ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺ​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ហើយក៏​ស្ថិត​នៅក្នុង​យុទ្ធសាស្ត្រ​នៃ​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​លើកឡើង​ពី​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បាន​យក​ចិន​ធ្វើជា​បង្អែក​យុទ្ធសាស្ត្រ​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដែល​បាន​រីករាលដាល​ខ្លាំងក្លា​នាពេល​កន្លងមក​ផងដែរ​។

លោក​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ​រវាង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ២៣ វិច្ឆិកា​។

លោក​បន្តថា ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​មិនបាន​បដិសេធ​ជាមួយ​គម្រោង​ដទៃទៀត ដូចជា B3 (​កសាង ឡើងវិញ​ប្រសើរ​ជាង​) នោះដែរ​។

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍ និង​កំពុង​ទន្ទឹងរង់ចាំ​ការមក​ដល់​របស់ B3 និង​សង្ឃឹមថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស ប្រទេស​រីកចម្រើន​លូតលាស់​ទាំង​ ៧ (G7) ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​គម្រោង​មួយចំនួន ដូចជា​ស្ពាន និង​ផ្លូវ​ដែល​កម្ពុជា​នៅ​ខ្វះខាត​។

លោក​បន្ថែមថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ ពិសេស​អាស៊ាន-ចិន កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា ចិន​បាន​ប្រកាស​ទឹកប្រាក់ ១ ៥០០ ​លាន​ដុល្លារ សម្រាប់​អាស៊ាន យកមក​ប្រើប្រាស់​ទៅលើ​ការអភិវឌ្ឍ​ ដែល​ក្នុងនោះ​ក៏​មាន​កម្ពុជា​ដែរ ដែល​ត្រូវយក​ចំណែក​ប្រាក់​នេះ​មកប្រើប្រាស់​។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​រំឭក​ពី​ក្តីសង្ឃឹម​របស់លោក​ក្នុង​ការទទួល​បាន​វ៉ាក់សាំង​ពី​ចិន ដោយ​លោក​មាន​ប្រសាសន៍​ថា​៖ «​អ្វីដែល ហ៊ុន សែន សង្ឃឹម​ជាងគេ​គឺ​វ៉ាក់សាំង​។ ខ្ញុំ​បាន​ប្រាប់​ទៅ​សហការី​របស់ខ្ញុំ ត្រង់​ថា ឥឡូវ​យើង​ត្រូវតែ​យក​ចិន ធ្វើ​ជា​បង្អែក​យុទ្ធសាស្ត្រ​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង ឯ​ប្រភព​ផ្សេងទៀត គឺជា​ប្រភព​គាំទ្រ​។ ឱ្យ​ (​វ៉ាក់សាំង​) គឺ​យក​។ យើង​ពិនិត្យ​អំពី​ខូវ៉ាក់​។ យើង​អរគុណ​អង្គការ​សុខភាព​ពិភពលោក ដែល​គិតដល់​យើង​។ ខូវ៉ាក់ មក​ដល់ពេលនេះ ទើបនឹង​ផ្តល់​ឱ្យ​យើង​ក្នុង​បរិមាណ​មិនទាន់​ដល់ ១ ​លានដូស​ទេ​។ អ៊ីចឹង បើ​យើង​រង់ចាំ​ខូវ៉ាក់​តើ​ពេលណា​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា រដ្ឋាភិបាល​មិន​អាច​រក​ទិញ​វ៉ាក់សាំង​ប្រភេទ Pfizer, Moderna និង AstraZeneca បាន​នោះ​ទេ ដោយសារ មិនមាន​ប្រទេស​ណា​លក់​ឱ្យ ទើប​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​យក​វ៉ាក់សាំង​ពី​ចិន​។

លោក​ធ្លាប់បាន​ប្រាប់​មន្ត្រី​របស់​លោក​ថា ឱ្យតែ​ចិន​សម្រេចចិត្ត​ថា លក់​វ៉ាក់សាំង​ឱ្យ​កម្ពុជា​គឺ​រដ្ឋាភិបាល​នឹង​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​ពី​ចិន​ភ្លាម​។ ឥឡូវនេះ​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ចំនួន ២៨ ​លានដូស​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​ ២៣ វិច្ឆិកា​ថា ការលើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ការយក​ចិន​ជា​បង្អែក​វ៉ាក់សាំង​យុទ្ធសាស្ត្រ​នេះ​គឺជា​ការបញ្ជាក់​អំពី​ការគិតគូរ​ពី​សុខុមាលភាព​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ចជាតិ​ជាធំ ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅក្នុង​តំបន់​នៅ​មិនទាន់​មាន​ភាពល្អប្រសើរ​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​គុណសម្បត្តិ​របស់​វ៉ាក់សាំង​ចិន គឺជា​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​មាន​តម្លៃ​ថោក ងាយស្រួល​ស្តុក​ទុក និង​ដឹកជញ្ជូន​ជាង​វ៉ាក់សាំង​ផ្សេង​»​។

លោក ថុង ម៉េងដាវិត បន្តថា ដោយសារ​តែ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន កម្ពុជា​ជា​ប្រទេស​ទី​ ១ ដែល​ទទួលបាន​ជំនួយ​វ៉ាក់សាំង ហើយ​ចិន​នៅតែ​បន្ត​ជួយ​កម្ពុជា​បន្ថែមទៀត​ក្នុង​ការផ្តល់​ជំនួយ និង​បរិក្ខារពេទ្យ​ដែល​អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន និង​ជា​ជំនួយ​ដល់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ ដើម្បី​ធានា​បាន​ការបើក​ប្រទេស និង​តំបន់​ឱ្យ​បាន​ឆាប់រហ័ស និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​ប្រកប​ដោយ​ចីរភាព និង​ធន់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា ​បានឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-ចិន​នេះ​មេដឹកនាំ​អាស៊ាន​-​ចិន បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ចិន​ក្រោយ​ជំងឺ​កូវីដ​ ១៩ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រយៈពេល​វែង រួមទាំង​តាមរយៈ​ការគាំទ្រ​ក្របខ័ណ្ឌ​ស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ (ACRF) ​ផងដែរ​។

មេដឹកនាំ​អាស៊ាន-ចិន​ក៏បាន​ចែករំលែក​ទស្សនៈ​ដែលថា​ការផ្ដល់​សច្ចាប័ន និង​ការអនុវត្ត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ឱ្យបាន​ឆាប់រហ័ស​នឹង​ពន្លឿន​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា មេដឹកនាំ​អាស៊ាន និង​ចិន​ក៏​បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូ អាស៊ាន-ចិន ដល់​កម្រិត​ថ្មី តាមរយៈ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅក្នុង​វិស័យ​នានា ដូច​មានចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ចិន​៕