កណ្ដាលៈ រំហូរ​ទឹកភ្លៀង​ ដែល​ហូរ​ច្រោះ​តាម​ច្រាំង​ទន្លេ​ និង​ចរន្តទឹក​ទន្លេមេគង្គ​ បាន​បង្ក​ឱ្យ​មានការ​បាក់ស្រុត​កំណាត់​ផ្លូវ​លេខ ​៧០ ត្រង់​ចំណុច​ភូមិ​ពាម ឃុំរ​ការ​កោង ​១​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល​ កាល​ពី​វេលា​ម៉ោង ១:៥៣ ​នាទី​ព្រឹក ថ្ងៃទី ​២៣​ ខែ វិច្ឆិកា ឆ្នាំ ២០២១​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃទី​ ២២ ខែ វិច្ឆិកា ឆ្នាំ​ ២០២១។ នេះ​បើតាម​ការអះអាង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។​​

លោក ​យឺន​ សារ៉ាត់ ​អធិកា​ររង​ស្រុក​មុខកំពូល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅ​ចំណុច​ទីតាំង​ដែលបាន​បាក់​ស្រុតនោះ ធ្លាប់បាន​បាក់ស្រុត​ច្រាំងទន្លេ​ម្ដង​រួចមកហើយ កាលពី​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ ប៉ុន្តែ​កាលនោះ មិនទាន់​បាក់ស្រុត​ដល់​ផ្លូវ​នោះទេ​។

លោក​ សារ៉ាត់ បាន​បញ្ជាក់ថា​៖ «​ឥឡូវនេះ​បាន​បាក់ស្រុត​ដាច់​កំណាត់​ផ្លូវ​លេខ ​៧០ អស់​មួយ​ចំហៀង​ប្រវែង​២០​ម៉ែត្រ​ចូលទៅក្នុង​ទន្លេ​។ ហើយ​នៅមាន​ស្នាម​ប្រេះ ដែល​អាច​នឹង​បាក់ស្រុត​កាត់ផ្ដាច់​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​តែម្ដង ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់ ឬ​រថយន្ត​តូចធំ បើក​ឆ្លងកាត់​ចំណុច​នោះ​»​។​

ជុំវិញ​ករណីនេះ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក្​ជញ្ជូន​ខេត្តកណ្ដាល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ ក្រុមការងារ​របស់លោក បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បិទ​ចរាចរ​ណ៍​ឆ្លងកាត់​កំណាត់​ផ្លូវ​ ៧០ នៅ​ចំណុច​ទីតាំង​បាក់ស្រុតនោះ ជា​បណ្ដោះអាសន្ន ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ក្រុមមន្ត្រី​ជំនាញ​ធនធានទឹក​ចុះ​សិក្សា​រៀបចំ​គ្រឹះ​បាតទន្លេ ឱ្យ​រឹងមាំ ដើម្បី​ឈានដល់​ការជួសជុល​ស្ដារ​កំណាត់​ផ្លូវ​នេះ​ឡើងវិញ​។​

លោក​ថ្លែងថា​៖ «​ក្នុង​អំ​ឡុង​ពេលនេះ ក្រុមមន្ត្រី​ជំនាញ​យើង កំពុង​សិក្សា​រៀបចំ​ធ្វើ​ផ្លូវ​វាង ដើម្បី​ឱ្យ​អ្នកដំណើរ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន មុនពេល​មន្ត្រី​ជំនាញ​នៃ​វិស័យ​ធនធានទឹក រៀបចំ​គ្រឹះ​ច្រាំងទន្លេ​បាន​រឹងមាំ​រួចហើយនោះ​»​។

លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម ខេត្តកណ្ដាល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​ចំណុច​ទីតាំង​បាក់ស្រុតនោះ មានទឹក​ហូរ​ច្រោះ​ខ្លាំង ហើយ​បាត​ច្រាំងទន្លេ​មាន​ភាព​ទន់ជ្រាយ ងាយ​នឹង​បាក់​។ ម្យ៉ាងទៀត​ចរន្តទឹក​ទន្លេមេគង្គ​នៅក្នុង​ភូមិសាស្ត្រ​នោះ ក៏មាន​ការហូរ​បត់​បែន​បុក​ច្រាំង​យ៉ាងគំហុក​ផងដែរ​។

យ៉ាងណាក៏ដោយ លោក​បាន​ថ្លែងថា នៅពេលនេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​សិក្សា​រក​មធ្យោបាយ​ទប់ស្កាត់​ករណី​បាក់​ច្រាំង​នេះហើយ ដោយ​រៀបចំ​ដាក់​បាវ​ខ្សាច់​និង​ថ្ម​ធំៗ ដើម្បី​រៀប​សង់​គ្រឹះ​បាតទន្លេ​ឱ្យ​រឹងមាំ​៕

វីដេអូ៖