ភ្នំពេញៈ​ ក្រសួងបរិស្ថាន និង​រាជធានី-ខេត្ដ​ទូទាំងប្រទេស​ នៅ​ថ្ងៃទី ២៣ វិច្ឆិកា​ បាន​ប្រារព្ធ​ទិវា​អនាម័យ​​​ជាតិ ក្រោម​ប្រធានបទ «ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ» ដោយបាន​ណែនាំ​ពលរដ្ឋ​ឱ្យ​បន្ត​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ​នៅតាម​ផ្ទះសម្បែង ភូមិ ឃុំ របស់ខ្លួន ញែក​សំរាម​តាម​ប្រភេទ វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន និង​មន្ដ្រីរាជការ​នៃ​រដ្ឋបាល​ខេត្ដកំពត​ រួម​នឹង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​នេះ​សរុប​ប្រមាណ ២៥០ នាក់ បាន​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ នៅថ្ងៃទី២៣ វិច្ឆិកា នៅ​ផ្សារ​ត្រពាំងរ​ពៅ សង្កាត់​ព្រែក​ត្នោត​ក្រុង​បូកគោ។

លោក ភក្ត្រា ថ្លែង ថា៖«សូម​បងប្អូន​ប្រជាពលរដ្ឋ​ បន្ត​ចូលរួម​សម្អាត​អនាម័យ​ បរិស្ថាន​នៅតាម​ផ្ទះសម្បែង ភូមិ ឃុំ របស់ខ្លួន ញែក​សំរាម​តាម​ប្រភេទ វេច​ខ្ចប់​ទុកដាក់​សំរាម​ ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​អនុវត្ត​វិធានការ ៣ កុំ ៣ ការពារ​ ដើម្បី​ភូមិដ្ឋាន​របស់​យើង​ មាន​អនាម័យ​បរិស្ថាន​ល្អ មាន​ផាសុកភាព​ សម្រាប់​ការ​រ​ស់​នៅ សុខុមាលភាព​ពលរដ្ឋ​យើង​ល្អ ចៀស​ផុត​ពី​ការឆ្លង​ជំងឺ​ទាំងឡាយ»។

ក្រៅពី​ខេត្តកំពត រាជធានី-ខេត្តផ្សេងៗទៀត ​ក៏បាន​ប្រារព្ធ​ទិវា​អនាម័យ​​ជាតិ ​ក្រោម​ប្រធានបទ​ដូចគ្នានេះដែរ ក្នុង​គោលបំណង​បំផុស​ ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ចូលរួម​ធ្វើ​អនាម័យ និង​កែលម្អ​សោភ័ណភាព​មូល​ដ្ឋាន​​របស់ខ្លួន​ឱ្យ​ស្អាត និង​បៃតង សំដៅ​កែប្រែ​ផ្នត់គំនិត​របស់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ឱ្យចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន និង​ជំរុញ​ការអនុវត្ត​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ទីប្រជុំជន​ ទៅ​រាជធានី ក្រុង ស្រុក​ទូទាំងប្រទេស​ឱ្យមាន​ភាពល្អ​ប្រសើរឡើង។

លោក ភក្ត្រា ថ្លែងថា៖«ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ ២០២១ នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ ក្នុង​បរិបទ​ដែល​កម្ពុជា និង​ពិភពលោក​បាន និង​កំពុង​ខិតខំ​បើក​ដំណើរការ​ប្រទេស​ឡើងវិញ តាម​គន្លង​ថ្មី ក្រោយពី​រង​នូវ​ផលប៉ះពាល់​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩»។

លោក នៃ គង់ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកំពត ដែល​បាន​ចូលរួម​ជាអធិបតី​ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិនេះដែរ បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ឱ្យចូលរួម​ថែរក្សា អនាម័យ​បរិស្ថាន បោសសម្អាត​ភូមិដ្ឋាន និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​ធ្វើឱ្យ​បរិស្ថាន​ទាំង៣ ស្អាត គឺ​ទឹកស្អាត ខ្យល់​ស្អាត និង​ដី​ស្អាត។

លោក​ថ្លែងថា៖«អនាម័យ​ស្អាត​ នាំឱ្យ​សុខភាព​ល្អ និង​ជា​ផ្នែក​មួយ​ នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ»។

រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ប្រារព្ធ​ទិវា​អនាម័យ​​​ជាតិនៅ​ថ្ងៃ​ទី​ ២៣ វិច្ឆិកា ​ផង​ដែរ។ ពិធី​នេះ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ឆ្នេរ​អូរ​ឈើទាល ក្រោម​វត្តមាន លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ មន្ទីរ​បរិស្ថាន អាជ្ញាធរ​ដែនដី មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ លោកគ្រូ អ្នកគ្រូ និស្សិត និង​សិស្សានុសិស្ស ជាច្រើនរូប​។

លោក ឌី​ម៉​ង់ ថ្លែងថា ទិវា​​អនាម័យ​​ជាតិ​នេះ ​ប្រារព្ធ​​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុសស្មារតី និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជា​ពលរដ្ឋ​ឱ្យ​ចេះ​ស្រឡាញ់​ថែរក្សា សំអាត​អនាម័យ​បរិស្ថាន និង​ជំរុញឱ្យមាន​ការចាប់​ផ្ដើម​សកម្មភាព​ក្នុងការ​ទទួលខុសត្រូវ​ទុកដាក់​សំណល់​ មិន​បោះចោល​ពាសវាល​ពាសកាល ​តាម​ទីសាធារណៈ ដែល​​ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង។

លោក​ថ្លែងថា៖ «ការបំពុល​ដោយ​ប្លា​ស្ទិ​ក​ ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ ជាពិសេស​សំណល់​ប្លា​ស្ទិ​ក ទាំងនេះ​កំពុងតែ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ភពផែនដី»។

លោក​លើកឡើងថា ​ទិវា​អនាម័យ​ជាតិ ២៣ វិច្ឆិកា គឺ​ស្ថិតក្នុង​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ហើយ​សូម​ស្មារតី​នេះ​ក្លាយជា​មាគ៌ា​ដឹកនាំ​មនុស្សជាតិ​ទាំងអស់ នៅលើ​សកលលោក​ឱ្យ​រួមគ្នា ជា​កម្លាំង​សំដៅ​រួមចំណែក​ដល់​ការងារ​អនាម័យ​បរិស្ថាន ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ ​ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការរស់នៅ​ដោយ​ភាព​សុខដុម របស់​មនុស្ស​គ្រប់​ជំនាន់។

លោក​បន្តថា៖«សូម​ចូលរួម​ធ្វើឱ្យ​ភូមិឋាន​យើង​ស្អាត ទីក្រុង​យើង​មាន​សោភ័ណភាព​បរិស្ថាន​ល្អ​ផ្តើមចេញពី​យើងម្នាក់»។

លោក ម៉ែន គុង អ្នកនាំពាក្យ​សាលា​ខេត្ដ​ស្ទឹងត្រែង​ បានឱ្យដឹងថា តាមរយៈ​ទិវា​អនាម័យ​ជាតិ​នេះ រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង បានរៀបចំ​ព្រឹ​ត្ដិ​ការណ៍ ដោយមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ នៅ​ក្រុង​ស្ទឹងត្រែង ដោយ​អនុវត្ដ​តាម​គោល​នយោបាយ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ។

លោក​ថ្លែងថា៖«យើង​ធ្វើជា​ព្រឹ​ត្ដិ​ការណ៍​មួយ​ ដោយបាន​ជួបជុំគ្នា ផ្សព្វផ្សាយ​អំពី ទិវា​អនាម័យ​​ជាតិ សារៈសំខាន់​នៃ​បរិស្ថាន និង​អនាម័យ ដោយបាន​ចូលរួម​អនុវត្ដ​សកម្ម​ភាពជា​គំរូ​ នៅក្នុង​ការថែរក្សា​បរិស្ថាន និង​អនាម័យ ការ​រើស​សំរាម និង​ការ​សម្អាត​ទីតាំងនៅ​ក្នុង​ក្រុង​ស្ទឹងត្រែង»។

បើតាម​ក្រសួងបរិស្ថាន ទិវា​អនាម័យ​​ជាតិ ២៣ វិច្ឆិកា ត្រូវបាន​រាជរដ្ឋាភិបាល​ ប​ង្កើ​ត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៤៧ ចុះ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៩៥ ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិត​ឱ្យចូល​រួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច សំដៅ​រួមចំណែក កសាង​សង្គម​កម្ពុជា​ឱ្យមាន​បរិស្ថាន​ល្អ​ស្អាត និង​ភាពស្រស់​បំព្រង។ កម្ពុជា បាន​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​នេះ​ជា​រៀងរាល់ឆ្នាំ​ ក្រោម​ប្រធានបទផ្សេងៗ សំដៅ​ចូលរួម​ក្នុងការ​ធានាឱ្យបាន​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន។

បើ​តាម​លោក នេត្រ ភក្ត្រា កម្ពុ​ជាមានសំណល់​រឹង​សំរាម មាន​ប្រមាណ​ជាង ១ ម៉ឺន​តោន​ ក្នុង ១ ថ្ងៃ និង ១ ឆ្នាំ ជាង ៤ លាន​តោន និង​មាន​កំណើន​ប្រមាណ ១៥% ក្នុង ១ ឆ្នាំ។

លោក​បានឱ្យដឹងថា ក្នុង​សំណល់​សំរាម ១០០% មាន​សំណល់​សរីរាង្គ​ប្រមាណ ៦៨% សំណល់​ប្លា​ស្ទិ​ក ប្រមាណ ២០% និង​សំណល់​រឹង​ជាង ១០%។

លោក​បន្តថា៖«អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម គឺ​សំណល់​ប្លា​ស្ទិ​ក ដែលជា​សំណល់​ប្រកបដោយ​គ្រោះថ្នាក់ ប្រសិន​បើ​យើង​មិន​គ្រប់គ្រង​បានល្អ​ ព្រោះ​សំណល់​ប្លា​ស្ទិ​ក មាន​ផ្ទុក​សារធាតុ​គីមី»៕