ភ្នំពេញៈ យោងតាម​របាយការណ៍​ថ្មី​របស់​សហរដ្ឋអាមេរិក​បានឱ្យដឹងថា​ចំនួន​និស្សិត​កម្ពុជា ដែល​បាន​សិក្សា​នៅតាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក​ឆ្នាំ​សិក្សា​ ២០២០-២០២១ មាន​ការកើនឡើង​​ជាង​ ១៤ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​​មុន​ ទោះបី​ស្ថិតក្នុង​បរិបទ​កូវីដ​ ១៩ ​ក៏ដោយ​។

របាយការណ៍ Open Doors ឆ្នាំ​ ២០២១ ស្តីពី​ការផ្លាស់ប្តូរ​ផ្នែក​សិក្សា​អប់រំ​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំនេះ​បាន​ឱ្យដឹងថា សម្រាប់​និស្សិត​កម្ពុជា​ដែល​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​ ២០២០-២០២១ មាន​ចំនួន ៨៤៨ ​នាក់​ជា​ចំនួន​ច្រើនជាង​​កាលពី​ឆ្នាំ​ ២០១៩-២០២០ ដែលមាន​ត្រឹមតែ​ចំនួន ៧៤២ ​នាក់​។

របាយការណ៍​បន្តថា ចំនួន​នេះ​មាន​ការកើនឡើង​ ១៤,៣ ​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​សិក្សា​កន្លងទៅ​ដែល​បង្ហាញ​​ពី​សក្តានុពល​ទៅ​សិក្សា​នៅ​បរទេស ទោះបី​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏ដោយ​។ កំណើន​នេះ​បន្ត​នូវ​និន្នាការ​ជា​វិជ្ជមាន​ក្នុង​រយៈពេល ៧ ​ឆ្នាំ​កន្លងមកនេះ​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​លើកឡើង​នៅក្នុង​របាយការណ៍​នេះ​ថា លោក​មាន​មោទនភាព​ដែលមាន​និស្សិត​កម្ពុជា​ច្រើន​ជ្រើស​យក​ការសិក្សា​នៅក្នុង​សហរដ្ឋអាមេរិក​។ លោក​បន្តថា តាម​បទពិសោធ​លោក​ផ្ទាល់ ការសិក្សា​នៅ​បរទេស​បាន​​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដែល​ធ្វើឱ្យ​ជីវិត​មានការ​ផ្លាស់ប្តូរ​។

លោក​ថា​៖ «​វា​ជា​ដំណឹង​ដ៏រីករាយ ដែល​ឃើញថា និស្សិត-កម្ពុជា​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​ការអប់រំ​នៅ​ថ្នាក់​ឧត្តមសិក្សា​​របស់​អាមេរិក​ថា ជា​មធ្យោបាយ​ដ៏មាន​សារៈសំខាន់​មួយ​ក្នុង​ការទទួល​បាន​នូវ​ជំនាញ​ថ្មីៗ ចំណេះដឹង និង​បទពិសោធ​សម្រាប់​ជំរុញ​បន្ថែម​នូវ​ការអភិវឌ្ឍ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

បន្ថែម​ពីនេះ លោក​ថា ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បាន​ជំរុញ​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រជាជន​កម្ពុជា​តាមរយៈ​មជ្ឈមណ្ឌល​អប់រំ​អាមេរិក​ EducationUSA និង American Spaces មាន​ទីតាំងនៅ​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ក៏មាន​ផងដែរ​នូវ​មជ្ឈមណ្ឌល​ឯកសារ​ឌីជីថល​ថ្មី​មួយទៀត​ដែល​​មានឈ្មោះ​ជា​អង់គ្លេស​ថា AmCam Exchange ដែលមាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប Exchange Square ភ្នំពេញ​»​។

លោកស្រី ងិន លីដា បច្ចុប្បន្ន​ជា​នាយិកា​នាយកដ្ឋាន​ផ្សារ​អេឡិចត្រូនិក​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក​ឆ្នាំ​ ២០១៧-២០២១ ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា ការសិក្សា​នៅ​ទីនោះ ពិតជា​បាន​ផ្តល់​​ចំណេះ និង​បទពិសោធ​ដ៏ច្រើន​ ដើម្បី​អភិវឌ្ឍ​ខ្លួន​។ ក្នុង​រយៈពេល​សិក្សា​ ៤ ​ឆ្នាំ​នៅ​អាមេរិក​លោកស្រី​ទទួល​បាន​សញ្ញាបត្រ​ចំនួន​ ២ ​គឺ​ទី​ ១ អនុបណ្ឌិត​សិល្បៈ (​ទំនាក់ទំនង និង​ការសិក្សា-​អភិវឌ្ឍន៍​) និង​ទី​ ២ អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ​។ លោកស្រី​បានឱ្យដឹងថា អាហារូបករណ៍​ទី​ ១ ​បានមកពី​មូលនិធិ​សង្គម​បើកចំហ និង​អាហារូបករណ៍​ទី​ ២ ​បាន​ពី​សាកលវិទ្យាល័យ​ Ohio​។

បើតាម​លោកស្រី ងិន លីដា មូលហេតុ​ដែល​ជំរុញ​ចិត្ត​ឱ្យ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ដោយសារ​លោកស្រី​មាន​បទពិសោធ​​ដ៏អស្ចារ្យ​មិនអាច​បំភ្លេចបាន​លើកដំបូង​នៅ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៦ តាមរយៈ​គំនិត​ផ្តួចផ្តើម​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍​វ័យ​​ក្មេង Young Southeast Asian Leaders Initiative (YSEALI) ​ដែល​បង្កើតឡើង​ដោយ​លោក បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។

លោកស្រី​បាន​បន្តថា នៅ​សហរដ្ឋអាមេរិក​ក្រៅពី​ជា​ប្រទេស​ជឿនលឿន​បំផុត​មួយ​ដែល​សម្បូរបែប​ដោយ​វប្បធម៌ សេរីភាព កម្មវិធី​សិក្សាអប់រំ ដែល​​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ គំនិត និង​ទេសភាព​ដ៏អស្ចារ្យ​​ហើយ​ការសិក្សា​នៅ​ទីនោះ​ទទួលបាន​ចំណេះដឹង​ច្រើន​ទាំង​រៀន​ក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់​។

លោកស្រី​ថា​៖ «​ខ្ញុំ​បាន​រៀន​អំពី​វប្បធម៌ ប្រពៃណី នយោបាយ បរិយាកាស​ការងារ ទំនាក់ទំនង​​ខ្ញុំ​បានឃើញ​ទិដ្ឋភាព​ដ៏ស្រស់ស្អាត និង​អស្ចារ្យ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក ខ្ញុំ​មាន​បទពិសោធ​បច្ចេកវិទ្យា​ជឿនលឿន​ខ្លាំង ហើយ​បាន​ជួប​មនុស្ស​អស្ចារ្យ​ជាច្រើន​នៅ​ទីនោះ​»​។

ក្នុងនាម​ជា​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​នៅ​ប្រទេស​ជឿនលឿន​មួយ​នេះ លោកស្រី​ថា នឹង​យក​ចំណេះដឹង​ និង​បទពិសោធ​មក​អភិវឌ្ឍ​នៅ​កម្ពុជា ដូចជា​ការច្នៃប្រឌិត ការអប់រំ បទពិសោធ​ការងារ ការទំនាក់ទំនង ជាពិសេស​គំនិត​ថ្មី​នៃ​ភាពជា​សហគ្រិន​។

លោកស្រី​បញ្ជាក់​ថា​៖ «​ភាពជា​សហគ្រិន​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​គោលដៅ និង​ទិសដៅ​អនាគត​របស់ខ្ញុំ ហើយ​វា​ជា​កន្លែង​ដែល​ខ្ញុំ​នឹង​បន្ត​ទៅមុខ​ក្នុង​ផ្លូវ​នេះ ព្រោះ​ខ្ញុំ​ជឿថា ក្រៅពី​ការអប់រំ ភាព​ជា​សហគ្រិន​វា​នឹង​ក្លាយជា​គន្លឹះ​ក្នុង​ការលើក​កម្ពស់​សេដ្ឋកិច្ច និង​ការរស់នៅ​របស់​មនុស្ស​ប្រកប​ដោយ​និរន្តរភាព​នៅ​កម្ពុជា​»​។

របាយការណ៍ Open Doors បានឱ្យដឹង​ដែរ​ថា សហរដ្ឋ-អាមេរិក គឺជា​គោលដៅ​ទី​ ១ ​ក្នុង​ពិភពលោក សម្រាប់​និស្សិត​អន្តរជាតិ​ដោយមាន​និស្សិត​ចំនួន ៩១៤ ០៩៥ ​នាក់​សិក្សា​​នៅក្នុង​ឆ្នាំ ២០២០-២០២១​។

របាយការណ៍​បន្តថា «​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ជា​ចំណែក​មួយ​ធ្វើឱ្យ​ចំនួន​និស្សិត​មានការ​ធ្លាក់ចុះ​ចំនួន​ ១៥% ​នៅ​ ២០១៩-២០២០ តែ​ចំនួន​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​​ក្នុង​សហរដ្ឋអាមេរិក​បែរជា​មាន​​កំណើន​ទៅវិញ​»៕