ភ្នំពេញៈ គណបក្ស​បេះដូង​ជាតិ​កំពុង​រៀបចំ​ឯកសារ​ប្តឹង​ក្រសួងមហាផ្ទៃ ដែល​មិន​ព្រម​ទទួល​ចុះបញ្ជី​គណបក្ស​នយោបាយ​ឱ្យ​ខ្លួន ដែល​ការប្តឹង​នេះ មន្ត្រី​ជាន់ខ្ពស់​ឆ្លើយតប​ថា ក្រសួង​មហាផ្ទៃ​ស្វាគមន៍​ចំពោះ​បណ្តឹង​របស់​គណបក្ស​នេះ ដែល​ប្តឹងទៅ​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​ការបដិសេធ ចំពោះ​ការមិន​ព្រម​ទទួល​ចុះបញ្ជី បន្ទាប់ពី​ក្រសួង​រកឃើញ គណបក្ស​មាន​ការក្លែងបន្លំ​ស្នាម​មេដៃ និង​អត្តសញ្ញាណ​បុគ្គល​។

លោក​ សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ វិច្ឆិកាថា គណបក្ស​បេះដូង​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រួចហើយ​។ បច្ចុប្បន្ន គណបក្ស​ក៏​កំពុងតែ​រៀបចំ​ឯកសារ​ ដើម្បី​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល ព្រោះ​យោង​តាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាត្រា​ ២៥ ​ថ្មី​បើក​ផ្លូវ​ឱ្យ​គណបក្ស​នយោបាយ​ណា​ដែល​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​មិន​យល់ព្រម​ចុះបញ្ជី មាន​សិទ្ធិ​ប្តឹង​។

លោក​បញ្ជាក់ថា គណបក្ស​មិន​ប្តឹង​ក្រសួង​មហាផ្ទៃ​ទាំងមូល​ទេ ប៉ុន្តែ​គណបក្ស​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​គឺ​ចំពោះ​ការបដិសេធ​របស់​ក្រសួង​មិន​ចុះបញ្ជី​គណបក្ស​របស់​លោក​ដោយ​មាន​ហេតុផល​របស់ខ្លួន​។ គណបក្ស​របស់​លោក ក៏មាន​ហេតុផល​របស់ខ្លួន​ទៅ​តតាំង​គ្នា និង​ការពារ​នៃ​ការស្នើសុំ​ចុះបញ្ជី​របស់លោក​ជាមួយ​ក្រសួង​មហាផ្ទៃ​នៅ​តុលាការ​ផងដែរ​។

ទោះជា​យ៉ាងណា លោក​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់​ក្នុង​ការយក​ពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​តុលាការ​កំពូល​នៅពេលណា​នោះទេ ខណៈ​ដែល​ឯកសារ​កំពុង​ត្រូវ​បានឱ្យ​មេធាវី​រៀបចំ​ឱ្យបាន​គ្រប់គ្រាន់​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា លោក​ដាក់ពាក្យ​ប្តឹង​នេះ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការមាន​សិទ្ធិ​ស្នើសុំ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស ក្រោម​ហេតុផល​នយោបាយ​នោះ លោក​ចាត់ទុក​ជា​ពាក្យ​គំរាមកំហែង​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា រាជរដ្ឋាភិបាល និង​គណបក្ស​កាន់អំណាច​មិន​យក​បញ្ហា​នេះ ដើម្បី​ធ្វើឱ្យ​មាន​ភាពល្អក់កករ​ផ្នែកលម្ហ​សេរីភាព នយោបាយ និង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា រដ្ឋាភិបាល​នឹង​អនុវត្ត​ទៅតាម​ច្បាប់ ព្រោះ​យើង​ធ្វើ​ដើម្បី​ទាំងអស់​គ្នា ហើយ​ខ្ញុំ​ក៏​គ្មាន​បំណង​ចេតនា​ទុច្ចរិត បង្កបញ្ហា ឬ​ព្យសនកម្ម អប្បគមន៍​ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្គម ដែល​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់​នោះទេ​។ រដ្ឋាភិបាល​ប្រាកដ​ជា​យល់​! បើ​យក​ខ្ញុំ​ទៅ​ដាក់​នៅ​ពន្ធនាគារ ឬ​រារាំង​ខ្ញុំ វា​អត់​ចំណេញ​អី​ទេ មាន​តែ​ខាតបង់​»​។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​តេឡេក្រាម នា​ថ្ងៃទី​ ២២ ខែវិច្ឆិកា ថា លោក​ស្វាគមន៍​ចំពោះ​គណបក្ស​ បេះដូង​ជាតិ ​ដែល​បានចេញ​សេចក្តី​ថ្លែងការណ៍ និង​មានបំណង​ប្តឹង​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការបដិសេធ​ចំពោះ​ការមិន​ចុះបញ្ជី​គណបក្ស​នេះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​របស់​ក្រសួងមហាផ្ទៃ​។

កាលពី​ដំបូង​ក្រសួង​មហាផ្ទៃ​ថា នឹង​ប្តឹង​គណបក្ស​នេះ ពាក់ព័ន្ធ​នឹង​ការក្លែងបន្លំ​មេដៃ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ដែល​ក្រសួង​រកឃើញ​។ ប៉ុន្តែ​ដោយ​យល់ឃើញ​ថា ស្ថានភាព​គុក វា​ចង្អៀត និង​ជួយ​សម្រួល​ដល់​នីតិវិធី​តុលាការ ក៏​សម្រេចចិត្ត​មិន​ប្តឹង​វិញ ដោយ​គ្រាន់តែ​ចេញ​លិខិត​ផ្លូវការ​មួយ​បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​ទេ​។

លោក​ថ្លែងថា​៖ «​ឥឡូវ វា​ល្អ​ដែរ ប៉ុន្តែ​សូម​ជម្រាប​ជូន​គាត់​មុន​ថា​កុំ​រត់ចោល​ស្រុក កុំ​រត់ចោល​ស្រែ កុំ​រត់ចោល​ចម្ការ​។ នៅ​តតាំង​គ្នា​នៅ​តុលាការ​។ ផ្តាំ​ទៅ​មេគណបក្ស​មុន​នោះ​ឱ្យ​ហើយ បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​។ លេង​ចុះ លេង​ឡើង ទៅ​យំឡាំប៉ា ឱប​ជើង ឱបដៃ​បរទេស សុំ​សិទ្ធិ ជ្រកកោន​អី កុំឱ្យ​សោះ​! ត្រូវ​ធ្វើ​ចិត្ត​ជា​កូនប្រុស​នៅ​តតាំង​ក្តី​ជាមួយ​គ្នា ព្រោះ​រឿងនេះ ជា​រឿង​ផ្លូវច្បាប់​»​។

លោក​ សេង សារី អ្នកវិភាគ​នយោបាយ និង​សង្គម​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ វិច្ឆិកា ថា នេះ​ជា​លើក​ទី​១ ​ហើយ ដែល​ក្រសួងមហាផ្ទៃ​បាន​ត្រួតពិនិត្យ​ស្នាម​មេដៃ​ជាមួយ​គណបក្ស​បេះដូង​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ដែល​មិន​ធ្លាប់​ឃើញ​ពីមុន​មកនេះ​។

ទោះជា​យ៉ាងណា លោក​ថ្លែង​ថា ក្រសួងមហាផ្ទៃ​ធ្វើការ​ត្រួតពិនិត្យ​ស្នាម​មេដៃ​នេះ​ក៏​មិនមាន​អ្វី​ខុស​ដែរ​។ ប៉ុន្តែ​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើ គឺ​តុលាការ​ជា​អ្នក​ធ្វើ​កិច្ចការ​នេះ​។ មួយទៀត​សេចក្តី​ឆ្លើយតប​ទៅ​គណបក្ស​បេះដូង​ជាតិ ក៏​មិន​បានរួម​បញ្ចូល​នឹង​ស្នាម​មេដៃ​ដែរ គ្រាន់តែ​ឱ្យ​កែសម្រួល​លក្ខន្តិកៈ​មួយចំនួន ប៉ុន្តែ​ចុងបញ្ចប់ វា​ទៅ​ខុស​ស្នាម​មេដៃ​ទៅវិញ​។

លោក​ សារី ​បញ្ជាក់​ថា​៖ «​ក្រសួងមហាផ្ទៃ គួរតែ​ផ្តល់​ឱកាស​គណបក្ស​បេះដូង​ជាតិ កែសម្រួល​ស្នាម​មេដៃ ដោយ​អាច​ជូនដំណឹង​ថា​ស្នាម​មេដៃ​មាន​ភាពមិន​ច្បាស់លាស់​ជាន់គ្នា​អ៊ីចឹងទៅ​។ ត្រូវ​ទៅយក​ស្នាម​មេដៃ​ថ្មី​មក​ជំនួស​ទើប​អាច​ចុះបញ្ជី​បាន​។ មិនគួរ​យក​រឿង​ហ្នឹង​ដល់​តុលាការ​ទេ​។ ខ្ញុំ​គិតថា វា​មានអី​មួយ​នៅ​ពីក្រោយ​ហ្នឹងហើយ​»​។

ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​ ១៦ វិច្ឆិកា ឆ្នាំ​ ២០២១ បាន​បដិសេធ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ ដោយ​ថា ការផ្តិត​មេដៃ​របស់​បក្ស​ ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត​ ដោយមាន​ការផ្តិត​ស្នាមមេដៃ​ជំនួស​។ ការក្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល​ និង​ការផ្ដិត​ធ្វើឱ្យ​ខូចគុណភាព​ ដើម្បី​បង្កើន​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ផងដែរ​។

បើតាម​គណបក្ស​បេះដូង​ជាតិ​ខ្លួន​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ភ្ជាប់​ជាមួយ​ចំនួន​ ៤ ៦១៨ ​នាក់​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ក្រសួង​ពិនិត្យឃើញ​ ៤ ៧៨១ ​នាក់​៕

វីដេអូ៖