ភ្នំពេញ/មណ្ឌលគិរីៈ មន្ត្រី​យោធា​ម្នាក់ និង​មេភូមិ​ម្នាក់ ត្រូ​វបាន​សមត្ថ​កិច្ច​ន​គរបាល​មូលដ្ឋាន​ឃាត់ខ្លួ​នភ្លា​មៗ ក្រោយ​បង្ក​គ្រោះ​អគ្គិភ័យ​នៅក្នុង​ទីតាំង​ចំនួន ២​ ផ្សេងគ្នា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្រុម​គ្រួសារ​ និងអ្នកដទៃ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ កាលពី​ថ្ងៃទី​ ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១។​

លោក កាន់ ពេញ អធិ​ការ​ក្រុង​សែន​មនោ​រម្យបាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ពុធ​ថា កាលពី​ថ្ងៃ​ទី ២៣ ​វិច្ឆិកា វេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ​មាន​ករណី​អគ្គិភ័យ​មួយ​កើត​ឡើង​នៅ​ចំណុច​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គិរី។ ផ្ទះមួយ​ខ្នង​ទំហំ ៧ ម៉ែត្រ​ x ១៨ ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី និង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ទៀត​នៅក្នុង​ផ្ទះ​នោះ បាន​រង​ការឆេះ​ខូចខាត​ទាំង​ស្រុង។

លោកបាន​បន្តថា ករណី​គ្រោះ​អគ្គិភ័យ​នេះ ​បង្ក​ឡើង​ដោយ​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ កេ​ត វុទ្ធី អាយុ ៤២ ឆ្នាំ មាន​តួនាទី​ជា​មេភូមិ​ក្នុងភូមិ​កើតហេតុ​ខាង​លើនេះ។ យ៉ាង​ណាក៏ដោ​យ​នៅក្នុង​ហេតុ​ការណ៍​នោះ​ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងរបួស​ឡើយ ហើយ​ក៏​មិន​ឆេះ​រាល​ដាល​ដល់ផ្ទះ​អ្នកភូមិ​ផ្សេង​ទៀត​ដែរ ដោយ​សារ​មាន​អ្ន​កភូមិ និងអាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​​បាន​ទាន់ពេ​ល។

លោក ​ពេញ បាន​បញ្ជាក់ថា៖ «ជនសង្ស័យ​ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​យើង​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ស្ត្រី​ជា​ប្រពន្ធ និងអ្នកភូមិ​ដែល​បានឃើញ​ហេតុ​ការ​ណ៍នោះ បាន​អះអាង​ថា គាត់​ផឹកស្រា​ស្រវឹង ហើយ​យក​សាំង​មកចាក់​ដុត​ផ្ទះ​ចោល​ក្នុង​បំណង​ធ្វើ​អត្ត​ឃាត​កម្ម​ខ្លួនឯង ប៉ុន្តែ​មិនបា​ន​សម្រេច»។

បើតាម​លោក កាន់ ពេញ នៅពេ​លនេះ ​ជនស​ង្ស័យ ត្រូវបាន​មន្ត្រីន​គរបាល​ជំនាញកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី ដើម្បី​​បន្ត​តាម​នីតិ​វិធី​ច្បាប់។

ជុំវិញ​ករណី​នេះ ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័​យ គឺ អ្នកស្រី ចាន់ សុខឿន អាយុ ៣៩ ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា មុន​​កើតឡើង ​១​ សប្ដាហ៍ ជំងឺ​ចាស់ [ជំងឺស​រសៃប្រ​សាទ] របស់​ប្ដី​គាត់​បាន​រើ​ឡើង​វិញ ដោយ​គាត់ចូលចិត្ត​អង្គុយ​ម្នាក់ឯង​ក្នុង​បន្ទប់​ង​ងឹត ហើយ​និយាយ​រអ៊ូរទាំ​តែម្នាក់​ឯង ហើយយូរៗម្ដង​គាត់​បាន​ស្រែក​ឡើង​ក្នុង​សភាព​តក់ស្លុ​ត ហាក់​បានឃើញ​អ្វី​ចម្លែក​ម្យ៉ាង។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​និង​ប្ដី​របស់ខ្ញុំ មិន​មានរឿង​រកាំរ​កូសអ្វី​នឹង​គ្នា​ទេ។ ប៉ុន្តែ ១ សប្ដាហ៍​មកនេះ​ជំងឺ​ចាស់​របស់គាត់​បាន​រើ​ឡើងវិញ ហើយ​ចេះតែ​និយាយ​រវើរវាយ​ម្នាក់ឯង​ថា មាន​មនុស្ស​ប្រុស​មាឌធំ​សម្បុរ​ខ្មៅ​មក​វាយដំ​គាត់​ជា​រៀងរាល់ថ្ងៃ ពេល​ខ្ញុំ​និងកូនៗទៅធ្វើ​ចម្ការ​បាត់​អស់ពី​ផ្ទះ​នោះ»។

អ្នកស្រី​ សុខឿន​ បាន​បន្ត​ថា ដោយ​សារ​គ្រួសារ​គាត់​ជំពាក់​ប្រាក់ធ​នាគា​ររហូតដល់​ ១៨ ​០០០ ​ដុល្លារ ទើប​គាត់​និង​កូនៗមិ​នអាច​ឈប់​សម្រាក​ពី​ការងារ​ធ្វើស្រែ​ចម្ការ ដើម្បី​នៅ​មើលថែ​ទាំ​គាត់​ឲ្យ​បានល្អ ​ព្រោះ​ខ្លាច​គ្មាន​ប្រា​ក់បង់​សង​ធនាគារ។

អ្នកស្រី​បានបញ្ជាក់​ទៀតថា៖ «នៅ​ថ្ងៃកើត​ហេតុក្រោយពី​ដាំ​ស្ល​រួចខ្ញុំ​ក៏បាន​ប្រាប់​ឲ្យ​កូនស្រីឡើងទៅ​ហៅ​គាត់​មក​ហូប​បាយ​ថ្ងៃត្រង់។ បន្ទាប់មក​កូនស្រី​ក៏បាន​ស្រែក​ប្រាប់ថា ម៉ែ! ពុក គាត់​ចាក់​សាំង​ស្រោច​ពេញ​ក្នុង​បន្ទប់​អស់ហើយ​ម៉ែ! មិនដឹង​គាត់​ចង់​ធ្វើ​អី្វ​ទេ! ឮ​ដូច្នោះ​ខ្ញុំ​ក៏​ស្រែកហៅ​អ្នកភូមិ​មក​ជួយ ហើយ​អ្នកជិ​តខាង​ក៏បាន​មកដល់ ប៉ុន្តែ​ក្នុងពេលនោះ គាត់​ក៏បាន​យក​ដែកកេះ​មក​កេះ​ដុត​ផ្ទះ​ទៅហើយ។ សំណាងល្អ​អ្នកជិត​ខាង​បាន​ចាប់ដៃ​គាត់​អូស​ចេញពី​បន្ទប់​ដែល​កំពុងតែ​ឆេះ​នោះ»។

ចំណែក​នៅឯ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក៏មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​ផងដែរ កាលពី​យប់​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បណ្ដាល​ឲ្យ​ឆេះ​ខូច​ខាត​ផ្ទះ​ចំនួន​២ខ្នង និង ទ្រព្យសម្បត្តិ​មួយចំនួនទៀត។

លោក ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ករណីនេះ បង្ក​ឡើង​ដោយ​បុរស​ជាម​ន្ត្រី​យោធា​ម្នាក់ ឈ្មោះ សុទ្ធ ពិសិដ្ឋ អាយុ ២៧ ឆ្នាំ មាន​លំនៅក្នុង​​ភូមិ​ខ្វា សង្កាត់-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ដើមហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នោះ គឺ​បណ្ដាល​មកពី​ជម្លោះ​ពាក្យសម្ដី​នៅក្នុង​គ្រួសារ​ ហើយ​ឈាន​ដល់​ការប្រើ​អំពើ​ហិង្សា ដុតបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​នៅក្បែរនោះ​មួយ​ខ្នង​ទៀត ជា​កម្មសិទ្ធិ​របស់​មន្ត្រី​កង​រាជអាវុ​ធហត្ថ​ម្នាក់​ឈ្មោះ​ ហ៊ុន ឡាង អាយុ ៤៨ ឆ្នាំ ។ ក្រោយ​កើតហេតុ ជនបង្ក​ត្រូវបាន​ចាប់ខ្លួន​យកទៅ​សួរ​នាំនៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដ​ង្កោ។

លោក​ ស៊ីថា បាន​បញ្ជាក់ថា៖ «នៅ​ពេលនេះ​មន្ត្រី​នគរបាល​ជំនាញ​បាន​ប្រមូល​វត្ថុតាង ចម្លើយ​ពីសា​ក្សីនៅ​កន្លែងកើតហេតុ​បាន​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​ជន​បង្កគ្រោះ​អគ្គិភ័យ​នោះ​ហើយ ខណៈ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​នោះ​ព្រោះតែ​ក្ដី​ប្រចណ្ឌ​នឹង​ស្ត្រី​ជា​ប្រពន្ធ​ខ្លាំងពេក ប៉ុន្តែ​គ្មាន​ចេតនា ឲ្យ​ឆេះ​រាល​ដាល​ដល់ផ្ទះ​អ្នកដទៃ​ទេ»។

បើតាម​លោក ស៊ីថា ជន​សង្ស័យ និង​វត្ថុតាងនឹងត្រូវ​បញ្ជូន​ទៅ​កាន់​តុលា​ការ​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដើម្បី​ចាត់ការបន្ត​តាម​នីតិវិធី​ច្បាប់។

ជុំវិញ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ រហូត​ដល់​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​នេះ លោក អំ សំអាត​ អនុប្រធាន​អង្គការសិទ្ធិ​មនុស្ស​លីកាដូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើតចេញពី​កត្តា៣​យ៉ាងគឺកត្តា​បុគ្គល​ខ្លួនឯង​ផ្ទាល់ កត្តា​គ្រួសារ និង កត្តា​សង្គម។

លោក​បាន​បញ្ជាក់​ថា៖ «អំពើ​ហិង្សា​ជះ​ឥទ្ធិ​ល​អវិជ្ជមាន​ច្រើន​សម្រាប់​សង្គម​ជាតិ ប៉ះពាល់​ដល់​ធនធាន​មនុស្ស​ក្នុង​គ្រួសារ និង​សង្គមបែកបាក់​គ្រួសារ ​ផលវិបាក​ដល់​កុមារ​ក្នុង​គ្រួសារ អ្នក​ប្រព្រឹត្ត​ជាប់​ពន្ធ​នាគារ ការរើសអើង និង​អាប់ឱន​កិត្តិយស​គ្រួសារ សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ ឬ​ក្រីក្រ» ។

បើតាម​លោក អំ សំអាត ករណី​អំពើ​ហិង្សា ដុតបំផ្លាញ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​ទាំង២នេះ ជន​ប្រព្រឹត្ត​បទល្មើស អាច​ប្រឈម​ទៅនឹង​បទចោ​ទប្រកាន់តាម​មាត្រា ៤១០ និង​មាត្រា ៤១៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

ជាមួយគ្នានេះ លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និងសង្គ្រោះ នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ជុំវិញ​ករណី​គ្រោះ​អគ្គិភ័យ​ទាំង២ករណី​ខាងលើនេះ ជនបង្ក​ទាំង២នឹងរង​ការ​ចោទ​ប្រកាន់​ពីបទ «ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស តាម​ប​ញ្ញ​ត្តិ​មាត្រា ៤១០ និង​មាត្រា ៤១១ នៃ​ក្រម​ព្រហ្មទ​ណ្ឌ » ។

លោក​បាន​បញ្ជាក់ថា៖ «តាម​មាត្រា ៤២ នៃ​ក្រម​ព្រហ្មទ​ណ្ឌ ជនបង្ក​គ្រោះ​អគ្គិភ័យ​ទាំង ២ ​ត្រូវ​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន ដែល​បាន​ប្រព្រឹត្តដោយ​មិនអាច​គេច​វេះ​បានឡើយ។ បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត បានបង្ហាញ​ពី​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដែល​គប្បី​ត្រូវ​ចោទប្រកាន់​តាម​ប​ញ្ញ​ត្តិ​មាត្រា ៤១០ និង មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ដល់ ១០ លាន​រៀល»។

ជាមួយ​គ្នានេះ លោក​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ក៏ដូចជា​មន្ត្រី​រា​ជការ បង្កើន​ការយក​ចិត្តទុកដាក់​និងប្រុងប្រយ័ត្ន​ចំពោះ​​គ្រោះ​អគ្គិ​ភ័យដែល​អាច​កើតមាន​គ្រប់ពេ​លវេលា ខណៈ​រដូវរំហើយ​បាន​ចូលមក​ដល់​ដោយ​ត្រូវ​ពន្លត់​ដើម​ភ្លើង​ឲ្យ​អស់ មុនពេល​ចាក​ចេញពីផ្ទះ ស្រែចម្កា​រ និង​ចូរ​កុំ​ដុត​ស្មៅ​នៅក្នុង​ចម្ការ ឬ វាលស្រែ ដែល​អាច​បង្ក​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័​យ៕​