កំពង់ចាមៈ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា ករណី​រំលោភ​សេពសន្ថវៈ ហើយ​សម្លាប់​យុវតី​ជា​សិស្សសាលា​ម្នាក់ បន្ទាប់ពី​ប្រព្រឹត្ត​បាន​ ២ ​ថ្ងៃ នៅ​ភូមិ​ ១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

លោកស្រី​ អៀម វណ្ណី ស្នងការរង​ទទួល​ផែនការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ២២ ខែវិច្ឆិកា ថា​ជនសង្ស័យ​ឈ្មោះ​ ម៉ាប់ កំសត់ អាយុ​ ១៦ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា ខណៈ​ដែល​ជនសង្ស័យ​ម្នាក់នេះ​ព្យាយាម​រត់គេចខ្លួន បន្ទាប់ពី​រូបគេ​ប្រព្រឹត្ត​បទល្មើស​រំលោភ​សម្លាប់​យុវតី​រងគ្រោះ​។

លោកស្រី​ថ្លែងថា​៖ «​រឿងនេះ​សមត្ថកិច្ច​យើង​ចាប់បាន​ម្នាក់ ប៉ុន្តែ​ខ្ញុំ​មិនទាន់​អាច​ប្រាប់​លម្អិត​បានទេ ព្រោះ​កម្លាំង​ជំនាញ​របស់​យើង​នៅ​បន្ត​ស្រាវជ្រាវ​បទល្មើស​នេះ​បន្ថែមទៀត​។ យើង​កំពុង​មមាញឹក​ធ្វើ​ការងារ​នេះ​»​។

លោក​ ប៉ែន ទៀងចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​ ២២ ខែវិច្ឆិកា ថា ជនសង្ស័យ​បាន​បង្ក​បទល្មើស​កាលពី​រសៀល​ថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ សាកសព​យុវតី​រងគ្រោះ​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​តាម​រកឃើញ​នៅក្នុង​ចម្ការពោត ដែល​ជា​ទីកន្លែង​ជនល្មើស​ប្រព្រឹត្ត បន្ទាប់ពី​ជនរងគ្រោះ​មិនឃើញ​វិល​ត្រឡប់​មកផ្ទះ​វិញ​ពេល​ចេញពី​សាលារៀន​។

លោក​ប្រាប់ថា​៖ «​ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ ខ្ញុំ​មិនទាន់​ប្រាប់​បានទេ​។ ព្រោះ​សមត្ថកិច្ច​យើង​នៅ​បន្ត​បេសកកម្ម​នេះ​ទៀត​។ ករណីនេះ​ស្ថិតក្នុង​ការស្រាវជ្រាវ​បន្តទៀត​»​។

ទោះយ៉ាងណា បើតាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចំការអណ្តូង​ ១ ​រូប​ដែល​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ២២ ខែវិច្ឆិកា ថា យុវតី​រងគ្រោះ​ឈ្មោះ ឌ.អ.ជ. អាយុ​ ១៦ ​ឆ្នាំ​បាន​ទៅ​សាលារៀន ប៉ុន្តែ​នាង​បាន​បាត់​មិនឃើញ​ត្រឡប់​មកផ្ទះ​វិញ​ដូច​សព្វដង​។ ដូច្នេះ​ទើប​ក្រុមគ្រួសារ​របស់​យុវតី​នាំគ្នា​ដើររក​រហូត​ប្រទះឃើញ​សាកសព​នៅក្នុង​ចម្ការពោត​ស្ថិត​ក្នុងភូមិ​ ១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ​។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​រហូតដល់​ខេត្ត​កំពង់ធំ​។

មន្ត្រី​ដដែល​នោះបាន​បញ្ជាក់ថា​៖ «​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​នៅឡើយ ដើម្បី​រក​អ្នកពាក់ព័ន្ធ​»៕

វីដេអូ៖