ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​ស៊ុយអែត រួមទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​បាន​សហការ​គ្នា​បង្កើត​គម្រោង​ថ្មី​មួយ​ឈ្មោះថា​ “​ទីផ្សារ​ការងារ​សម្រាប់​ជន​គ្រប់រូប​នៅ​កម្ពុជា ការគាំទ្រ​ដល់​អ្នកស្វែងរក​ការងារ​មាន​ពិការភាព​” ដែល​គម្រោង​នេះ​មាន​រយៈពេល​ជាង​ ២ ​ឆ្នាំ ដើម្បី​លើកកម្ពស់​ទីផ្សារការងា​សម្រាប់​ជន​គ្រប់រូប​។

ការប្រកាស​ពី​គម្រោង​ថ្មី​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៣ វិច្ឆិកា ក្នុង​ឱកាស​ដែល​លោក Magnus Saemundsson លេខា​ទី​ ១ ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការ​ក្រសួង​ការងារ​។

តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការងារ​ឱ្យដឹងថា គម្រោង​នេះ ចាប់ដំណើរការ​ពីថ្ងៃ​ទី​ ១ កញ្ញា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ៣១ ធ្នូ ឆ្នាំ​ ២០២៣ ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​ទីផ្សារការងា​សម្រាប់​ជន​គ្រប់រូប ដោយ​គាំទ្រ​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ​ដែលមាន​ពិការភាព​ដោយ​ផ្តោត​ជាពិសេស​លើ​យុវជន និង​ស្ត្រី​។

នាឱកាស​នោះ​លោក អ៊ិត សំហេង លើកឡើង​ថា រដ្ឋាភិបាល​ស៊ុយអែត​តែងតែ​ផ្តល់​ការជួយឧបត្ថម្ភ​គាំទ្រ និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ទៅនឹង​ការផលិត​នូវ​របាយការណ៍​អង្កេត​អំពី​កង្វះ​ជំនាញ និង​គម្លាត​ជំនាញ​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា​។ ក្នុងនោះ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ក៏​តែង​ជួយ​គាំទ្រ​ដល់​ការធ្វើ​របាយការណ៍​ព្យាករ​អំពី​ឱកាស​ការងារ​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា ដែល​ការងារ​ទាំងនេះ​បាន​ចូលរួម​ដល់​សកម្មភាព​របស់​មន្ត្រី​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ​ក្នុង​ការប្រើប្រាស់​ស្របទៅនឹង​ភាពទំនើប​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​ការរៀបចំ​ដំណើរការ​ស្វែងរក​ការងារ​បាន​រៀបចំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​កាត់បន្ថយ​នូវ​ការប្រមូលផ្តុំ​ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ហើយ​សេវា​របស់​យើង​នៅតែមាន​ដំណើរការ អ្នក​ដែល​បាត់បង់​ការងារ​អាច​សម្ភាស​រក​ការងារ​ថ្មី​។ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) អាច​ចាត់ទុកថា ជា​សេវា​ថ្មី​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​នោះ​ដែរ​ក៏មាន​ការផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ជាដ​រាបរៀង​មកពី​រដ្ឋាភិបាល ស៊ុយអែត​»​។

ទាក់ទង​នឹង​ការងារ​ជនពិការ​លោក អ៊ិត សំហេង បាន​លើកឡើងថា កម្ពុជា​ក៏មាន​ច្បាប់​ការពារ​ជនពិការ ដើម្បី​គាំពារ​ដល់​ពួកគាត់ ប៉ុន្តែ​បច្ចុប្បន្ន​នៅតែ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់គ្នា​ចូលរួម​ធ្វើការ​ដោះស្រាយ ក្នុង​ការធ្វើ​សមាហរណកម្ម​ជនពិការ​ទៅក្នុង​សហគមន៍ គឺ​ការផ្តល់​ឱកាស​ការងារ​ជូន​ដល់​ពួកគាត់​ឱ្យបាន​កាន់តែ​ប្រសើរ​។

លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា ជាមួយ​នឹង​គម្រោង​ថ្មី​នេះ ស៊ុយអែត​នឹង​បន្ត​ខិតខំ​បន្ថែមទៀត​ក្នុង​ការជួយ​គាំទ្រ​ដល់​ក្រសួង​ការងារ ដើម្បី​អាចបង្កើត​មជ្ឈមណ្ឌល​ការងារ​ថែមទៀត​ឱ្យ​បាន​គ្រប់​រាជធានី ខេត្ត ពោលគឺ​យ៉ាងតិច​មាន​មជ្ឈមណ្ឌល​ការងារ​ ១ ក្នុង ១ ​រាជធានី ខេត្ត ខណៈ​បច្ចុបន្ន​កម្ពុជា មាន ១៣ មជ្ឈមណ្ឌល​ការងារ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន​ ៣​។

គម្រោង​ទាំងនោះ​ពិតជា​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​ភាពងាយស្រួល និង​ពង្រីក​នូវ​វិសាលភាព​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​ឱកាស​ការងារ និង​ផ្តល់​កម្លាំង​ពលកម្ម​ ដើម្បី​បំពេញ​នូវ​តម្រូវការ​ដល់​ស្ថាប័ន ក្រុមហ៊ុន​រោងចក្រ សហគ្រាស​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​។

លោក​ថា​៖ «​យើង​ក៏បាន​ពិភាក្សា​លើ​គម្រោង​ទីផ្សារការងារ​ប្រកប​ដោយ​បរិយាប័ន្ន​នៅ​កម្ពុជា ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ការផ្តល់​ឱកាស​ការងារ​សម្រាប់​ជនពិការ ដែល​យើង​ឃើញថា ច្បាប់​យើង​បាន​ផ្តល់​ឱកាស​ឱ្យ​ជនពិការ​អាច​ទទួលបាន​ការងារ ទាំង​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន​»​។

លោកស្រី ​ម៉ាក់ មូនីកា ​នាយិកា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគាំទ្រ​ដល់​ការទទួល​បាន​ឱកាស​ការងារ​សម្រាប់​ជនពិការ​នេះ​។ លោកស្រី​បញ្ជាក់​ថា​៖ «​បើសិនជា​ជនពិការ​មាន​ជំនាញ​វិជ្ជាជីវៈ​ទាំងអស់​ហ្នឹង​​ហើយ ខ្ញុំ​គិតថា អ្វីដែល​យើង​ត្រូវ​គិតដល់ ជាពិសេស​វិស័យ​ឯកជន ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​គិត​មួយ​មុខ​ទៀត​ក្នុង​ការលើក​ទឹកចិត្ត​ដល់​ពួកគាត់​ក្នុង​ការចូល​ធ្វើការ​។

ពាក្យ​ថា លើកទឹកចិត្ត​នេះ​មិនមែន​បាន​ន័យថា ជនពិការ​មិនចេះ​អី​ឱ្យ​យក​គាត់​ចូលធ្វើការ​នោះទេ គឺ​យើង​ត្រូវ​ថ្លឹងថ្លែង​ក្នុង​ការផ្តល់​ឱកាស​ដល់​ជនពិការ បើ​គាត់ មាន​សមត្ថភាព​គ្រប់គ្រាន់​»​។ តាមច្បាប់​ការជ្រើសរើស​ជនពិការ​ក្នុង​ការចូល​បម្រើ​ការងារ​ក្នុងសង្គម ដោយ​រដ្ឋាភិបាល​ត្រូវបាន​កំណត់​ចំនួន​ ២ ​ភាគរយ ចំណែក​នៅក្នុង​សហគ្រាស​ឯកជន​គឺ​ ១ ​ភាគរយ​។

បើតាម​លោកស្រី​ ម៉ាក់ មូនីកា ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​កិច្ចការងារ​ក្នុង​ស្ថាប័នរដ្ឋ មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ជនពិការ​ច្រើនជាង ២ ​ភាគរយ​ទៅទៀត​៕