ភ្នំពេញៈ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​(AIP Foundation) ​នឹង​ធ្វើការ​បណ្តុះបណ្តាល​អំពី​ការបើកបរ ​ដោយ​សុវត្ថិភាព ​និង​សេដ្ឋកិច្ចភាព ​ជំហាន​ទី២ ​ដល់​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ​និយោជិត​ចំនួន ​១ ០០០ នាក់ ​នៅ​រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​ខេត្ត​កំពង់ស្ពឺ ​ខេត្ត​កំពង់ចាម​ ខេត្ត​កំពង់ឆ្នាំង ​ខេត្ត​តាកែវ​ និង​ខេត្ត​ស្វាយរៀង ​ចាប់ពី​ថ្ងៃទី ២៥ ​ខែវិច្ឆិកា​នេះ។

លោក​គឹម បញ្ញា ​នាយក​អង្គការ ​AIP ​ប្រចាំ​ប្រទេស​កម្ពុជា​ ឱ្យដឹង​នៅ​ថ្ងៃទី ២៤ ​វិច្ឆិកាថា ​វគ្គបណ្តុះ​បណ្តាល​ថ្មី​នេះ ​ខុសពី​ការបណ្តុះ​បណ្តាល​សាកល្បង​ ក្នុងនោះ​ចំនួន​អ្នក​ដែល​ត្រូវ​បណ្តុះបណ្តាល​សាកល្បង​មាន​តែជាង ​៨០ នាក់។ ប៉ុន្តែ​លើក​នេះ​បានពង្រីក​ដល់​ ១ ០០០ នាក់។ ចំណែក​តំបន់​គោលដៅ ​ពង្រីក​ទៅដល់​៧រាជធានី​-ខេត្ត។​

លោក​ថ្លែងថា​៖ «ក្នុង​ ១ វគ្គៗ​ យើង​មាន ​២៥ នាក់។ អ៊ីចឹង ​១ ០០០ នាក់​នេះ ​យើង​ចែកចេញ​ជា​ ៤០ វគ្ក​ ហើយ​ក្នុង ​១ វគ្គៗ យើង​បណ្តុះ​បណ្តាល ​២ ពេល ​មាន​ទាំង​ទ្រឹស្តី​ មាន​ទាំង​ការអនុវត្ត​ជាក់​ស្តែង»។​

លោក​បន្តថា ​វគ្គ​ថ្មីនេះ ​គឺ​ផ្តោត​សំខាន់​ខ្លាំង​លើ​ការវាយ​តម្លៃ​លទ្ធផល ​ព្រោះ​គោលដៅ​ចង់​បង្ហាញថា ​ការបណ្តុះបណ្តាល​នេះ ​មាន​សារៈសំខាន់​ មាន​ប្រសិទ្ធភាព ​ក្នុង​ការបង្កើន​ចំណេះ​ដឹង។ កែប្រែ​ឥរិយាបថ ​និង​ជួយ​ទៅដល់​អ្នកបើកបរ ​ចៀសវាង​ទាក់ទង​គ្រោះ​ថ្នាក់។ ការសន្សំ​សំចៃ​ប្រេង​ រួមចំណែក​ក្នុង​ការកាត់​បន្ថយ​ការបំពុល​បរិយាកាស។

លោក​ថ្លែងថា​៖ «ការវាយ​តម្លៃ​មាន​ច្រើន​ទម្រង់ ​ដោយ​លើកនេះ​ក្រៅពី​មាន​ការសួរ​សំណួរ​ដល់​អ្នកបើកបរ​ដែល​គាត់​ចូល​រួម​វគ្គ​របស់​យើង​នីមួយៗ​ គឺ​យើង​មាន​វគ្គ​ចុះ​ទៅធ្វើ​តេស្ត​បែប​លក្ខណៈ​ផ្ទាល់។ យើង​មាន​ចាក់​សាំង​មុន​ ដើម្បី​វាស់​មើល​ថា ​មុន​ពេល​គាត់​ចូល​រួម​វគ្គ​ហ្នឹង​គាត់​ប្រើប្រាស់​ប្រេង​សាំង​ប៉ុន្មាន»។

លោក​ប្រាប់​ថា ​ចំពោះ​ការជ្រើសរើស​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ​ អង្គការ​ព្យាយាម​កំណត់​ជ្រើសរើស​នៅតាម​តំបន់​រោងចក្រ​ណា ​ឬ​ខេត្ត​ណា​ដែល​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់ ​និង​មួយទៀត​ជ្រើសរើស​ទៅតាម​គោលដៅ​របស់​អង្គការ​ដែល​មាន​ចំនួន ​៣៦ គោល​ដៅ​ទូទាំង​ប្រទេស។

លោក​ គឹម បញ្ញា ​លើកឡើង​ថា ​ការបណ្តុះ​បណ្តាល​នេះ ​ទទួលបាន​ការគ្រាំទ្រ​ពី​ទីភ្នាក់ងារ​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​ GIZ ​និង​ក្រុម​ហ៊ុន​សារ​ជីវកម្ម ​VF។ ដើម្បី​ឱ្យ​កិច្ចការងារ​នេះ​កាន់​តែ​រលូន​ទៅ ​នៅ​ថ្ងៃ​ទី ២២ ​ខែវិច្ឆិកា ​រូបលោក ​និង​សហការី ​ព្រមទាំង​ម្ចាស់​ជំនួយ ​(GIZ) បានជួប​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ​ជាមួយ​អគ្គនាយករង ​បេឡាជាតិ​សន្តិ​សុខសង្គម ​(ប.ស.ស.) ​ដើម្បី​ពិភាក្សា ​និង​ស្នើសុំ​អនុសាសន៍​ក្នុង​ការគាំទ្រ​លើ​ការបណ្តុះ​បណ្តាល​នេះ​ដែលជា​លទ្ធផល ​ប.ស.ស.​បាន​គាំទ្រ។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​បានជជែក​ជាមួយ ​មន្ត្រី ​ប.ស.ស.​ទាក់ទង​នឹង​ខ្លឹមសារ​មេរៀន ​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស៊ី​ចង្វាក់​គ្នា ​និង​ងាយ​ស្រួល​ពេល​ចុះ​បណ្តុះ​បណ្តាល។ ​ចំពោះ​ការពិនិត្យ​មើល​ខ្លឹមសារ​មេរៀន​នេះ ​ប.ស.ស. ​បានឯកភាព​ធ្វើការងារ​ជាមួយ​គ្នាជា​បន្ត​បន្ទាប់​ទៀត។ ​

ប.ស.ស.​ ក៏បាន​គាំទ្រ​ដល់​ការដាក់​សារ ​ដែល​សរសេរថា​ «តើ​ការបើកបរ​ខ្ញុំ​យ៉ាង​ម៉េច​ដែរ?»​ព្រមទាំង​ដាក់​លេខ​ទូរសព្ទ​ទំនាក់​ទំនង​ផ្តល់​ព័ត៌មាន​អំពី​ឥរិយាបថ ​របស់​អ្នកបើកបរ​រថយន្ត​ នៅ​លើ​យានយន្ត​ របស់​អ្នក​បើកបរ​រថយន្ត​ដឹកកម្មករ​និយោជិត​ទាំង ​១ ០០០​ នាក់​ផង​ដែរ។ នេះ​បើ​តាម​លោក​គឹម បញ្ញា។

លោក​លើកឡើង​ថា ​ចំពោះ​ការដាក់​សារ​នេះ ​ផ្តោត​សំខាន់​លើ​រថយន្ត​របស់​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ ​ទាំង​ ១ ០០០ គ្រឿង។ ប៉ុន្តែ​គោល​ដៅ​របស់​អង្គការ​គឺ​ចង់​ដាក់​គ្រប់​រថយន្ត​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​កម្មករ ​ទៅមក​បំពេញ​ការងារ។ ព្រោះ​បើ​តាម​តួលេខ​ របស់​ ប.ស.ស. ​កម្ពុជា​មាន​ជិត ​៤ ០០០ គ្រឿង ​ដែល​ផ្តល់​សេវា​ដឹកកម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស។

លោក​ថ្លែងថា​៖ «យើង​នឹង​មាន​ការជជែក​ពិភាក្សា​គ្នា​ក្នុង​ក្រុមការងារ​នោះ ​ក្នុង​ពេល​ខាងមុខ ​ដើម្បី​កំណត់​ថា ​តើ​លេខទូរ​ស័ព្ទ​ណា ​ដែល​គួរ​ដាក់​ចូល​ដើម្បី​ឱ្យ​កម្មករ ​អ្នកដែល​ពាក់ព័ន្ធ​មាន​ចំណាប់​អាម្មណ៍ ​ចង់​ផ្តល់​យោបល់​ទាក់ទង​នឹង​ការបើកបរ​ របស់​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ​ ដើម្បី​ជូន​ដល់​ស្ថាប័ន ​ឬ​អ្នកពាក់ព័ន្ធ​គាត់​មាន​វិធានការ»។

លោក​ ហេង សុផាន់ណារិទ្ធ ​អ្នកនាំពាក្យ ​ប.ស.ស. ​បានថ្លែង​នៅ​ថ្ងៃទី ២៤ ​ខែវិច្ឆិកា​ថា ​ប.ស.ស. ​មាន​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ​និយោជិត ​(ស.ផ.ក) ​នៃ ​ប.ស.ស.​ បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​កម្មករ​និយោជិត​អំពី​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ ​និង​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​អ្នកបើកបរ​ដឹកកម្មករ​និយោជិត ​អំពី​សុវត្ថិភាព​ក្នុង​ការដឹក​ជញ្ជូន។ ក្នុង​នោះ​ដែរ​សម្រាប់​អ្នកបើកបរ​ដឹកកម្មករ​និយោជិត ​ក្រុម​ការងារ ​ស.ផ.ក. ​ក៏បាន​អប់រំ​បន្ថែម​អំពី​ការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ ដូចជា​ ត្រួត​ពិនិត្យ​កង់​ ប្រេងម៉ាស៊ីន ​ហ្វ្រាំង ​ធុងទឹក​ ផ្លិតទឹក​ ភ្លើង​ស៊ីញ៉ូ​ជាដើម។

លើស​ពី​នេះ​ទៀត ​ក្រុម​ការងារ​បានអប់រំ ​អំពី​ការវ៉ាជែង ​ត្រូវ​ពិនិត្យ​ភ្លើង​ស៊ីញ៉ូ ​មើលមុខ​ មើលក្រោយ ​មើល​ឆ្វេងស្ដាំ ​ឱ្យប្រាកដថា ​មិន​មាន​ឧបសគ្គ​ ចាំ​វ៉ា​ជែង។ លោក​បញ្ជាក់​ទៀត​ថា ​ការបណ្តុះ​បណ្តាល​ទៅ​ដល់​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ​និយោជិត ​រាប់​ចាប់ពី​ឆ្នាំ ២០១៣ ​មកដល់​បច្ចុប្បន្ន​ ប.ស.ស.​បានសហការ​ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បានចំនួន​២ ៦២១លើក។ អ្នក​ចូលរួម ​ចំនួន​ ៣៧៥ ៩៣១ ​នាក់​ ក្នុង​នោះ​មាន​អ្នកបើកបរ​ ១១១ ២០៦ នាក់ ​និង​កម្មករ​និយោជិត​ ២៤៦ ៧២៥ នាក់ ។

លោក​ថ្លែងថា​៖ «ក្រោយ​ពី​បានធ្វើការ​ផ្សព្វផ្សាយ​ជាបន្ត​បន្ទាប់ ​សង្កេត​ឃើញ​ថា ​ការយល់​ដឹង​ របស់​ពួកគាត់​បានល្អ​ប្រសើ​ជាង​មុន។ មាន​ន័យថា​ បន្ថយ​ការគ្រោះ​ថ្នាក់​ ថយ​ជាង​ឆ្នាំ ​ដែល​យើង​មិន​បាន​ទៅ​បណ្តុះ​បណ្តាល​គាត់។ អាហ្នឹង​យើង​មើល​តាម​របាយការណ៍​គ្រោះថ្នាក់ ​មាន​ន័យថា​ គ្រោះ​ថ្នាក់​មាន​ការថយ​ចុះ​ជាង​មុន»៕