ព្រះសីហនុៈ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ដ​ព្រះសីហនុ កំពុង​រៀបចំ​ឯកសារ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ទៅលើ លោក ចេង ស្រុង ដែលជា​ប្រធាន​មន្ទីរ​នេះ​បាន​ចេញ​ប្លង់រឹង​ឱ្យទៅ​សាច់ញាតិ​លើ​ដី​រដ្ឋ​ក្នុង​តំបន់​ការពារ​ព្រៃ​កោងកាង​ចំនួន ៧ ​បណ្ណ​ស្មើនឹង​ទំហំ​ដី​ជាង ៣០ ​ហិកតា ស្ថិតនៅ​ភូមិ​ព្រែកសង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​។

ការប្រកាស​ថា នឹង​ឆ្លើយតប​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​នេះ ក្រោយពី​ប្រជាសហគមន៍ និង​អង្គការ​សង្គមស៊ីវិល​នៅក្នុង​ខេត្ដ​ព្រះសីហនុ​មួយចំនួន​បាន​រិះគន់ និង​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ចំណាត់ការ និង​ដកហូត​ដី​ព្រៃកោងកាង​របស់​រដ្ឋ​មកវិញ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែងថា​៖ «​ករណីនេះ គឺ​មន្ទីរជំនាញ​លោក​កំពុង​រៀបចំ​ឯកសារ​ក្នុង​ការឆ្លើយតប​ត្រឡប់​ទៅវិញ​»​។

លោក រីម មុសើ តំណាង​ប្រជានេសាទ និង​គណៈកម្មការ​សហគមន៍​នេសាទ​ព្រៃនប់​ ២ បាន​ប្រាប់​ឱ្យដឹងថា ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការបាត់បង់ ព្រៃកោងកាង ជា​ជម្រក​ជីវចម្រុះ​សម្រាប់​ប្រជានេសាទ​អាស្រ័យផល ហើយ​ពួកគាត់​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​បទល្មើស​កាប់បំផ្លាញ​ព្រៃកោងកាង​នេះ​តទៅទៀត​ ដើម្បី​រក្សាទុក​ព្រៃ​លិចទឹក​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏បាន​ទទូច​ស្នើសុំ​រាជរដ្ឋាភិបាល ដកហូត​ឬ​លុបចោល​បណ្ណ​កម្មសិទ្ធិ​គ្រប​លើដី​ព្រៃកោងកាង​របស់​សហគមន៍​នេសាទ​ព្រៃនប់​ ២ និង​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការលួច​ចេញ​ប្លង់រឹង​ទាំង ៧ ​បណ្ណ​គ្របលើ​ដី​ព្រៃកោងកាង ដែល​ឈានទៅ​ការបំផ្លាញ​បរិស្ថាន​នៃ​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ដ៏កម្រ​នៅ​កម្ពុជា​»​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ស្នើសុំ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ក្នុង​ការដកហូត​ព្រៃកោងកាង​នៅ​តំបន់​ដែលមាន​ភាពមិនប្រក្រតី​នោះ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ច្បាប់​ជលផល ភូមិបាល ឆ្នាំ​ ២០០១ និង​អនុក្រឹត្យ រួមទាំង​ឯកសារ​ពាក់ព័ន្ធ​នានា​បង្ហាញថា ដី​សាធារណៈ​របស់​រដ្ឋ​មិនអាច​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ឡើយ​។

លោក​ថ្លែងថា​៖ «​ដោយ​មើលឃើញ​ការឆក់​ឱកាសនិយម​បំផ្លាញ​ធនធាន​ធម្មជាតិ ដ៏គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​តំបន់​ព្រៃកោងកាង អង្គការ CNRO ចាត់ទុក​ថា សហគមន៍​តំបន់​ព្រៃនប់​ ២ ជា​កន្លែង សួន​កោងកាង​អាពាហ៍ពិពាហ៍​។ កាល​ជំនាន់ លោក យន្ត មីន ជា​អភិបាលខេត្ត គឺ​តែងតែ​ចុះទៅ​ជួយ​ដាំ​កោងកាង​នៅ​ទីនោះ​ ជាពិសេស​គូស្នេហ៍​ដែល​បាន​រៀបការ​ហើយ​នៅក្នុង​តំបន់​ហ្នឹង​ត្រូវតែទៅ​ដាំ​ដើម​កោងកាង​ឱ្យបាន ១ ​ដើម​ទុកជា​និមិត្តរូប​ការពារ​ធនធាន​ធម្មជាតិ​»​។

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ព្រះសីហនុ មិនបាន​ឆ្លើយតប​លើ​ករណីនេះ​ទេ កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា​នេះ ក្រោយពី​ឃើញ​សារ​តាម​បណ្ដាញ​តេឡេក្រាម​របស់ ​ភ្នំពេញ ​ប៉ុស្ដិ៍​៕