
លោក ម៉ៅ ធនិន នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រី នៅថ្ងៃទី ២៣ វិច្ឆិកា ។ រូបថត រដ្ឋបាលខេត្ត
កំពតៈ អភិបាលខេត្តកំពតបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ពន្លឿនការផ្តល់សេវារដ្ឋបាលតាមវិស័យរបស់ខ្លួនជូនប្រជាពលរដ្ឋឱ្យបានលឿនទៅតាមពេលវេលា និងគោលការណ៍ដែលបានកំណត់ដោយធ្វើយ៉ាងណាឱ្យការអនុវត្តនូវកំណែទម្រង់មានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង-ស្រុក ខណ្ឌនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ថា មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរឹតពីអ្នកគ្រប់គ្រងសេវា មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ក្នុងការផ្តល់សេវាគឺសាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព។
លោកបន្តថា រដ្ឋបាលក្រុង-ស្រុក ត្រូវបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីរបស់ខ្លួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងរបៀបបំពេញការងារនិងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការផ្តល់សេវាឱ្យបានម៉ឺងម៉ាត់និងហ្មត់ចត់ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាប្រកបដោយគុណភាព តម្លាភាព និងគ្មានការរើសអើង។
លោកអភិបាលខេត្តបានថ្លែងថា៖ «ថ្វិដ្បិតតែការផ្ដល់សេវាទាំងនោះត្រូវបានអនុវត្តនៅការិយាល័យច្រកចេញចូលតែមួយក៏ពិតមែន ប៉ុន្តែការផ្តល់យោបល់ជំនាញបច្ចេកទេសនៅតែជាកិច្ចការស្នូលរបស់ការិយាល័យជំនាញនីមួយៗដដែល។មានន័យថា ការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ស្រុក ត្រូអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបែបបទ នីតិវិធីនានាដែលកំណត់ដោយក្រសួង ស្ថាប័នរបស់ខ្លួន»។
លោកបញ្ជាក់ទៀតថាលោកនឹងបន្តពិភាក្សានិងជំរុញឱ្យមន្ទីរជំនាញទាំងអស់ផ្ទេរការផ្ដល់សេវាដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាល អភិវឌ្ឍសមត្ថភាពជាប្រចាំដល់បុគ្គលិកបម្រើការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាពីការផ្ដល់សេវាតាមគោលការណ៍និងនីតិវិធីជាធរមាន។
លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃបានថ្លែងថា ផ្អែកតាមការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ទំនាក់ទំនងការងារ និងការគ្រប់គ្រងរដ្ឋបាលដែលមានលក្ខណៈ ខ្សែទទឹង និងខ្សែបណ្តោយត្រូវបានបញ្ចប់ ។
លោកបន្តថា រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
បើតាមលោក ប្រាក់ សំអឿន ដើម្បីអនុវត្តតាមស្មារតីនៃអនុក្រឹត្យនេះ ទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យនិងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធឡើងវិញ ដែលក្នុងនោះក៏មានលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយផងដែរ។
លោកបានបញ្ជាក់ថា៖«ដូច្នេះ ការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិកផងដែរ»។
លោក យន់ ផល្លី មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពតបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែវិច្ឆិកាថា ការជំរុញឱ្យមន្ត្រីក្នុងខេត្តកំពតនិងមន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវាសាធារណៈ នឹងទទួលបានប្រសិទ្ធភាពដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាឆាប់រហ័ស ព្រោះកន្លងមកការផ្តល់សេវាសាធារណៈក្នុងខេត្តនេះនៅមានភាពយឺតយ៉ាវ។
ទោះជាយ៉ាងណាលោកថា ភាពយឺតយ៉ាវនេះក៏អាស្រ័យទៅលើមន្ត្រីជំនាញផងដែរ។ការិយាល័យច្រកចេញចូលតែមួយទទួលនូវសំណើពីប្រជាពលរដ្ឋ ហើយបញ្ជូនទៅមន្ត្រីជំនាញ តែមន្ត្រីជំនាញមិនបានមើលទៀត វាធ្វើឱ្យមានភាពយឹតយ៉ាវកាន់តែច្រើនថែមទៀត។
លោកថ្លែងថា៖« បន្ទាប់ពីមានការផ្លាស់ប្តូរអភិបាលខេត្ត ខ្ញុំ ឃើញថា ការផ្តល់សេវាធារណៈ នៅច្រកចេញចូលតែមួយ និងទីតាំងផ្សេងទៀត នឹងមានការពន្លឿនចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ ប៉ុន្តែកន្លងមក ហាក់បីដូចជាមានភាពយឺតយ៉ាវ»៕