ភ្នំពេញៈ មន្ត្រី​យោធា​ ៤ នាក់ ​ក្នុង​ចំណោម ​៧ នាក់ ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃទី ២៣ ​វិច្ឆិកា ខណៈ​ជន ៣ ​នាក់​ទៀត​តំណាង​អយ្យការ​កំពុង​បន្ត​នីតិវិធី​សាក​សួរ​ពាក់​ព័ន្ធ​ករណី​​ជួញ​ដូរ​អាវុធ​ម៉ាក ​AK-47 និងអាវុធ​ស្វ័យ​ប្រវត្តិ​សរុប ១០៥​ ដើម​ ដែល​រក​ឃើញ​ទីតាំង​លាក់​អាវុធ​នៅ​ខេត្ត​បាត់​ដំបង​ កាលពី​ខែតុលានិង​ខែវិច្ឆិកា​ ឆ្នាំនេះ។

លោក ​ប្លង់​ សុផល អ្នកនាំ​ពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​នៅ​ថ្ងៃទី ​២៣​ វិច្ឆិកា​ថា ​ករណីនេះ​មាន​ជន​ត្រូវ​ចោទ​ចំនួន ​៤​ នាក់ ​ត្រូវបា​ន​ឃុំខ្លួន​នៅ​ថ្ងៃទី ២៣​ វិច្ឆិកា​ តាម​ការចោទ​ប្រកាន់​របស់​តំណាង​អយ្យការ ​ខណៈ​ជន ៣ នាក់​ទៀត​អយ្យការ​កំពុង​បន្ត​នីតិ​វិធី​សាក​សួរ​នៅ​ឡើយ​។

លោក​បាន​ថ្លែង​ថា៖ «ករណី​ខាង​លើនេះ​ តំណាង​អយ្យ​ការ​បាន​បើក​ការ​ស៊ើប​សួរ​ និង​ចោទ​ពីបទ​ជួញ​ដូរ នាំចេញ និង​សន្និធិ​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​តាម​មាត្រា ៤៨៨ និង​មាត្រា ២០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ​និង​គ្រាប់​រំសេវ»​។

​លោក​ សៅ​ សុខា មេបញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ២២ វិច្ឆិកា​ថា ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឃាត់​ខ្លួន​មន្ត្រី​យោធា​បាន​ចំនួន ៦ នាក់ ​គឺ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​។ចំណែក​មន្ត្រី​យោ​ធា​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​នគរ​បាល​ជាតិ​ឃាត់​ខ្លួន​។

លោក​បន្ត​ថា ជន​ទាំង ៦ នាក់​រួមមាន​ យោធា​ពាក់​ផ្កាយ ២​ ម្នាក់ ដែ​ល​មាន​មុខតំ​ណែងជា​មេបញ្ជា​កា​រទទួល​ខុសត្រូវ​ខាង​រោង​ជាង​ចម្រុះ។ យោធា​ពាក់​ផ្កាយ ​១​ ម្នាក់​ ជា​មេបញ្ជា​ការរង​ទទួល​ខុសត្រូវ​ខាង​រោង​ជាង​ចម្រុះ។ យោធា​ពាក់​ស័ក្តិ ៣ ម្នាក់ និង​យោធា​ពាក់​ស័ក្តិ ៤ កន្លះ​មា្ន​ក់ ​កាន់​ខាង​ជួសជុល​អាវុធ​ថ្មើរជើង។ អ្នក​ទាំង ៤ នៅក្នុង​អង្គភាព​រោង​ជាង​ចម្រុះ​ជាមួយគ្នា។

ដោយ​ឡែក ២ នាក់​ទៀត​ មាន​ម្នាក់​ គឺ​យោធា​ពាក់​ស័ក្តិ ៤ កន្លះ ជា​អនុ​បញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ​និង​ម្នាក់​ទៀត​ គឺ​មន្ត្រី​យោធា​ព្រឹន្ទ​បាល​ឯក ​ជា​យោ​ធិន​ចំណុះ​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក។

បើតាម​លោក​ សៅ សុខា ​ជន​សង្ស័យ​ទាំង ៦ នាក់ ​ត្រូវបាន​សមត្ថ​កិច្ច​កងរាជ​អាវុធហត្ថ​ឃាត់​ខ្លួន​បានជា​បន្ត​បន្ទាប់​ គឺ​កាល​ពី​ថ្ងៃទី ១៩ ​ខែវិច្ឆិកា ​ឃាត់​នៅ​សៀម​រាបបាន​ម្នាក់។ បន្ទាប់​មក​នៅ​ថ្ងៃទី ២០ និង ២១ ខែវិច្ឆិកា​ សមត្ថកិច្ច​ឃាត់​បាន ​២​ នាក់​ នៅ​ខេត្ត​បាត់​ដំបង និង​ ៣ នាក់​ទៀត​ឃាត់​ខ្លួន​នៅ​រាជ​ធា​ភ្នំពេញ​ថ្ងៃទី ​២២​ ខែវិច្ឆិកា​។

លោក ​សៅ សុខា បាន​បញ្ជាក់ថា ករណីនេះ​រកឃើញ​អាវុធ​លើក​ទី១ ​នៅ​ស្រុក​កំរៀង​កាល​ថ្ងៃទី ១៩ ​ខែ តុលា ​ឆ្នាំ ២០២១​។ ចំណែក​ករណីរ​កឃើញ​អាវុធ​លើក​ទី២ នៅ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី ១២ និង​ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ​ដោយ​កម្លាំង​សមត្ថកិច្ច​បប្រមូល​អាវុធ​សរុប​បាន​ចំនួន ១​០៥​ ដើម។ ក្នុងនោះ​មាន​អាវុធ​ម៉ាក​ AK-47 ចំនួន ១០០​ ដើម ​អាវុធ​ស្វ័យ​ប្រវត្តិ​ប្រភេទ ១២,៧ ចំនួន ​២​ ដើម និង M-79 ចំនួន​ ៣ ដើម៕