ភ្នំពេញៈ​ រាជរដ្ឋាភិ​បាល​កម្ពុជា​គ្រោង​សាង​សង់​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល​​លំដាប់​អន្តរជាតិ​មួយនៅ​​តំបន់​ផ្លូវ​កប់​ស្រូវឬ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្រោម​គម្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៨០ ​លាន​ដុល្លារ​អាមេរិក​ ជា​ថវិកា​កម្ចី​ពីធ​នាគារ​នៃ​សាធារ​ណរដ្ឋ​កូរ៉េ​ និង​ថវិកា​បដិ​ភាគ​របស់​រា​ជ​រដ្ឋាភិ​បាល​កម្ពុជា​។ នេះ​បើតាម​លោក​ ម៉ម​ ប៊ុនហេង ​រដ្ឋ​ម​ន្រី្តក្រសួងសុខាភិ​បាល​។

លោក ម៉ម ប៊ុនហេង បាន​លើក​ឡើង​ដូចនេះ នៅក្នុង​ជំនួប​ជា​មួយ​លោក គឹម ហ៊ូន (Kim Hoon) តំណាង​សម្ព័ន្ធ​ក្រុម​ហ៊ុន Inje(Inje Joint Venture) ក្រោយពី​ក្រុម​ហ៊ុន​នេះ​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​ដេញ​ថ្លៃ​គម្រោង​សាង​សង់​ម​នី្ទ​រ​ពេទ្យ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល​នេះ​នៅ​ទីស្តីការ​ក្រសួង​សុខាភិ​បាល​កាល​ពី​ថ្ងៃទី ២២ ខែ វិច្ឆិកា​ ឆ្នាំ ២០២១​។

ជុំវិញ​ការ​សាង​សង់​មន្ទីរ​ពេទ្យថ្មី​នេះ លោក​ស្រី យក់ សម្បត្តិ រដ្ឋ​លេខាធិ​ការ​ក្រសួង​សុខាភិ​បាល​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​បញ្ចប់​ជំនួប​នេះថាគម្រោង​នេះ​បាន​ទទួល​ការឯ​កភាព​ពី​ប្រមុខ​រាជរ​ដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវ​ត្ថុដោយមាន​ទីតាំងនៅ​តំបន់​ផ្លូវ​កប់​ស្រូវឬ​លើ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ២ ​ហិកតា ហើយគ្រោង​ប្រើ​ពេលវេលា​ ដើម្បី​សាងស​ង់ប្រមាណ ៣-៤ ឆ្នាំ​ ក្នុង​ទំហំ​ថវិកា​ប្រមាណ ៨០ លាន​ដុល្លារ អាមេរិកក្នុង​នោះថវិកា ៦៦ លាន​ដុល្លារ​ ជា​ប្រាក់​កម្ចី​ពីធនាគារ​នៃ​សាធារ​ណរដ្ឋ​កូរ៉េ​និង​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិ​បាល​ចំនួន ១៤ លាន​ដុល្លារ​។

លោកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ជម្រាប​បញ្ជាក់​ថាម​នី្ទ​រ​ពេទ្យ​សាកល​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​សុខាភិ​បាល​នេះ គឺជា​មន្ទីរពេទ្យ​សាកល​វិទ្យា​ល័យ​ធំជាងគេ​លើក​ដំបូង​នៅ​កម្ពុជាដែល​ផ្ដល់​អាទិ​ភាព​ខ្ពស់​ដល់​វិស័យ​សុខាភិ​បាលពី​សំណាក់​ប្រមុខ​រាជរដ្ឋា​ភិបាលដែលមា​ន​សម្ដេចតេ​ជោ [ហ៊ុន សែន] លោក​បាន​ផ្ដល់​អាទិ​ភាព​ដល់​វិស័យ​សុខាភិ​បាល ​ជាពិសេស​នៅក្នុង​ដំណាក់​កាល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ហើយ​ប្រទេស​កម្ពុជា​ បាន​ទទួល​នូវ​ជោគ​ជ័យ​ក្នុង​ការផ្ដល់​វ៉ាក់​សាំង​ដល់​ប្រជា​ពលរដ្ឋ ក៏ដូច​ជា​ការ​ផ្ដល់​នូវ​សេវា​ព្យា​បាល និង​ការពារ​ដល់​ប្រជា​ពលរដ្ឋ»​។

លោកស្រី​បាន​ឱ្យដឹង​ថា ម​នី្ទ​រ​ពេទ្យ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល​​នេះ អាច​ផ្ដល់​ជា​កន្លែង​សិក្សា​ដល់​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ពី​មហា​វិទ្យា​ល័យ​ឬ​សាកល​វិទ្យា​ល័យ​ដើម្បី​មក​អនុវត្ដ​និង​សិក្សា​នៅ​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​នេះ​ក្រោយ​ពី​បញ្ចប់​ការ​សាង​សង់​។

លោក​ស្រី​បញ្ជាក់ថា​៖ «កាល​ណា​យើង​មាន​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល​​នេះនិស្សិត​យើង​អត់​ចាំបាច់​មានការ​លំបាក​ទេ។ រាល់ថ្ងៃ​នេះ​និស្សិត​យើង​មួយចំនួន ក្រោយពី​គាត់​បញ្ចប់​ការ​សិក្សា​ហើយ កន្លែង​អនុវត្ដ​នោះ​គឺថា​ចង្អៀត​ដែរ។ អ៊ីចឹង ​យើង​មាន​ទីតាំង​នេះ​ធំ​ទូលាយ​ហើយ​ចំណុះ​គ្រែ​អាច​មាន​ចាប់ពី​ ៤០០ ​គ្រែ»។

បើតាម​លោក​ស្រី យក់ សម្បត្ដិ កន្លែង​វះកាត់​ កន្លែង​សិក្សា កន្លែង​ផ្ដល់​ជាការ​អនុវត្ដ​នៃ​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល​​​នេះ គឺមាន​ភាព​ធំ​ទូលាយ​ហើយ​មាន​គ្រូពេទ្យ​ជំនាញៗសាស្ដ្រា​ចារ្យ​មួយ​ចំនួន​បញ្ចប់​ការសិក្សា​នៅ​បរទេស​ ក៏ដូចជា ​ភាគី​នៅក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន​នឹង​ចូល​រួម​នៅក្នុង​ការប​ណ្ដុះបណ្ដាល​និស្សិត​ខ្មែរ​ផង​ដែរ​៕