ភ្នំពេញៈ ថ្នាក់ដឹកនាំ​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ កំពុង​ត្រៀម​ជួបប្រជុំ​ពិភាក្សា​គ្នា​លើ​ការបើក​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ​នានា​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការចេញ-ចូល​របស់​ប្រជាពលរដ្ឋ និង​បើក​អាជីវកម្ម ក៏​ដូចជា​ការដឹកទំនិញ និង​ប្រកបរបរ​ឆ្លងកាត់​​ព្រំដែន​នៃ​ប្រជាជន​ប្រទេស​ទាំង​ ២​។

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ថ្លែង​នៅ​ថ្ងៃទី​ ២២ វិច្ឆិកា​ថា រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ខាងមុខនេះ​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ថៃ​ស្តីពី​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​មួយចំនួន​ទៀត​ ដើម្បី​សម្រួល​ដល់​ការចេញចូល​របស់​ប្រជាពលរដ្ឋ​ដូច​ធម្មតា​ឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​តាម​ផែនការ​នៃ​កិច្ចប្រជុំ​នេះ គឺ​យើង​ត្រៀម​ពិភាក្សា​គ្នា​ក្នុង​ការបើក​ច្រកចេញ-ចូល​ព្រំដែន​ជា​ប្រក្រតី​ឡើងវិញ​។ ​បើក​ច្រក​បណ្ដោះអាសន្ន​តាម​ច្រក​អន្តរជាតិ​ថ្មី​គឺ​ច្រក​ស្ទឹង​បត់​រួម​នឹង​ពិភាក្សា​គ្នា​លើ​ការការពារ​ការរត់ពន្ធ​គ្រឿងញៀន និង​​ជួញដូរ​មនុស្ស​ជាដើម​»​។

លោក​ សារី បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ភាគី​ថៃ​បាន​ស្នើសុំ​កម្ពុជា​ទៅ​ចូលរួម​ធ្វើ​នៅលើ​ទឹកដី​ប្រទេស​ថៃ​ស្ថិតក្នុង​ខេត្ត​ស្រះកែវ ដោយ​ផ្ដោត​សំខាន់​លើ​ការបើក​ច្រកចេញចូល​ព្រំដែន​ជា​ប្រក្រតី​ឡើងវិញ និង​ការស្នើ​របស់​ភាគី​ថៃ​ក្នុង​ការចុះ​មក​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ច្រក​អន្តរជាតិ​ថ្មី​ស្ទឹងបត់​ដែល​កំពុង​សាងសង់​។

លោក​បានឱ្យដឹងថា ការប្រជុំ​រៀបចំ​បើក​ច្រកព្រំដែន​កម្ពុជា-ថៃ​ឡើងវិញ​នេះ ក្រោយពី​ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ការធូរស្រាល និង​ប្រជាពលរដ្ឋ​នៅតាម​ខេត្ដ​ជាប់​ព្រំដែន​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ បាន ២-៣ ​ដូស​រួចហើយ​។

លោក​បាន​បន្ថែមថា បញ្ហា​ប្រឈម​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅ​បន្ត​ចាញ់បោក​មេខ្យល់​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេល​។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ក៏បាន​ឱ្យដឹង​ដែរ​ថា ទាក់ទង​នឹង​ការបើក​ច្រកព្រំដែន​កម្ពុជា-ថៃ​ឡើងវិញ​នេះ ភាគី​ទាំង​ ២ គឺមាន​បំណង​បើក​ដូចគ្នា ប៉ុន្ដែ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ​នៅ​​ប្រទេស​ថៃ​ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​កម្ពុជា ដូច្នេះ​ការបើក​ជា​ប្រក្រតី​ឡើងវិញ​ត្រូវ​រង់ចាំ​ការឯកភាព​គ្នា​ជាមុនសិន​។

លោក​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ខែមិថុនា ខេត្ដ​នៅជាប់​ព្រំដែន​កម្ពុជា-ថៃ​បាន​បើក​ឱ្យ​ចរាចរ​ទំនិញ​ចេញ-ចូល​ជាធម្មតា ប៉ុន្ដែ​ចំពោះ​ការបើក​ដំណើរការ​ចេញ-ចូល​របស់​ប្រជាពលរដ្ឋ​​ជាធម្មតា​ឡើងវិញ​គឺ​មិនទាន់​អនុញ្ញាត​នៅឡើយ​ទេ គឺ​រង់ចាំ​ការឯកភាព​ពី​រដ្ឋាភិបាល​ថៃ​សិន​»​។

លោក​បាន​បន្តថា​៖ «​ការបើក​ជាធម្មតា​ឡើងវិញ​ខាងយើង​បាន​ឯកភាព​ហើយ ដោយ​ទទួលបាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការបើក​ឡើង​​វិញ ប៉ុន្ដែ​ភាគី​ថៃ​នៅ​មិនទាន់​មាន​គោលការណ៍​នៅឡើយ​។ ដូច្នេះ​ជាធម្មតា​ប្រទេស​ជិតខាង​គ្នា​ទាល់តែ​មាន​ការឯកភាព​គ្នា​ទាំងសងខាង​»​។

លោក សឿម ប៊ុនរិទ្ធិ បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​ក៏​កំពុង​រង់ចាំ​ការស្នើសុំ​ប្រជុំ​ពី​ភាគី​ថៃ សម្រាប់​ការបើក​ដំណើរការ​ច្រកព្រំដែន​នានា​រវាង​ខេត្ត​ទាំង​ ២ ​ជា​ប្រក្រតី​ឡើងវិញ​ដែរ​។

ដោយឡែក​លោក សំឃិត វៀន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​បានឱ្យដឹង​ដែរ​ថា ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កោះកុង​បាន​បើក​ដំណើរការ​ចរាចរណ៍​ទំនិញ​ជាធម្មតា ប៉ុន្ដែ​ការបើក​ច្រក​ជា​ប្រក្រតី​ឡើងវិញ ភាគី​ទាំង​ ២ ​នៅ​​មិនទាន់​បាន​ពិភាក្សា​គ្នា​ទេ​។

លោក​ថ្លែងថា​៖ «​មកទល់​ពេល​នេះ យើង​មិនទាន់​បាន​ទទួល​ព័ត៌មាន​ពី​ភាគី​ថៃ​ចំពោះ​ការស្នើសុំ​បើក​ច្រកព្រំដែន​ឡើងវិញ​ជា​ប្រក្រតី​នៅឡើយ​ទេ​។ ខាងយើង​មិនមាន​បញ្ហា​អ្វី​ទេ យើង​រង់ចាំតែ​បើក​ឡើង​វិញ​ទេ ប៉ុន្ដែ​កិច្ចការងារ​នេះ គឺ​ត្រូវ​រង់ចាំ​ការឯកភាព​ពី​ភាគី​ថៃ​ដែរ​»៕

វីដេអូ៖