ភ្នំពេញៈ មនុស្ស​ចំនួន​ ៥ នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ដែល​ក្នុងនោះ​មាន ៣ ​នាក់ មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ និង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ជិត ៤០ ​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន​ ៤០ នាក់។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល នា​ព្រឹក​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ។

ក្រសួង​បាន​បង្ហាញ​ថា មនុស្ស​ចំនួន ​៣៧ នាក់​បន្ថែមទៀត​ បានរ​ក​ឃើញ​មាន​ឆ្លង​វីរុស​កូ​វីដ ១៩ ដែល​ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហ​គមន៍​មាន​ចំនួន ៣២ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ៥ នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ១១៩ ៩០៤ នាក់​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១១៦ ២៨៦ នាក់ និង​អ្នក​ស្លាប់បាន​កើន​ឡើង​រហូត​ដល់ ២ ៩០៥ នាក់​៕