ភ្នំពេញៈ មន្ត្រី​អគ្គនាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការក្លែងបន្លំ ​(កបប) ​ទូទាំង​ប្រទេស​ទទួល​បាន​ការបណ្តុះ​បណ្តាល​អំពី​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង ​មុននឹង​ឈានដល់​ការទទួល​បាន​នីតិ​សម្បទា​ជា​នគរ​បាល​យុត្តិ​ធម៌​ ខណៈ​សកម្មភាព​ចុះត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព ​និង​ការប្រកប​អាជីវកម្ម​មិន​អនុលោម​ភាព​នៅ​ទូទាំង​ប្រទេស​នៅតែ​បន្ត។

កាលពី​ថ្ងៃ​ទី ២៣ ​វិច្ឆិកា ​ក.ប.ប. ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ ​(GIZ)​បានរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​លើក​ទី៣​ ផ្សព្វ​ផ្សាយ​ច្បាប់​ ស្តីពី​ការប្រកួត​ប្រជែង​ដល់​មន្ត្រី ​របស់​ខ្លួន ​ដែលជា​ប្រធាន​ការិយាល័យ​ថ្នាក់​កណ្ដាល ​និង​សាខា​រាជ​ធានី​-ខេត្ត។

ទំព័រ​ហ្វេសប៊ុក​របស់​ ក.ប.ប.​ ឱ្យដឹងថា ​វគ្គ​បណ្តុះបណ្តាល​នេះ ​មាន​ការចូលរួម​ធ្វើបទ​បង្ហាញ​បណ្តុះបណ្តាល​ដោយ​ លោក​ពេជ ច័ន្ទ ​អគ្គនាយករង ​ក.ប.ប.​ រួមជា​មួយ ​លោក​ ប៉ែន វីរៈឧត្ដម ​អនុប្រធាន​នាយកដ្ឋាន ​និង​លោក​ ឌុក ភិវឌ្ឍន៍​ ប្រធាន​ការិយាល័យ ​នៃ​នាយកដ្ឋាន​កិច្ចការ​ប្រកួត​ប្រជែង។

លោក​ ផាន អូន ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបន្ទុក​ជាអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប.​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ២៤ ​វិច្ឆិកា ​ថា ​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហត្តលេខា​ប្រកាស​ឱ្យប្រើ​កាល​ពីថ្ងៃ​ទី ៥ ​ខែ តុលា ​ឆ្នាំ ២០២១។ វគ្គ​បណ្តុះបណ្តាល​នេះ ​នឹង​ដើរ​តួ​ជាវេទិកា​មួយ ​ដើម្បី​ឱ្យ​មន្ត្រី នៃ​អគ្គនាយក​ដ្ឋាន ​ក.ប.ប. ​មាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ច្បាប់​ថ្មី​នេះ ​មុននឹង​ឈានដល់​ការទទួល​បាន​នីតិសម្បទា ​ជា​នគរ​បាល​យុត្តិធម៌​ក្រោម​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង។

លោក​បញ្ជាក់ថា​៖ «វគ្គ​បណ្តុះបណ្តាល​ទៅដល់​មន្ត្រី ​ក.ប.ប. ​ហ្នឹង​គឺ​មាន​ទៅ​ដល់​ ៨ វគ្គ ​ចាប់តាំង​ពី​ថ្នាក់​ប្រធាន​ការិយាល័យ​ រហូត​ដល់​ថ្នាក់​អគ្គនាយក ​ដើម្បី​ត្រៀម​ទៅ​ទទួលបាន​ការតែងតាំង​ជាមន្ត្រី​ស៊ើបអង្កេត​ស្រប​ច្បាប់ ​ស្តីពី​ច្បាប់​ការប្រកួត​ប្រជែង។ រួច​ពី​នេះ ​យើង​នឹងបន្ត​បណ្តុះបណ្តាល​មន្ត្រី​យើង​ទៀត​ ដើម្បី​ទទួលបាន​នីតិ​សម្បទា​ជា​នគរបាល​យុត្តិ​ធម៌»។

តាម​លោក ​ផាន អូន ​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ៨ វគ្គ​នេះ ​គ្រោង​នឹង​បិទបញ្ចប់​នៅ​ចុង​ខែធ្នូ ​ឆ្នាំនេះ ​ខណៈ​វគ្គ​បណ្តុះ​បណ្តាល​បន្ត​ចំនួន​ ៤ វគ្គ​ទៀត​ ដែល​ធ្វើឡើង​ដោយ​ព្រះរាជអាជ្ញា ​គ្រោង​បញ្ចប់​នៅ​ដើម​ឆ្នាំ ២០២២។ វគ្គ​នេះ ​មាន​គោល​ដៅ​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​មន្ត្រី​ ក.ប.ប. ​ឱ្យមាន​ការយល់ដឹង​ពី​នីតិវិធី​នានា ​ក្នុង​ការអនុវត្ត​ច្បាប់។

ជាមួយ​នឹង​ការបណ្តុះ​បណ្តាល​នេះ ​ក្នុង​រយៈពេល ​២ ថ្ងៃ ​គឺ​ថ្ងៃ​ទី ២២ ​និង​ ២៣​ វិច្ឆិកា ​មន្ត្រី​ជំនាញ ​ក.ប.ប. ​បានផាក​ពិន័យ​ជា​អន្តរការណ៍​ទៅលើ​ម្ចាស់​ដេប៉ូ​ចំនួន​៧ទីតាំង ​ក្នុង​ចំណោម​ស្ថានីយ​ និង​ដេប៉ូ​ចំនួន​ ២០​ ដែលបាន​លក់​ប្រេង​មិន​អនុ​លោម​ភាព​ក្នុង​ខេត្ត​មួយចំនួន​ ដែល​មាន​ខេត្ត​កណ្ដាល ​ខេត្ត​សៀមរាប ​និង​ខេត្ត​មណ្ឌលគិរី។

អគ្គនាយកដ្ឋាន​ ក.ប.ប.​ ក៏បាន​ឱ្យដឹង​ដែរ​ថា ​ក្នុងរយៈ​ពេល​ដូចគ្នា​នេះ ​មន្ត្រី ​ក.ប.ប. ​ក៏បាន​ដកហូត​ទំនិញ​ខូច​គុណភាព​ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ​ជាង​ ៧០០ គីឡូ​ក្រាម​ និង​អាល់កុល​ក្លែងក្លាយ​ជិត​ ១០០ លីត្រ​ នៅលើ​ទីផ្សារ​ផង​ដែរ។

លោក ​ផាន អូន ​អះអាងថា ​ទំនិញ​ដែល​បានដក​ហូត​ទាំងអស់ ​គឺ​ត្រូវ​កម្ទេច​ចោល​ទៅតាម​នីតិវិធី​ច្បាប់ ​ដើម្បី​ការពារ​សិទ្ធិ​ ផល​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ និង​ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​មិន​សុចរិត។​ មន្ត្រី ​នឹង​បន្ត​ចុះ​ត្រួត​ពិនិត្យ ​និង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ ​ដោយ​ធ្វើយ៉ាង​ណា​ឱ្យ​ពួកគេ​បញ្ឈប់​ការដាក់​លក់​ទំនិញ​ខូច​គុណភាព​ជូន​ប្រជា​ពលរដ្ឋ។

ពាក់ព័ន្ធ​នឹង​កិច្ចការងារ​របស់​ស្ថាប័ន​នេះ ​នៅព្រឹក​ថ្ងៃទី ២៤ ​ខែវិច្ឆិកា ​អគ្គនាយកដ្ឋាន​ ក.ប.ប. ​បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​របស់​អគ្គនាយកដ្ឋាន​ដើម្បី​ស្តាប់​របាយការណ៍​ស្តីពី​វឌ្ឍនភាព​ការងារ​ដែលបាន​អនុវត្ត​កន្លងមក ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម ​និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត។

ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ពាក់ព័ន្ធ ​ក៏បាន​ពិភាក្សា​ត្រៀម​រៀបចំ​របាយការណ៍ ​បូក​សរុប​សកម្ម​ភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប. ​ប្រចាំ​ឆ្នាំ ២០២១។ កិច្ចប្រជុំ​បានពិភាក្សា​ពី​វឌ្ឍភាព​នៃ​ការកសាង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​ និង​ការប្រព្រឹត្ត​ទៅ​ នៃ​គណ:កម្មាធិការ​ប្រកួត​ប្រជែង​កម្ពុជា។ ពិភាក្សា​លើ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការផ្សាយ​ពាណិជ្ជ​កម្ម​លើ​ផលិត​ផល​ទំនិញ ​និង​សេវា ​និង​ឯកសារ​គតិយុត្ត​ផ្សេង​ទៀត។

រីឯ​វឌ្ឍនភាព​នៃ​ការកសាង​ផែនការ​យុទ្ធ​សាស្ត្រ ​របស់​អគ្គ​នាយកដ្ឋាន​ ក.ប.ប.​ និង​ការពិនិត្យ​លទ្ធភាព ​ដើម្បី​កសាង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ​SOPs ​បន្ថែម​ទៀត​ ក៏​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។ នេះ​បើ​តាម​លោក​ ផាន អូន៕