ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​នៃ​ប្រទេស​ថៃឡង់ដ៍ (NEDA) បន្ត​សិក្សា​ផ្នែក​បច្ចេកទេស​លើ​គម្រោង​ផ្លូវ​ចំនួន​ ៦ ​ខ្សែ​តភ្ជាប់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​ ៤ តាម​បណ្តា​ព្រំដែន បន្ទាប់ពី​គម្រោង​ផ្លូវ​ ១ ​ខ្សែ ក្នុងចំណោម​ផ្លូវ​ទាំងនោះ​ត្រូវ​បាន​ដាក់​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សម្រេច មុននឹង​ស្នើសុំ​កម្ចី​ឥណទាន​ពី​ប្រទេស​ថៃ​។

កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួបពិភាក្សា​ការងារ​តាមរយៈ​វីដេអូ​ឡាយ​ជាមួយ​លោក Col Saranyu Viriyavejakul D. Sc អនុប្រធាន​ទីភ្នាក់ងារ NEDA និង​ក្រុមការងារ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ដីពី​ការសុំ​ជំនួយ​បច្ចេកទេស​ក្នុង​ការសិក្សា​គម្រោង​ផ្លូវ​ចំនួន​ ៦ ​ខ្សែ​សម្រាប់​ស្នើសុំ​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ថៃ​។

លោក តូច ចាន់កុសល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ ២៣ វិច្ឆិកា​ថា កន្លងទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ស្នើ​ទីភ្នាក់ងារ NEDA ឱ្យជួយ​សិក្សា​គម្រោង​ផ្លូវ​ចំនួន​ ៦ ​ខ្សែ ដែល​តភ្ជាប់​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​សៀមរាប ខេត្ត​ឧត្តរមានជ័យ ខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដើម្បី​តភ្ជាប់​ការដឹកជញ្ជូន និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២​។ ជំនួប​នេះ គឺ​ក្រសួង​សាធារណការ​បន្ត​ស្នើឱ្យ​ស្ថាប័ន​នេះ បន្ត​ការសិក្សា​ផ្នែក​បច្ចេកទេស​លើផ្លូវ​ទាំង​ ៦ ​ខ្សែ​នេះ​បន្តទៀត ដើម្បី​បន្ត​ការដាក់​ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ រួម​នឹង​រដ្ឋាភិបាល ធ្វើការ​សម្រេច​ក្នុង​ការដាក់​សំណើ​ស្នើសុំ​កម្ចី​ឥណទាន​ពី​ប្រទេស​ថៃ​។ ​

ជាមួយ​នឹង​ការសិក្សា​បន្ត​លើផ្លូវ​ទាំង ៦ ខ្សែ​នេះ លោក តូច ចាន់កុសល បាន​អះអាង​ថា ចំពោះ​ផ្លូវ​លេខ ៧៦ ដែលជា​ផ្លូវ ១ ​ខ្សែ​ក្នុងចំណោម​ផ្លូវ​ទាំង ៦ ​ខ្សែ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ជាប់​ព្រំដែន គឺ​បាន​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើការ​ពិនិត្យ​រួចហើយ ដោយ​រង់ចាំ​ការសិក្សា​បន្ត​លើ​គម្រោង​កម្ចី​ឥណទាន​ពី​ប្រទេស​ថៃ​ថា​នឹង​ត្រូវ​ធ្វើ​កម្ចី​ទាំងស្រុង​ឬ​យ៉ាងណា​?

លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ ៦៧ គឺ​យើង​បាន​សិក្សា​រួច និង​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច​ហើយ ចំណែក​ផ្លូវ ៦៨ និង​ផ្លូវ​បន្តបន្ទាប់​ទៀត គឺ NEDA នឹង​បន្ត​សិក្សា​លើ​ផ្នែក​បច្ចេកទេស​ក្រោយៗ​ទៀត​។ ចាំ​សិក្សា​ហើយ ចាំមើល​លទ្ធផល​សរុប ហើយនឹង​មាន​ការឆ្លង​ពី​ស្ថាប័ន​ធំ​ទៀត​»​។

បើតាម​លោក តូច ចាន់កុសល បានឱ្យ​ដឹងថា ផ្លូវ​ទាំង ៦ ខ្សែ​នេះ គឺជា​ផ្លូវ​ចាស់​ដែលមាន​ស្រាប់ ដោយ​ក្រសួង​គ្រោង​នឹង​អភិវឌ្ឍ​ផ្លូវ​ទាំងនោះ​ឱ្យ​មាន​គុណភាព​ឡើងវិញ ហើយ​ផ្លូវ BST មួយចំនួន​នឹង​ធ្វើការ​អភិវឌ្ឍ​ទៅជា​ផ្លូវ AC បន្ទាប់ពី​ផ្លូវ​ទាំងនោះ​បាន​ខូចខាត ដែល​ប៉ះពាល់​ដល់​ការធ្វើ​ដំណើរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​មាន​របាយការណ៍​ច្បាស់លាស់​ពី​គម្រោង​ចំណាយ​អី​ទេ ព្រោះនេះ យើង​គ្រាន់តែ​គ្រោង​ឱ្យ NEDA នេះ មក​សិក្សា​សិន​ទេ​។ យើង​នឹង​បន្ត​ការសិក្សា​បន្តបន្ទាប់​គ្នា ឥឡូវនេះ NEDA ទើប​ស្រាវជ្រាវ​ចប់​បាន ១ ផ្លូវ​លេខ ៦៧ មួយ​ហ្នឹង​។ យើង​ជួបគ្នា​នេះ គឺ​ដើម្បី​ពិភាក្សា​ជា​បន្តទៅទៀត ដើម្បីឱ្យ​គាត់​សិក្សា​លើ​ផ្នែក​បច្ចេកទេស​បន្ត​បន្ទាប់មកទៀត​»​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ ៦ ខ្សែ​នោះ គឺជា​រឿង​ល្អ ដែល​ក្រសួង​បង្កើន​ការសិក្សា​ទៅលើ​ប្រព័ន្ធ​ផ្លូវ​ទាំងអស់​នោះ​មុន​នឹង​ធ្វើការ​អភិវឌ្ឍ​ក្នុងពេល​ខាងមុខ​។ បើ​ក្នុងករណី​ដែល​ក្រសួង​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​ទាំងនោះ មកជា​ផ្លូវ​ប្រភេទ AC ដើម្បី​ស្របតាម​ស្តង់ដា គឺ​ត្រូវ​ការចំណាយ​ថវិកា​អស់​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការសិក្សា​ស៊ីជម្រៅ​បន្ថែមទៀត ជាពិសេស​គឺ​ផលចំណេញ​នៃ​ទំហំ​សេដ្ឋកិច្ច​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ ជឿជាក់​ថា​យើង​សាងសង់​ផ្លូវ​ហ្នឹង ច្បាស់​ជា​មាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ខាង​ដឹក​ជញ្ចូន​ជាច្រើន​។ ប៉ុន្តែ​ខ្ញុំ​ចង់​ចាប់អារម្មណ៍​ថា ប្រសិនបើ​ការសាងសង់​ផ្លូវ​ហ្នឹងហើយ តើ​កម្រិត​នៃ​ផលិតផល​កសិផល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​នេះ វា​បាន​បង្កើន​ដែរ​អត់​? បើ​យើង​មើល​មួយ​ជ្រុង គឺជា​រឿង​ល្អ សម្រាប់​វិស័យសេដ្ឋកិច្ច គឺមាន​នាំចូល និង​ការនាំចេញ ហើយ​បើ​ផ្លូវ​យើង​ល្អ​ក៏ជួយ​សម្រួល​ក្នុង​ការដឹក​ទំនិញ​ដែរ​»​។

លោក គង់ រតនៈ ចង់ឱ្យ​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ទាំង ៦ ខ្សែ​នោះ ដោយ​ផ្តោតលើ​គុណភាព​ជា​ចម្បង ដើម្បី​បញ្ចៀស​លើ​ការឆាប់​ខូចខាត​ដោយសារ​តែ​កន្លងមក ការដែល​ផ្លូវ​ទាំងនោះ ឆាប់​ខូចខាត ក៏​ព្រោះតែ​ការដឹក​លើស​ទម្ងន់ ខណៈ​លោក​ជំរុញ​ឱ្យ​មាន​ការសិក្សា​លម្អិត​បន្ថែមទៀត លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ទាំងនោះ​។

លោក​ថា​៖ «​បើ​ការអភិវឌ្ឍ​ផ្លូវ​នោះ យើង​មាន​ការដោះដូរ​ពី​ប្រទេស​ជិតខាង​យើង​ហ្នឹង​មាន​ផលិតកម្ម​ខុសគ្នា​តិចតួច ខ្ញុំ​គិតថា គឺជា​ការវិនិយោគ​ដ៏ល្អ តែ​ប្រសិនបើ​យើង​មាន​ផលិតកម្ម​តិចតួច ហើយ​យើង​ធ្វើការ​ចំណាយ​ទៅ​ច្រើន (​លើផ្លូវ​) ហើយ​ធ្វើឱ្យ​បាត់​លំនឹង​សេដ្ឋកិច្ច ដែល​ការនាំចេញ​មិនមាន មាន​តែ​ការនាំ​ចូល​លើសលប់​ពេក​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលិតភាព​របស់​កសិករ​»៕