ភ្នំពេញៈ​ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ​ឬ​ហៅថា National TVET E-Learning Platform ដើម្បី​ដោះ​ស្រាយ​ការ​បង្រៀន​និង​រៀន​ពី​ចម្ងាយ ​ឬ​តាម​អន​ឡាញ ​ក្នុងអំឡុង​ពេល​នៃ​ការរីក​រាល​ដាល​ជា​សកល​ជំងឺ​កូ​វីដ ១៩ ​ខណៈ​ចំនួន​អ្នក​ទាញយ​ក​កម្មវិធី TVET E-Learning នេះ​មាន​ជិត ​១ ម៉ឺន​នាក់។

ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ National TVET E-Learning Platform នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៤​ វិច្ឆិកា​ ដោយ​មាន​ការចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធ​នានា គណៈ​កម្មាធិ​ការ​បណ្តុះ​បណ្តាល​ខេត្ត គ្រឹះ​ស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ វិស័យ​ឯក​ជន​និង​ដៃគូ​អភិឌ្ឍន៍​​នានា​តាម​ប្រព័ន្ធ​អន​ឡាញ​សរុប​ជាង ៨០០​ នាក់។

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការដាក់ឱ្យ​​ដំណើរការ​ជា​ផ្លូវការ​របស់​ក្រសួង​ការងា​រនិង​បណ្តុះប​ណ្តាល​វិជ្ជាជី​វៈបាន​ឲ្យ​ដឹងថា ក្រសួង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះ​បណ្តាលប​ច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ ដែល​ប្រើប្រាស់​បាន​ទាំង​នៅលើ​កុំព្យូទ័រ​ថេ​ប្ល៊ិត​និង​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃដោយ​មាន​ការគាំទ្រ​ពី​ទីភ្នាក់​ងារ​ស្វ៊ីស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិ​បត្តិការ​។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​បន្តថា ប្រព័ន្ធ​ជាតិ​នេះត្រូ​វបាន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ដោះ​ស្រាយ​ការបង្រៀន និង​រៀន​ពីចម្ងាយ​ ឬ​តាម​អន​ឡាញ​របស់​សាស្ត្រា​ចារ្យ គ្រូ​បច្ចេកទេស និង​សិក្ខា​កាម​ សិស្ស និស្សិត​ក្នុង​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​កូ​វីដ ១៩ ក៏ដូច​ជា​បាន​បើក​ច្រក​សិក្សា​ថ្មី​បន្ថែម​មួយ​ទៀត​នៅក្នុង​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​។

សេចក្តី​ជូន​ដំណឹងបាន​បញ្ជាក់​ថា«​ប្រព័ន្ធ​ជាតិ​នេះ​មាន​មាតិកា​មេរៀន វីដេអូ​បង្រៀន ឯកសារ​មេរៀន អេឡិច​ត្រូនិក ការ​ស្វ័យ​វាយ​តម្លៃ​ការ​សិក្សា ចំណេះ​ដឹង​ទូទៅ និង​ព័ត៌មាន​ផ្សេងៗ​ពាក់​ព័ន្ធ​ទៅនឹង​ការអប់​រំ បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា»​។

លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រីនិង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ បន្ថែម​ថា សិក្ខាកាម សិស្ស និស្សិត អាណាព្យា​បាល និង​សាធា​រណ​ជន​ទាំង​អស់អាច​ចូល​ទាញយ​ក​ប្រើ​ប្រាស់​កម្មវិធី​នេះ​ដែលមា​ន​ឈ្មោះ​ថា TVET, E-Learning ពី Play Store, App​Store និង AppGallery ឬ​ចូលទៅ​​កាន់​គេហទំ​ព័រ​ www.​tot-elearning.com ដោយ​សេរី​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជា មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ចំនួន ​៥៧ កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ជាតិ​នេះ​សម្រាប់​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ​ឬ​តាម​អន​ឡាញ។

លោក​បន្តថា សិក្ខា​កាម សិស្ស និស្សិត​ចំនួន ៣១ ៥២៩ នាក់​ បាន​ចូល​រៀន​ក្នុង​ប្រព័ន្ធ​ជាតិ ដែលមាន​មាតិ​កា​មេរៀន ​និង​វីដេអូ​មេរៀន​ចំនួន ៣ ៥២២ ត្រូវបាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​នេះ ខណៈ​មាន​អ្នក​ទាញយក​កម្មវិធី​នេះ​ដាក់​ក្នុង​ថេ​ប្ល៊ិត ឬ​ស្មា​ត​ហ្វូ​ន​ពី AppStore (iOS) Play Store (Android) និ​ង​AppGallery (Huawei) សរុប​ជិត ១ ម៉ឺន​នាក់។

ជា​មួយ​នឹង​ការ​ដំណើរការ​នូវ​ប្រព័ន្ធ​នេះលោក​បាន​អះអាង​ថា៖​ «ក្រសួង​មាន​ផែនការ​បន្តធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ(TVET)ដោយ​អភិវឌ្ឍ​ប្រព័ន្ធ​ជាតិ​ធ្វើតេស្ត​បញ្ជាក់​សមត្ថ​ភាព​ពីមុន​ពី​ចម្ងាយឬ​តាម​អន​ឡាញ (E-RPL) អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់​គ្រង​គ្រឹះស្ថា​ន TVET (School Management System) រៀបចំ និង​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ទិន្ន​ន័យ(Data Center)បន្ត​អភិវឌ្ឍ​សមត្ថ​ភាព​ស្ថាប័ន ថ្នាក់ដឹ​កនាំ មន្ត្រីរាជ​ការ និង​សាស្ត្រាចា​រ្យ គ្រូ​បច្ចេ​កទេស និង​បន្ត​កសាង​ហេដ្ឋារច​នាស​ម្ព័ន្ធ​រូបវន្ត​នៅតាម​គ្រឹះស្ថាន TVET ​ជាដើម​»។

កញ្ញា​ ហួយ មួយ​ទិ និស្សិត​ឆ្នាំ​ទី១ នៃ​វិទ្យាស្ថាន​បច្ចេកទេ​ស​ឧស្សាហកម្ម ដែល​​កំពុង​សិក្សា​ក្នុង​ប្រព័ន្ធ TVET E-Learning បាន​និយាយថា ប្រព័ន្ធ​នេះ គឺ​បាន​បង្ក​ភាពងាយស្រួល​ដល់​កញ្ញា និង​សិ​ស្សានុសិ​ស្ស​ដទៃទៀ​ត ដែល​កំពុង​សិក្សា​ជំនាញ​បណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ។កញ្ញាបាន​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រព័​ន្ធនេះ​បាន​ផ្តល់​នូវ​មេរៀន និង​ឯកសារ​ជា​ច្រើន និង​សម្បូរ​បែប​សម្រាប់​សិក្សា ព្រោះ​ប្រព័ន្ធ​នេះ មាន​ផ្ទុក​ឯក​សារ​ពី​សាលា​ជាច្រើន​។

កញ្ញា​បាន​រៀប​រាប់​ថា៖ «វា​ងាយ​ស្រួល​សម្រាប់​សិស្ស​ទាំង​អស់​គ្នា ដែល​មាន​មេរៀន​ទុក​មើល​ជាមុន ទោះ​ជា​យើង​មិន​ទាន់​បើក​សាលា​ចូលរៀន​ដោយ​ផ្ទាល់​នៅពេល​ដែល​យើង​ទប់​ស្កាត់​ជំងឺ​កូ​វីដ ១៩។ ក៏ប៉ុន្តែ​នៅ​ពេល​យើង​បើក​សា​លា​ចូលរៀន​វិញ​ក៏ដោយ ក៏​យើង​មាន​មេរៀន​សម្រាប់​មើល​មុន​អ៊ីចឹង។ ពួក​យើង​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ព្រោះ​នៅ​ក្នុង​ប្រព័ន្ធ​ហ្នឹង គឺ​មេរៀន​ពី​សាលា​ជាច្រើន ដែល​អាច​ស្រាវ​ជ្រាវ​បាន មិន​មែន​មាន​តែ​មួយ​សា​លា​នោះ​ទេ»​៕