ភ្នំពេញៈ ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ថ្នាក់​ទី ៩ (​ឌីប្លូម​) ​នៅ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំនេះ ជាង ៩៥ ​ភាគរយ​បាន​ប្រឡង​ជាប់​ក្នុងចំណោម​សិស្ស​សរុប ១៥ ៣១៣ ​នាក់ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​បទប្បញ្ញត្ដិ និង​កម្រិត​វិន័យ ចំពោះ​បេក្ខជន​ប្រឡង​បាក់ឌុប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ​ខាងមុខ​។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃទី​ ២២ វិច្ឆិកា​ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា បឋមភូមិ សម័យ​ប្រឡង​ថ្ងៃទី​ ១៥-១៦ វិច្ឆិកា ២០២១ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន​ ៦៣ ​មណ្ឌល​ត្រូវជា ៦៤៧ ​បន្ទប់​។

ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៥ ៣១៣ ​នាក់ ស្រី ៧ ៨៣២ ​នាក់​។ បេក្ខជន​មក​ប្រឡង​សរុប ១៤ ៥០៦ នាក់ ស្រី ៧ ៤៩៨ ​នាក់​។ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់ សរុប ១៣ ៧០៩ ​នាក់ ស្រី ៧ ១៨៦ នាក់ គិត​ជា​ភាគរយ សរុប​ចំនួន ៩៤,៥១ ​ភាគរយ ស្រី ៩៥,៨៤ ភាគរយ​។

លោក ហែម ស៊ីណារ៉េត ​បាន​បញ្ជាក់ថា​៖ «​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំនេះ គ្រប់​មណ្ឌល​ដំណើរការ​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។ តាម​មណ្ឌល​ប្រឡង​នីមួយៗ​បាន​អនុវត្តតាម​ការណែនាំ​បាន​ល្អប្រសើរ​។ គ្រប់​ច្រកចូល​ក្នុង​មណ្ឌល​មាន​ឧបករណ៍​បាញ់​អាល់កុល និង​វាស់​កម្ដៅ​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ថ្លែង​នៅ​ថ្ងៃទី​ ២២ ​វិច្ឆិកា​ថា ជាទូទៅ​លទ្ធផល​ប្រឡង​ឌីប្លូម​ត្រូវ​ចេញផ្សាយ​ជូន​ចាប់ពី​ម៉ោង ៨:០០ ​នាទី ព្រឹក ថ្ងៃ ២២ វិច្ឆិកា ឆ្នាំ​ ២០២១ នៅតាម​មណ្ឌល​ប្រឡង និង​តាម​ប្រព័ន្ធ​អនឡាញ​របស់​មណ្ឌល​ប្រឡង​។

លោក​បញ្ជាក់ថា​៖​«​អាស្រ័យ​លើ​ការរៀបចំ​របស់​គ្រឹះស្ថាន​នីមួយៗ ការផ្សាយ​លទ្ធផល​ប្រឡង​ឌីប្លូម​អាច​មាន​ម៉ោង​ផ្សព្វផ្សាយ​ផ្សេងគ្នា​»​។

លោក​បានឱ្យដឹងថា ជាទូទៅ ដំណើការ​ប្រឡង​ឌីប្លូម​មាន​រយ:ពេល​សរុប​ចំនួន​ ២ ​ថ្ងៃ គឺ​កាលពី​ថ្ងៃ​ ១៥ និង​ទី​ ១៦ វិច្ឆិកា ហើយ​បានបញ្ចប់​ដោយមាន​លទ្ធផល​អាច​ទទួល​យកបាន​តាម​ការគ្រោងទុក​។

ដូច​ឆ្នាំកន្លងមក​ដែរ បេក្ខជន​ប្រឡង​ឌីប្លូម​មួយចំនួន​តូច​ដែល​អវត្តមាន ក្នុងអំឡុងពេល​ប្រឡង​នេះ​ដោយសារ​មូលហេតុ​បុគ្គល​។ រីឯ​ការប្រឡង​ឌីប្លូម​បាន​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន​ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។

លោក​ សុវាចា បន្តថា ក្រសួង​អប់រំ​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ បេក្ខជន​ប្រឡង​ឌីប្លូម​មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​រៀបចំ និង​គាំទ្រ​ដំណើរការ​ប្រឡង​ឌីប្លូម​នៅ​ឆ្នាំនេះ ដោយ​បាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​នីតិវិធី​ប្រឡង និង​វិធានការ​សុវត្ថិភាព​សុខភាព​ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​ ១៩​។

បើតាម​លោក​ សុវាចា បេក្ខជន​ប្រឡង​ឌីប្លូម​ឆ្នាំនេះ​មាន​ចំនួន​សរុប ១៦២ ៥៨៩ ​នាក់ (​នារី ៨៧ ៨៧១ ​នាក់​)​។ មណ្ឌល​ប្រឡង​មាន​ចំនួន ១ ៧២២ និង​បន្ទប់​ប្រឡង​មាន​ចំនួន​ ៧ ៣២៧​។

យ៉ាងណាក្តី មន្ទីរអប់រំ ខេត្ដ​ត្បូងឃ្មុំ បន្ទាយមានជ័យ ឧត្ដរមានជ័យ និង​កោះកុង បានឱ្យដឹងថា មណ្ឌល​ប្រឡង​កំពុង​បូកសរុប​លទ្ធផល​មិនទាន់​រួចរាល់​សព្វគ្រប់​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​ ២២ វិច្ឆិកា​ហើយ​អាច​នឹង​រួចរាល់​នៅ​ថ្ងៃទី​ ២៣ ​វិច្ឆិកា​។

ដោយឡែក លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​ ២២ វិច្ឆិកា​បានប្រកាស​ដាក់ចេញ​នូវ​បទប្បញ្ញត្ដិ និង​កម្រិត​វិន័យ ចំពោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) សម័យ​ប្រឡង​ថ្ងៃទី​ ២៧ ​ធ្នូ ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​នេះ​មាន​គោលដៅ រក្សា​របៀបរៀបរយ​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លើក​កម្ពស់​ការថែទាំ​សុខភាព និង​សុវត្ថិភាព សម្រាប់​គណៈមេ​ប្រយោគ គណៈកម្មការ​នានា និង​បេក្ខជន ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​ផ្សេងៗ​។

សេចក្តី​ប្រកាស​នេះ ក៏​កំណត់​អំពី​សកម្មភាព​សម្រាប់​បេក្ខជន​ដែល​ត្រូវអនុវត្ត​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ កំណត់​អំពី​សកម្មភាព​ដែល​មិនត្រូវ​អនុវត្ត និង​កម្រិត​វិន័យ ចំពោះ​បេក្ខជន​ដែល​ប្រព្រឹត្ត​ខុសឆ្គង ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាក់ឌុប​នេះ​ផងដែរ​៕

វីដេអូ៖