ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​ ២២ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ បាន​ប្រកាស​ថា រដូវរងា​ឆ្នាំនេះ​សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅក្នុង​កម្រិត​ ១៥ ​អង្សាសេ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប​ឦសាន​ជា​អ្វីដែល​មន្ត្រី​អំពាវនាវ​​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការថែទាំ​សុខភាព​ឱ្យបាន​ល្អ ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​កុមារ​តូចៗ និង​មនុស្ស​ចាស់ជរា​។

តាមរយៈ​សេចក្ដី​ប្រកាស​នោះ ក្រុម​ជំនាញ​អាកាសធាតុ​បាន​ពិនិត្យឃើញថា នៅពេល​នេះ​ឥទ្ធិពល​ខ្យល់​ពី​តំបន់​ស៊ីបេរី​កំពុង​រុញច្រាន​ទ្រនុង​សម្ពាធ​​ខ្ពស់​ពី​ប្រទេស​ចិន​ឱ្យ​ធ្លាក់ចុះ​មកក្រោម​​ហើយ​បន្ត​រំកិល​ចុះមក​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា ធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​រដូវរងា​នៅ​កម្ពុជា​ឆ្នាំនេះ ដែល​ចាប់ផ្ដើម​ពី​ខែធ្នូ​ ឆ្នាំ​ ២០២១ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២២ អាច​នឹង​ធ្លាក់​ចុះមក​នៅ​​កម្រិត​ពី​ ១៧ ​ដល់​ ១៥ ​អង្សាសេ​សម្រាប់​​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​។ ចំណែក​នៅតាម​បណ្ដា​រាជធានី​ខេត្ត​មួយចំនួន​ទៀត​អាច​នឹង​ធ្លាក់​មក​នៅ​ចន្លោះ​ពី​ ១៩ ​ដល់​ ១៨ ​អង្សាសេ​។

ទន្ទឹមនឹងនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ថា រដូវរងា​ឆ្នាំនេះ​ចែកចេញជា​ ២ ​វគ្គ​។ ​វគ្គ​ទី​ ១ ​ចាប់ផ្ដើម​ពី​សប្ដាហ៍​ទី​ ១ ​ដល់​សប្ដាហ៍​​ទី​ ៣ ​នៃ​ខែធ្នូ​ឆ្នាំ​ ២០២១ ​ដែល​ក្នុង​អំឡុងពេល​នេះ អាកាសធាតុ​ត្រជាក់​នឹង​កើតមាន​ដោយ​អន្លើ​ដោយមាន​ថ្ងៃ​ខ្លះ​សីតុណ្ហភាព​អាច​នឹង​ធ្លាក់ចុះ​ដល់​ ១៧ ​អង្សាសេ​សម្រាប់​តំបន់​ជួរ​ភ្នំ​ដងរែក​ និង​ខ្ពង់រាប​ឦសាន ហើយ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​មាន​ថ្ងៃ​ខ្លះ​សីតុណ្ហភាព​អាច​នឹង​ធ្លាក់ចុះ​រហូតដល់​ ១៩ ​អង្សាសេ​។

ចំណែក​វគ្គ​ទី​ ២ ចាប់ផ្ដើម​ពី​សប្ដាហ៍​ទី​៤ ​នៃ​ខែធ្នូ​ឆ្នាំនេះ ដល់​ខែកុម្ភៈ​ឆ្នាំ​ ២០២២ អាកាសធាតុ​ត្រជាក់​នឹង​កើតមាន​ដោយ​​អន្លើ​ជាថ្មី​ម្ដងទៀត ប៉ុន្តែ​មាន​រយៈពេល​វែង​ជាង​វគ្គ​ទី ​១ ដែល​ក្នុង​អំឡុងពេល​​នេះ មាន​ថ្ងៃ​ខ្លះ​សីតុណ្ហភាព​អាច​នឹង​ធ្លាក់​​ចុះ​ដល់​ ១៥ ​អង្សាសេ​សម្រាប់​តំបន់​ជួរភ្នំ​ដងរែក​ និង​ខ្ពង់រាប​ឦសាន ហើយ​សម្រាប់​​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ទៀត​មាន​ថ្ងៃ​ខ្លះ​សីតុណ្ហភាព​អាច​នឹង​ធ្លាក់ចុះ​រហូតដល់​ ១៨ ​អង្សាសេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងស្ថានភាព​បែបនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការថែទាំ​សុខភាព​ឱ្យបាន​ល្អ ពិសេស​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​កុមារ​តូចៗ មនុស្ស​ចាស់ជរា និង​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច​ថ្មីៗ ព្រោះ​ពួកគាត់​ងាយ​នឹង​កើតមាន​នូវ​ជំងឺឆ្លង​ផ្សេងៗ​»​។

ជុំវិញ​ករណីនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ជាទូទៅ ពេល​អាកាសធាតុ​ត្រជាក់​មកដល់ មនុស្ស​វ័យ​ចំណាស់​តែង​មាន​កម្ដៅ​រាងកាយ​តិច ដោយសារ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​យឺត​ និង​សកម្មភាព​រាងកាយ​មាន​តិច​ ឬ​ចុះថយ​ដែល​អាចធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ថយចុះ​ជាង​ធម្មតា​។

ដូច្នេះ​មនុស្ស​វ័យ​ចំណាស់​ក៏មាន​ហានិភ័យ​ដែរ​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដោយសារ​​តែ​រាងកាយ​ត្រូវ​ឆ្លើយតប​ជាមួយ​ភាពត្រជាក់ ជាពិសេស​អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ឱ្យបាន​ល្អ​ និង​ចៀស​ផុតពី​ជំងឺ​តម្កាត់​ដែល​អាច​កើតមាន​ជាយថាហេតុ​បណ្តាលមកពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ចាំបាច់​ត្រូវ​ស្លៀក​ពាក់អាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់មួក និង​ស្រោមដៃ​រងា​ ដើម្បី​ការពារ​កុំឱ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួនប្រាណ​ដោយ​ចំហ​ធ្វើ​​យ៉ាងណា​ឱ្យមាន​ការរក្សា​កម្ដៅ​ក្នុង​ខ្លួន​ធម្មតា​»​។

យ៉ាងណា​ក៏ដោយ អ្នកស្រី​បាន​ណែនាំ​ឱ្យ​ស្វែងរក​ការព្យាបាល​វេជ្ជសាស្ត្រ​នៅ​គ្រឹះស្ថាន​សុខាភិបាល ដែល​នៅ​ជិត​បំផុត​ប្រសិនបើ​ពលរដ្ឋ​មាន​រោគសញ្ញា ពិបាក​ដកដង្ហើម គ្រុនក្តៅ​ក្អក ឈឺ​ក និង​ឈឺ​សាច់ដុំ​ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត​។

លោកស្រី​ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ​ (​កងទ័ព នគរបាល និង​កងរាជ​អាវុធហត្ថ​) ដែល​កំពុង​ឈរជើង​នៅតាម​តំបន់​ព្រំដែន ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ និង​ខ្ពង់រាប​ឦសាន​បង្កើន​ការថែទាំ​សុខភាព​ឱ្យបាន​ល្អ ដើម្បី​ចៀសផុត​ពី​ជំងឺឆ្លង​នានា​។

ជុំវិញ​ករណីនេះ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង​កងទ័ព​ជើងគោក​ និង​ជា​មេបញ្ជាការ​កងពល​ធំ​អន្តរាគមន៍​លេខ​ ៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ លោក​បាន​ចែក​អាវ​រងា​ចំនួន ១០ ៥១៩ ​អាវ ដែលជា​អំណោយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង ភរិយា ជូន​ដល់​កងកម្លាំង​ចំនួន​ ២៥ ​អង្គភាព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា-ថៃ នៅ​សមរភូមិ​ទិស​ទី​ ១ ប្រាសាទ​ព្រះវិហារ​។

លោក​បាន​បញ្ជាក់ថា​៖ «​បងប្អូន​កងកម្លាំង​ប្រដាប់អាវុធ​យើង​បាន​ទទួល​អាវ​រងា ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ​រួចរាល់​ហើយ​»​។

កាលពី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​បង្កើន​ការថែទាំ​សុខភាព​ឱ្យ​បានល្អ​ក្នុង​រដូវរងា​ដែល​នឹង​មកដល់​នា​ដើមខែ​ធ្នូ​ខាងមុខនេះ​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​រដូវរងា​តែង​នាំមក​នូវ​ជំងឺ​ផ្សេងៗ​ ជាពិសេស​​ផ្តាសាយ​ហើយ​ផ្តាសាយ​នៅក្នុងពេល​កំពុង​កើតមាន​ជំងឺ​កូវីដ​ ១៩ ​នេះ វា​ងាយ​នាំទៅដល់​ការឆ្លង​នៃ​ជំងឺ​កូវីដ​ ១៩ ពិតប្រាកដ​។ ដូច្នេះ ជារួម សារ​មួយ​នេះ​ខ្ញុំ​សំដៅ​អំពាវនាវ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​យកចិត្ត​ទុកដាក់​ការពារ​សុខភាព​ក្នុង​រយៈពេល​នៃ​រដូវរងា រដូវរំហើយ​នេះ ដែល​ធម្មតា​តែងតែ​មាន​ជំងឺឆ្លង​»៕

វីដេអូ៖