សៀមរាបៈ អភិបាលស្រុក​បន្ទាយស្រី​នៃ​ខេត្តសៀមរាប លោក​ ឃឹម ហ្វីណង់ ស្នើ​ដល់​ក្រុមហ៊ុន​ដែលមាន​បំណង​វិនិយោគ ផ្នែក​អចលនទ្រព្យ​ពុះ​ដីឡូត៍ ឬ​សាងសង់​សំណង់​ផ្សេងៗ​នៅ​ស្រុក​នេះ ត្រូវសុំ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​តំបន់​នោះ​ភាគច្រើន​ស្ថិតក្នុង​គម្រប​ព្រៃឈើ និង​ជា​តំបន់​អភិរក្ស​។

ការស្នើ​នេះ បន្ទាប់ពី​លោក​សង្កេតឃើញ​មាន​ក្រុមហ៊ុន​វិនិយោគ​ទាំង​តូច​ទាំង​ធំ បាន​សម្រុក​ទៅ​វិនិយោគ​ទិញ-លក់​ដី​នៅ​ស្រុក​បន្ទាយស្រី​យ៉ាង​គគ្រឹកគគ្រេង ខណៈ​ក្រុមហ៊ុន​មួយចំនួន​តូច​មានច្បាប់​អនុវត្ត​ត្រឹមត្រូវ ប៉ុន្តែ​មួយចំនួន​ធំ​មិនទាន់​មានច្បាប់​អនុញ្ញាត​។ ការទាក់ទាញ​វិនិយោគិន​នេះ បន្ទាប់ពី​ស្រុក​បន្ទាយស្រី ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ បង្ហាញ​សក្តានុពល​ទេសចរណ៍​ទាំង​ប្រាសាទ តំបន់​ធម្មជាតិ ភ្នំ បឹង និង​ទេសភាព ស្រស់​បៃតង ដែល​ជា​ទីគាប់ចិត្ត​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

លោក​ ឃឹម ហ្វីណង់ ថ្លែងថា លោក​រីករាយ​នៅពេល​ឃើញ​មាន​ក្រុមហ៊ុន​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​ស្រុក​ដែលជា​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ទន្ទឹមនឹង​ការរីករាយ លោក​ក៏​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឬ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ចាញ់បោក​គម្រោង​ពុះដីឡូត៍​មួយចំនួន​ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត​ផងដែរ​។

លោក​ថ្លែងថា​៖ «​អ្នក​ពុះ​ដីឡូត៍​លក់​អចលនទ្រព្យ ឬក៏​អ្នក​សាងសង់​ផ្ទះ​លក់ បើ​តំបន់​នោះ​ស្ងាត់ច្រៀប​ក៏​មិនដឹង​ធ្វើ​លក់​ឱ្យ​អ្នកណា​ដែរ​។ ផ្ទុយ​មកវិញ​ បើសិន​ជា​តំបន់​នោះ​ជា​តំបន់​មាន​សក្តានុពល​ច្រើន មាន​គេ​ចាប់អារម្មណ៍​ច្រើន ដូច្នេះ​បង្កើត​នូវ​កាលានុវត្តភាព​»​។

បើតាម​លោក​អភិបាលស្រុក ទោះបី​ក្នុង​កាលៈទេសៈ​កូវីដ​ ១៩ ក៏ដោយ ក៏​ប្រតិបត្តិការ​នៃ​ការទិញ​លក់​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ចំណូល​ថ្មី អ្នកវិនិយោគ​ទិញ​ដី​ក្នុង​ទំហំ​ធំ​មាន​ចំនួន​កើនឡើង ដែល​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​។ លោក​បញ្ជាក់ថា​៖ «​មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​អ្នកវិនិយោគ​ច្រើន ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយចំនួនធំ​មិនទាន់​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នៅឡើយ​ទេ​។ ខ្ញុំ​បាន​ពិនិត្យ​លើ​ករណីនេះ មាន​ក្រុមហ៊ុន​ច្រើន​ចាប់អារម្មណ៍​លើ​ការងារ​នេះ ហើយ​គាត់​ព្យាយាម​ចង់​ទៅមុន​»​។

លោក​បន្ថែមថា ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ដាច់ខាត​ត្រូវតែ​ការពារ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក​ជន​ឆ្លៀតឱកាស​។

លោក​បញ្ជាក់ដែរថា ក្នុង​ករណី​នេះ​លោក​មិន​និយាយ​ដល់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​ទេ តែ​ក៏មាន​អ្នក​ខូច​ដែរ​។ ដូច្នេះ​ក្រុមហ៊ុន​មក​ដល់​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ ហើយ​ក្រុមហ៊ុន​ធ្វើ​ក្នុង​គោលដៅ​ប្រមូល​អត្ថប្រយោជន៍​ពី​គម្រោង​របស់ខ្លួន ហើយ​ក្រោយពី​ក្រុមហ៊ុន​ទៅ​បាត់ គឺ​បន្សល់​ទុក​បញ្ហា​។ បើ​ក្រុមហ៊ុន​ធ្វើបែបនេះ​អ្នក​ដែល​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា គឺ​អាជ្ញាធរ​មូលដ្ឋាន​។ ដូច្នេះ​ដើម្បី​ចៀសវាង​ពី​ការឆបោក ការកេងប្រវ័ញ្ច​ក្នុង​ហេតុផល​ណាមួយ គឺ​រដ្ឋបាល​ស្រុក​ហាម​ក្រុមហ៊ុន​ណា មិនទាន់​មានច្បាប់​អនុញ្ញាត បើក​លក់​គម្រោង​របស់​ខ្លួន​។

បើតាម​អភិបាលស្រុក​វ័យក្មេង​រូបនេះ បច្ចុប្បន្ន​មាន​មិនតិច​ជាង​ ២០ ​ក្រុមហ៊ុន​ទេ ដែល​កំពុង​ព្យាយាម​ធ្វើ​ក្រោម​រូបភាព​ណាមួយ ពោល​មិនទាន់​មាន​ច្បាប់​អនុញ្ញាត កំពុង​ស្វែងរក​លក្ខខណ្ឌ​ផ្នែកច្បាប់​ដើម្បី​បំពេញ​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​ជួប​បញ្ហា​ប្រឈម ២ ឬ​ ៣ ដែល​ត្រូវ​ដោះស្រាយ ដោយសារ​តែ​ស្រុក​បន្ទាយស្រី​ស្ថិតនៅ​ជា​ស្រុក​ដែលមាន​ដី​ចំនួន​ធំ ស្ថិត​នៅក្នុង​គម្រប​ព្រៃឈើ​នៅឡើយ​»​។

ចំណុច​នេះ​លោក​បញ្ជាក់ថា វា​មិនមែន​ជា​ដី​ព្រៃឈើ​នោះទេ គ្រាន់តែ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​អាស្រ័យផល​ជាង ២០ ​ឆ្នាំ​មកហើយ ដោយសារ​អាជ្ញាធរ​មិនទាន់​កាត់​វា​ចេញពី​ផែនទី​គម្រប​ព្រៃឈើ ឆ្នាំ​ ២០០២ ​នៅ​ឡើយ​។ ដូច្នេះ​ជា​ផ្លូវការ ដី​នេះ​នៅ​ជា​ដី​របស់​រដ្ឋ ហើយ​បើសិន​ជា​គម្រោង​ក្រុមហ៊ុន​វិនិយោគ​ណា​គាត់​ទៅ​ទិញ បើទោះជា​ទិញ​ពី​ប្រជាពលរដ្ឋ​ក៏ដោយ និង​មាន​ឯកសារ​កាន់កាប់​ដល់​ភូមិ ឃុំ ឬ​ស្រុក ឬក៏​បង់ពន្ធ​ហើយ​ក៏ដោយ ប៉ុន្តែ​បើសិនជា​ដី​នោះ នៅ​ជា​ដី​គម្រប​ព្រៃឈើ​នៅឡើយ គឺ​អាជ្ញាធរ​ដាច់ខាត​មិន​ឱ្យ​គាត់​ធ្វើការ​អភិវឌ្ឍ​ឡើយ​។

លោក​លើក​ជា​ឧទាហរណ៍ ការពុះ​ដីឡូត៍ ការធ្វើជា​លំនៅឋាន ឬក៏​ទម្រង់​ណាមួយ​សុទ្ធតែ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​មុន​ការវិនិយោគ ដោយសារ​នីតិវិធី​បំប្លែង​ដី​រដ្ឋ មាន​ដំណាក់កាល​ច្រើន​។

លោក​ថ្លែងថា​៖ «​ជារួម​បើសិន​ជា​ដី​នោះ​ស្ថិតនៅ​ជា​គម្រប​ព្រៃឈើ​នៅឡើយ គាត់​ត្រូវតែ​ស្នើសុំ​ឱ្យ​មាន​ការកាត់​ឆ្វៀល ហើយ​រាជរដ្ឋាភិបាល​ត្រូវការ​ពិនិត្យមើល​ដើម្បី​ស្នើសុំ​ធ្វើ​អនុប្រយោគ​លើដី​នេះ​។ ពីព្រោះ​ដី​គម្រប​ព្រៃឈើ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​»​។

លោក​បញ្ជាក់ថា ក្នុង​ករណី​នេះ បើសិន​ជា​មាន​ការកាន់កាប់​យូរហើយ រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​ប្រទានកម្ម​តាមរយៈ​ការចេញ​បណ្ណ​កម្មសិទ្ធិ​ប្លង់រឹង​ជូន​ប្រជាពលរដ្ឋ ឬក៏​ជា​ក្រុមហ៊ុន ឬក៏​ទម្រង់​ណាមួយ​ទៅតាម​ជាក់ស្តែង​។

ដោយសារ​ហេតុផល​នេះ​មាន​ក្រុមហ៊ុន​មួយចំនួន​នៅជាប់​គាំង ដោយសារ​មិនទាន់​ទទួលបាន​កម្មសិទ្ធិ​ត្រឹមត្រូវ​។ បើសិនជា​មិនមាន​កម្មសិទ្ធិ​ត្រឹមត្រូវ​ទេ មិនទាន់​អាច​អភិវឌ្ឍ​ដី​បានទេ​។ ដើម្បី​មាន​លទ្ធភាព​ក្នុង​ការអភិវឌ្ឍ​អចលនវត្ថុ ឬ​គម្រោង​ដី គាត់​ត្រូវតែ​មាន​បណ្ណ​កម្មសិទ្ធិ​ប្លង់រឹង ហើយ​ត្រូវតែ​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​មាន​ថ្នាក់ស្រុក ទំហំ​តូច ថ្នាក់​ខេត្ត​ទំហំ​កណ្តាល និង​ត្រូវ​ទៅដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ទោះយ៉ាងណា លោក​ ឃឹម ហ្វីណង់ ថ្លែងថា ក្នុងស្រុក​បន្ទាយស្រី​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​ទទួលបាន​ច្បាប់​អភិវឌ្ឍន៍​ដី​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួចហើយ ដូចជា​ក្រុមហ៊ុន Angkor Landmark និង​ក្រុមហ៊ុន​ដី​ ឡេង ណាវ៉ាត់ត្រា ជាដើម ដែល​សុទ្ធតែ​ទទួលបាន​នូវ​ការកាត់​ឆ្វៀល​ចេញពី​រដ្ឋាភិបាល​ ដើម្បី​អាច​បើកច្រក​ឱ្យ​គាត់​ឈានដល់​ការស្នើសុំ​អភិវឌ្ឍ​ដី​ក្នុងស្រុក​បន្ទាយស្រី​។

លោក​ថ្លែងថា​៖ «​ព្រោះ​យើង​ធ្វើ ដើម្បី​ការពារ​អតិថិជន​ប្រជាពលរដ្ឋ​ដែល​ទិញ​គម្រោង និង​ដើម្បី​ធានាថា អ្នកវិនិយោគ​ដែល​ចូលមក​ស្រុក​បន្ទាយស្រី​គឺជា​អ្នក​វិនិយោគ​ដែល​ល្អ​មាន​ឆន្ទៈ​ពិតប្រាកដ ហើយ​ការធ្វើ​បែបនេះ​ ដើម្បី​ការពារ​បញ្ហា​ប្រឈម ប្តឹងតវ៉ា ជម្លោះ​ផ្នែក​ដីធ្លី​ទៅ​ថ្ងៃ​ខាងមុខ​»​។

លោក​បន្តថា​៖ «​ភាគច្រើន​ជា​តំបន់​អភិរក្ស យើង​ចង់​ថែរក្សា​អត្តសញ្ញាណ យើង​មាន​ភ្នំ ស្ទឹង បឹង មាន​តំបន់​ពណ៌​បៃតង ដែល​គេ​តែងតែ​ល្បី​មក​ថតរូប ចុះបើ​យើង​នាំគ្នា​អភិវឌ្ឍ​ខូច​អត្តសញ្ញាណ​ទាំងនេះ​អស់ យើង​មិន​ចង់​ថា​ឱ្យ​ ១០ ​ឆ្នាំក្រោយ ២០ ​ឆ្នាំក្រោយ ទន្ទឹម​នឹង​បន្ទាយស្រី​ល្បី តែ​យើង​ខូច​នូវ​អ្វី​ដែលជា​ចំណុច​ពិសេស​របស់​បន្ទាយស្រី នៅពេល​នោះ​យើង​នឹង​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ​»​។

បើតាម​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​សៀមរាប លោក​ ហ៊ី សាយ ពាក់ព័ន្ធ​ការចុះបញ្ជី​ដីធ្លី​នេះ រដ្ឋបាល​ខេត្ត​កំពុងមាន​វិធានការ​លើ​ក្រុមហ៊ុន​ពុះ​ដីឡូត៍​គ្មាន​ច្បាប់​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​​ ២ ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​វិនិយោគ​នៅ ស្រុក​បន្ទាយស្រី​ដោយ​ស្របច្បាប់​។

លោក​ថ្លែងថា​៖ «​ហើយ​អ្នក​ពុះឡូត៍​មួយចំនួន​បាន​កំពុង​រត់​មករក ច្បាប់​ដែរ​ហើយ​។ ដី​មួយចំនួន​ដែល ជាប់​ពាក់ព័ន្ធ​គម្រប​ព្រៃឈើ គឺ​បាន​ធ្វើ​អនុប្រយោគ​រួចហើយ ដូចជា​ក្រុមហ៊ុន​ ឡេង ណាវ៉ាត់ត្រា និង​ក្រុមហ៊ុន​អង្គរ​ Landmark»៕