ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​នៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ឡាវ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​កិច្ចសហប្រតិបត្ដិការ​សម្រាប់​ឆ្នាំ​ ២០២២ និង​ឯកភាព​បន្ត​បង្កើន​ការយកចិត្ដ​ទុកដាក់​លើ​កិច្ចសហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ ២ ខណៈ​ទំនាក់ទំនង​ក្នុង​ឆ្នាំ​ ២០២០-២០២១ ​មាន​លទ្ធផល​ល្អ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងមហាផ្ទៃ​។

ក្នុងជំនួប​នៃ​កិច្ចប្រជុំ​រវាង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ស្ដីអំពី​ការវាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០២០-២០២១ និង​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០២២ តាមប្រព័ន្ធ​វីដេអូ​នាថ្ងៃទី​ ២២ វិច្ឆិកា លោក ស ខេង និង​លោក វីល័យ ឡាខាំហ្វង បាន​សាទរ​ចំពោះ​ទំនាក់ទំនង​ដ៏ល្អ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​ស្មារតី មិត្តភាព ជា​ប្រពៃណី សាមគ្គីភាព និង​ភាពជា​អ្នកជិតខាង​ល្អ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា តាមរយៈ​ទំនាក់ទំនង​នេះ​ក៏បាន​ជំរុញ​ដល់​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ឡាវ កាលពី​ឆ្នាំ ២០២០ ​កន្លងទៅ ដោយ​បាន​រួមចំណែក​យ៉ាងសំខាន់​បម្រើ​ដល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ ជាពិសេស ការជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ក្នុង​កាលៈទេសៈ​ដ៏លំបាក​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ដ៏កាចសាហាវ​នេះ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ក្នុង​ស្មារតី​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែមទៀត​រវាង​ភាគី​ទាំង​ ២ សម្តេច​ក្រឡាហោម ស ខេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ​សម្រាប់​ឆ្នាំ ២០២២ និង​បាន​ឯកភាព​បន្ត​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​ការងារ​មួយចំនួនទៀត​»​។

កិច្ចសហប្រតិបត្ដិការ​នោះ​គឺ បាន​ឯកភាព​បន្ត​បង្កើន និង​ពង្រឹង​បន្ថែម​នូវ​យន្តការ​សហប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ព្រមទាំង​ពង្រីក​វិសាលភាព​ការផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ជួញដូរ ដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ដែល​កើតឡើង​តាមបណ្ដោយ​ព្រំដែន​។ ឯកភាព​បន្ត​បង្កើន​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន និង​ចាត់​វិធានការ​ទាន់ពេលវេលា​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។ ជាពិសេស ការលួច​ឆ្លងដែន​ខុសច្បាប់ បទល្មើស​ព្រៃឈើ ការទន្ទ្រាន​កាប់​ព្រៃ​ធ្វើការ​ដាំដុះ និង​ការបរបាញ់​សត្វ​ដោយ​ខុសច្បាប់ និង​សកម្មភាព​ផ្សេងទៀត ដែល​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​ព្រំដែន​។

ឯកភាព​បន្ត​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​សម្រួល​ការចេញ-ចូល​តាម​ច្រកទ្វារ​អន្តរជាតិ ស្របតាម​នីតិវិធី​ជា​ធរមាន រួមទាំង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទេសចរណ៍​។ ការពិនិត្យ​ព្យាបាល​ជំងឺ ការសួរសុខទុក្ខ​បងប្អូន និង​ការចូលរួម​ពិធី​ផ្សេងៗ​តាម​ប្រពៃណី ព្រមទាំង​សហការ​ដោះស្រាយ​បាតុភាព​នានា​តាម​បណ្ដោយ​ព្រំដែន ឈរលើ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​ការគោរព​អធិបតេយ្យ​គ្នា​វិញ​ទៅមក​។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ភាគី​ទាំង​ ២ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន និង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ ២ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​ដ៏ស្មុគស្មាញ បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ក៏​នៅតែ​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ក្នុង​ការថែរក្សា​បរិយាកាស​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​បាន​យ៉ាង​ល្អប្រសើរ​។

ក្នុងនោះ​ភាគី​ទាំង​ ២ ក៏បាន​រួមចំណែក​បង្ក​លក្ខខណ្ឌ​អំណោយផល​ដល់​ការប្រកប​ជីវភាព​របស់​ប្រជាជន និង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​។ ជាពិសេស​កិច្ចសហការ​ដោះស្រាយ​បាតុភាព​ផ្សេងៗ​នៅតាម​ព្រំដែន ដោយ​ឈរលើ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​ការគោរព​អធិបតេយ្យ​គ្នា​ទៅវិញ​ទៅមក​៕