្ក្រាប​ចាប់​ក្រុម​ជន​អន្ធពាល​ទាំងនោះ​បាន​ ១៥ ​នាក់​៕