បាត់ដំបងៈ​ អាជីវករ​ជា​អ្នកលក់ដូរ​នៅលើ​ផ្លូវ​ជុំវិញ​ផ្សា​របឹង​ឈូក​ក្រុង​បាត់ដំបងប​ដិ​សេធមិន​ព្រម​រើ​ទីកន្លែង​លក់ដូរ​នៅ​ទីតាំង​ថ្មី​ ដើម្បី​ឲ្យ​អាជ្ញាធរ​ក្រុង​អាច​រៀបចំ​សណ្តាប់​ធ្នាប់​ជុំវិញ​ផ្សារ​នោះ​ឡើយ។​ យ៉ាងនេះ​ក្តី​អាជ្ញាធរ​ក្រុង​អះអាងថា នៅតែ​បន្ត​សម្របសម្រួល​ដោយ​ធ្វើ​ការអប់រំ​ណែនាំ​ឲ្យ​ពលរដ្ឋ​បាន​យល់ និង​ចូលរួម​ក្នុងការ​របៀប​ចំ​សណ្តាប់​ធ្នាប់​លើផ្លូវ​ជុំវិញ​ផ្សារ​នេះ។

អ្នកស្រី​ យ៉ាន់ សុខលី អាជីវករ​លក់ដូរ​នៅលើ​ផ្លូវ​ដែល​នៅ​ជុំវិញ​ផ្សា​របឹង​ឈូកបានថ្លែង​នៅ​ថ្ងៃទី ២៤​ ខែវិច្ឆិកា​ថា អាជ្ញាធរ​ក្រុង​បាន​ណែនាំ​ឲ្យ​ពួក​គាត់​​រើ​ទីតាំង​ដែល​ធ្លាប់​លក់ដូរ​នៅលើ​ផ្លូវ​ជុំវិញ​ផ្សា​របឹង​ឈូក ប៉ុន្តែ​ពួកគាត់​មិន​យល់ព្រម​ដោយ​សំអាងថា ការលក់ដូរ​នៅ​ទីតាំង​ថ្មី​លក់​មិន​ដាច់។ អ្នកស្រី​ថា ការ​ទៅ​លក់ដូរ​នៅ​កន្លែង​ថ្មី​មិន​អំណោយផល​ដូច​នៅ​កន្លែងចាស់​ដែល​ធ្លាប់​លក់​នោះទេ ព្រោះ​កន្លែង​ថ្មី​មិនសូវមាន​មនុស្ស​ចេញចូល ។

អ្នកស្រី​ថ្លែងថា៖ «សំខាន់​ទៅ​កន្លែង​ថ្មី​យើង​លក់​អត់​ដាច់​អត់​អី អត់​មាន​មនុស្ស​ចេញ​ចូល​ច្រើន​អ៊ីចឹងទៅ គេ​ធ្លាប់​មក​កន្លែង​ណា គេ​មក​តែ​កន្លែង​ហ្នឹង ម៉ូយៗ វា​ពិបាក​អ៊ីចឹង»។

អ្នកស្រី​បញ្ជាក់ថា កន្លង​មក​មាន​អាជី​វករ​ធ្លាប់​យល់ព្រម​ប្តូរ​ទីតាំង​ទៅ​កន្លែង​ថ្មី ប៉ុន្តែ​ទៅបាន​តែ ២ ឬ ៣ ថ្ងៃ ក៏​ត្រឡប់មកវិញ​ព្រោះតែ​ការលក់​មិន​ដាច់​នេះឯង។ ចំពោះ​ការប្តូរ​ទីតាំង​ទៅកាន់​ទីតាំង​ថ្មី​នេះ​មាន​អាជីវករ​ប្រមាណ​រហូតដល់ ៩០ ភាគរយ មិន​យល់ព្រម។

លោក ផេង សិទ្ធី អភិបាល​ក្រុង​បាត់​ដំបង​បាន​ថ្លែង​នៅ​ថ្ងៃទី ២៤​ ខែវិច្ឆិកា​ថា ប្រជា​ពលរដ្ឋ​ដែលមាន​ផ្ទះល្វែង​នៅ​ជុំវិញ​ផ្សា​របឹង​ឈូក​បានដាក់​ពាក្យ​បណ្តឹង​សុំជួយ​អន្តរាគមន៍ សម្របសម្រួល និង​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ ព្រោះ​ការលក់ដូរ​របស់​អាជីវ​ករ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុងការ​ចេញចូល​ផ្ទះ។លោក​ថា រឿងនេះ​អាជ្ញាធរ​ក្រុង​ក៏បាន​ពិនិត្យ​ឃើញ​ថា ការ​លក់​ដូរ​នៅ​ទីនោះ​មិន​មាន​សណ្តាប់​ធ្នាប់ និង​អាចមាន​គ្រោះថ្នាក់​ពិបាក​ជួយ​សង្គ្រោះ​ប្រសិន​បើមាន​ហានិ​ភ័យ​ណា​មួយ​កើត​ឡើង។

លោក​ថ្លែងថា៖ «គាត់​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ហ្នឹង ដែល​មើលទៅ​ឃើញ​ចង្អៀត​ហើយ​មាន​អ្នកខ្លះ​យក​រូប​ទៅ​បង្ហោះ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​យើង​មិនបាន​រៀបចំ​មិន​អី ប៉ុន្តែ​ជាក់ស្តែង​ដោយសារ​ធ្វើទៅ​វា​ប៉ះពាល់ យើង​ចង់​ឲ្យ​ទូលាយ​ផ្លូវ​ ប៉ុន្តែ​វា​ប៉ះ​អារម្មណ៍​អ្នកលក់​ អ៊ីចឹង​ទៅ​» ។

លោក​ថា ផ្លូវ​បេតុង​មាន​ទទឹង ២០ ម៉ែត្រ ប៉ុន្តែ​ខាង​ផ្សារ​ចេះតែ​ពង្រីក​ឲ្យ​លក់​រហូតដល់​ពេញ​ផ្លូវ ។យ៉ាងណា​ ឥឡូវនេះ​អាជ្ញាធរ​សម្រេច​សុំ​ការយោគយល់​ពី​ប្រជា​ពលរដ្ឋ​ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ទំហំ​ទទឹង​៨ម៉ែត្រដើម្បី​ឲ្យ​យានយន្ត​អាច​បើកបរ​បានការ​ពារ​ខ្លាចក្រែង​មាន​អគ្គិភ័័យ​ឬ​មាន​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង ប៉ុន្តែ​ប្រជា​ពលរដ្ឋ​អ្នក​លក់ដូរ​នៅ​ទីនោះ​មិន​ព្រម​ចាក​ចេញ។

លោក​អភិបាលក្រុង​បញ្ជាក់​ថា អាជ្ញា​ធរ​ក្រុង​និង​ខេត្ត​បា​នរក​ទីកន្លែង​ឲ្យ​គាត់​លក់ដូរ​សមរម្យ​ជូន​ពួក​គាត់ ដោយ​ម្ចាស់​ទីតាំង​ផ្សារ​ថ្មី​មិន​យក​ថ្លៃ​ប៉ាតង់ ​ថ្លៃ​ភាស៊ី និង​ថ្លៃ​តូប​រយៈ​ពេល៣ឆ្នាំ ។ លោក​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ក្រុង​នឹង​ព្យា​យាម​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​បន្ត​ទៀត ប៉ុន្តែ​ទីតាំង​ផ្លូវ​នោះអាជ្ញាធរ​ត្រូវតែ​រៀបចំ​សម្រាប់​ប្រើ​ជា​ប្រយោជន៍​រួម មិន​អាច​ទុកឲ្យ​នៅតែ​លក់​បែបនេះ​រហូត​នោះទេ។

លោក​ថ្លែងថា៖ «យើង​នៅតែ​បន្តធ្វើ​ការ​ពន្យល់ អប់រំ ណែនាំ​ធ្វើយ៉ាង​ណា​ឲ្យ​គាត់​បាន​យល់​ដឹង​និង​ឲ្យ​តម្លៃ​ទៅលើ​ភាពស្រស់ស្អាត​មាន​សណ្តាប់​ធ្នាប់ ហើយ​ចូលរួម​សហការ​ជាមួយ​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ទីនោះ»។

លោក​ ព្រហ្ម​ណា​វុធ ប្រធាន​ផ្សា​របឹង​ឈូក ថ្លែង​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា​ថា លោក​កំពុង​ព្យា​យាម​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ​នៅ​ជុំវិញ​ទីតាំង​ផ្សារ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ ១០០​ភាគរយ​នោះទេ ដោយ​សារតែ​ផ្នត់​គំនិត​អាជីវករ គឺ​ធ្លាប់​លក់​នៅ​កន្លែង​ណា​ចង់​បន្ត​នៅ​លក់​តែ​នៅ​កន្លែង​នោះ​ ហេតុនេះ​ត្រូវការ​ពេល​វេលា ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ទៅដល់​ពួក​គាត់។

លោក​ប្រាប់​ថា បាន​រៀបចំ​ទីតាំង​ថ្មី​សម្រាប់​អាជីវករ​លក់ដូរ​ចំនួន​ ៣ កន្លែង ទី១ ខាង​ជើង​ផ្សា​របឹង​ឈូក​គឺ​នៅក្បែរ​បេនឡាន​ផ្សា​របឹង​ឈូក នៅ​ខាងលិច​ផ្សារ​មួយកន្លែង និង​នៅក្នុង​ផ្សា​របឹង​ឈូក​ដែល​មាន​ទីតាំង​ត្រឹមត្រូវ​ច្បាស់​លាស់ សរុប​ទាំង៣​ទីតាំង​មាន​ចំនួន​ប្រមាណ ​៣០០ តូប ដែល​ទីតាំង​ទាំង​នោះ​នៅ​ចម្ងាយ​ប្រមាណ​ជិត​ ២០០​ ម៉ែត្រ​ពីគ្នា​ប៉ុណ្ណោះ​ ។

លោក​ថ្លែងថា៖ «យើង​រៀបចំ​បាន​ខ្ទង់​ប្រហែល ​៣០០ កន្លែង​ចែក​ពួកគាត់​ម្នាក់​បន្តិចៗធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​អាច​លក់ដូរ​មុខរបរ​ប្រចាំថ្ងៃ​គាត់​បានគ្រាន់តែ​ថា ​កន្លែង​លក់ដូរ​នោះ​វា​មិន​បាន​ធំ​តាម​គាត់​ចង់បាន​ដូច​នៅលើ​ទ្រូង​ផ្លូវ​នោះទេ ព្រោះ​យើង​ដឹង​ហើយ​នៅលើ​ផ្លូវ​ខុសពី​នៅ​ទីតាំង​ដែល​យើង​រៀបចំ»​៕

វីដេអូ៖