ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ​ខណ្ឌ​កំបូល កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​ឈ្មោះ វ៉ន វុទ្ធី ជា​មន្ត្រី​យោធា​កង​អន្តរាគមន៍​ឆត្រយោង​ ៩១១ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ករណី វ៉ៃ និង​ចាប់​បោក​ក្មេងប្រុស​ម្នាក់​អាយុ​ ១៥ ​ឆ្នាំ សន្លប់ កាលពី​ល្ងាច​ថ្ងៃទី​ ២០ ​វិច្ឆិកា​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ថ្លែងថា ករណីនេះ​មិន​ទាក់ទង​នឹង​ច្បាប់​យោធា​នោះទេ​ ដូច្នេះ​គឺ​ត្រូវ​ទុកឱ្យ​តុលាការ​ស៊ីវិល​ជា​អ្នកសម្រេច​។

លោក ឈឹម សាវុធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ​វិច្ឆិកា​ថា បន្ទាប់ពី​បាន​ចាប់ឃាត់​ខ្លួន​មន្ត្រី​យោធា​រូបនេះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ និង​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។ លោក​បញ្ជាក់ថា​៖ «​ហើយ​រឿង​ចរចា​គ្នា ខាង​សមត្ថកិច្ច​អត់​លូកដៃ​ទេ បើ​ខាង​ភាគី​គាត់​ត្រូវរ៉ូវ​គ្នា​ ឬ​ឯកភាព​គ្នា​ត្រង់​កន្លែង​ណាមួយ​ជា​រឿង​របស់​ភាគី​សងខាង​»​។

លោក​ថ្លែងថា សមត្ថកិច្ច មិន​លូកដៃ​ធ្វើការ​សម្របសម្រួល​រវាង​គ្រួសារ​ជនសង្ស័យ និង​គ្រួសារ​ជនរងគ្រោះ​នោះទេ ព្រោះ​សមត្ថកិច្ច​គ្រាន់តែ​ទទួលបាន​បណ្តឹង ហើយ​ត្រូវ​កសាង​សំណុំរឿង​ទៅតាម​អង្គហេតុ ចំពោះ​អ្វី​ដែលមាន​បទល្មើស​ប៉ុណ្ណោះ​។

ទោះយ៉ាងណា លោក សាវុធ មិន​ទាន់​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ដែល​ត្រូវបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​និយាយថា នឹង​បញ្ជូន​សំណុំរឿង​ទៅតាម​ដំណាក់កាល​។ ​

លោក​ថា​៖ «​ដោយសារ​ជាប់រវល់​ធ្វើ​រឿង​បទឧក្រិដ្ឋ ធ្វើ​រឿង​ឃាតកម្ម និង​ធ្វើ​រឿងនេះ​ផង ដូច្នេះ​យើង​កំពុង​កសាង​សំណុំរឿង​កសាង​ភ័ស្ដុតាង​បន្តបន្ទាប់​គ្នា ដើម្បី​ត្រៀម​បញ្ជូន​ទៅ​តុលាការ​»​។ លោក​ឱ្យដឹង​ដែរ​ថា ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ ដើម្បី​ស្នើឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​។

បើតាម​បណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ គាត់​បាន​ឱ្យ​កូនប្រុស​គាត់​ទៅយក​ខោអាវ​ពី​កន្លែង​បោកអ៊ុត ប៉ុន្តែ​ដោយសារ​ខោអាវ​មិនទាន់​បោកអ៊ុត​រួច ក្មេងប្រុស​ (​យឹម សំណាង​) ​ក៏បាន​លេង​ជាមួយ​កូន​ជនសង្ស័យ​ឈ្មោះ វ៉ន វុទ្ធី ក្រោយមក​ក៏មាន​បញ្ហា​ឈានដល់​ប្រើ​អំពើហិង្សា​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ ៥ និង​ ៣០ ​នាទី​ល្ងាច​ថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នៅ​សង្កាត់​កំបូល ខណ្ឌ​កំបូល​។

ភ្នំពេញ​ប៉ុស្តិ៍ មិនទាន់​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ម្តាយ​ក្មេងរងគ្រោះ​គឺ​អ្នកស្រី ហេង សុក បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកស្រី ហេង សុក បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដោយ​រៀបរាប់​ហេតុការណ៍​ថា មុនពេល​កើតហេតុ កូន​អ្នកស្រី ឈ្មោះ យឹម សំណាង ត្រូវបាន​អ្នកស្រី​ប្រើ​ឱ្យ​ទៅយក​ខោអាវ​នៅ​កន្លែង​បោកអ៊ុត​នៅ​ទីតាំង​ខាងលើ ស្របពេល​ជនសង្ស័យ វ៉ន វុទ្ធី កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​បក្ខពួក​ ៤-៥ ​នាក់​នៅក្បែរ​ទីនោះ​។ ដោយសារ​ខោអាវ​មិន​ទាន់​រួចរាល់ ម្ចាស់​ហាង​បោកអ៊ុត​បានឱ្យ​ក្មេងប្រុស​នោះ​អង្គុយ​រង់ចាំ​បន្តិច​សិន បន្ទាប់មក​ក្មេងប្រុស​នោះ​ក៏​បាន​លេងសើច​ជាមួយ​មិត្តភក្តិ​របស់គាត់​។ នៅពេលនោះ​ជនសង្ស័យ វ៉ន វុទ្ធី បាន​ដើរ​ចូលមក ហើយ​សួរ​ក្មេងប្រុស​រងគ្រោះ​ថា​៖ «​អ្ហែង​ចង់​ធ្វើ​បងធំ​នៅ​ទីណា​ទេ​ឬ​?»​។ ក្មេងប្រុស​បាន​ឆ្លើយថា​៖ «​ខ្ញុំ​គ្រាន់តែ​លេង​ជាមួយ​មិត្តភក្ដិ​របស់ខ្ញុំ​ទេ​»​។

ពេលនោះ​ជនសង្ស័យ​ក៏បាន​ទះកំភ្លៀង​ជនរងគ្រោះ ១ ​ដៃ ហើយ​អុក​នឹង​ក្បាលជង្គង់​ព្រមទាំង​ចាប់​កអាវ​ក្មេង​ហើយ​បោក​ទៅ​នឹង​ធុង​ទឹកកក បណ្តាល​ឱ្យ​ក្មេងរងគ្រោះ​សន្លប់ ហើយ​ក៏មាន​អ្នកជិតខាង​មក​ជួយ​សង្គ្រោះ​។

បច្ចុប្បន្ន ក្មេងរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក ឈុំ សុជាត បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការប្រើ​អំពើហិង្សា​របស់​មន្ត្រី​យោធា​រូបនេះ​។ លោក​ សុជាត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ​វិច្ឆិកា​ថា ករណីនេះ មិន​ទាក់ទង​នឹង​ច្បាប់​យោធា​នោះទេ​គឺ​ទុកឱ្យ​តុលាការ​ស៊ីវិល​ជា​អ្នកសម្រេច​។

លោក​បញ្ជាក់ថា​៖ «​ទុកឱ្យ​តុលាការ​គេ​អ្នកសម្រេច​ទៅ ព្រោះ​អត់​ទាក់ទង​បទល្មើស​យោធា ច្បាប់​យោធា​ទេ ហើយ​យើង​អត់​មាន​ការគាំទ្រ​ការប្រើ​អំពើហិង្សា​ទេ​គឺ​មានតែ​ការសោកស្តាយ ចំពោះ​ការប្រព្រឹត្ត​បែបនេះ ហើយ​យើង​មានតែ​សុំឱ្យ​​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់​»៕