ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូណេស្កូ​ នៅ​ថ្ងៃទី ២៤ វិច្ឆិកា​ ​បាន​សម្ពោធ​ជា​ផ្លូវការ ​នូវ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្ត​ចំនួន ១១ ដែល​បាន​ជួសជុល​ឡើងវិញ តាមរយៈ​គម្រោង​ពង្រឹង​កម្មវិធី​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam)។ តាម​រយៈ​គម្រោង​​ថ្មី​នេះ​ អាច​ធានាថា​ ជា​រៀងរាល់ឆ្នាំ​បុគ្គលិក​អប់រំ និង​គ្រូឧទ្ទេស​ចំនួន ២៤៩ រូប ព្រមទាំង​គ្រូបង្រៀន​បឋមសិក្សា​ចំនួន ១២៧៧ រូប​ នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​កាន់តែ​ប្រសើរឡើង។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ការសម្ពោធ​ជា​ផ្លូវការ​ នូវ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្ត ចំនួន ១១ នេះ​បាន​ឱ្យដឹងថា​ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត គឺជា​ទីកន្លែង​សម្រាប់​បណ្តុះបណ្តាល​គ្រូបង្រៀន ថ្នាក់បឋមសិក្សា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។

ការផ្តល់​មជ្ឈដ្ឋាន​អំណោយផល​នៅ​សាលា​គរុកោសល្យ​ទាំងនេះ ​សម្រាប់​គ្រូបង្រៀន​ដើម្បី​ពង្រឹង​ជំនាញ និង​ការអនុវត្ត​ការបង្រៀន​របស់​ពួកគាត់ គឺជា​គន្លឹះ​ក្នុង​ការធានា​ការបង្រៀន​ប្រកបដោយ​គុណភាព។

សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​ទាំង ១១ ត្រូវបាន​កែលម្អ ដើម្បី​បង្កើត​បរិយាកាស​សិក្សា ដែល​គ្រូឧទ្ទេស និង​សិស្សា​នុសិស្ស​មាន​អារម្មណ៍​ថា មានតម្លៃ ចង់​រៀន និង​ជា​បរិយាកាស​មួយ ​ដែល​នឹង​ជួយ​ធ្វើឱ្យ​ការបណ្តុះបណ្តាល​គ្រូ​បង្រៀន​​មាន​ភាពប្រសើរឡើង។

សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្ត​ទាំងនេះ មាន​ទីតាំងនៅ​ខេត្តបន្ទាយមានជ័យ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ ព្រះសីហនុ ព្រះវិហារ ពោធិ៍សាត់ ស្ទឹងត្រែង និង​ស្វាយរៀង។ សាលា​ទាំងនេះ​ត្រូវបាន​ជ្រើសរើស​បន្ទាប់ពី​បានធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់ និង​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង ​សម្រាប់​ការកែលម្អ។

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង អប់រំ និង​តំណាង​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី២៤ វិច្ឆិកា​​ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ការប្រគល់-ទទួល​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​ទាំង១១ ទីតាំង ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា នៅ​ខេត្ដ​កំពត។

លោក ហង់​ជួន ណា​រ៉ុ​ន បាន ថ្លែងអំណរគុណ​ ដល់​អ​ង្គ​ការ​យូណេស្កូ​ ដែល​ជួយ​សហការ​ឧបត្ថម្ភ​​គាំទ្រ​ជួយ​ជួសជុល​កែលម្អ​ដល់​សាលា​គរុកោសល្យ​គោលដៅ​ទាំង១១ទីតាំង​នេះ ឱ្យសម្រេចបាន​ទៅតាម​ការគ្រោងទុក។

លោក​បាន​វាយតម្លៃ​ខ្ពស់​ ក្នុង​ការខិតខំ​ប្រឹងប្រែង ​របស់​លោកគ្រូ​អ្នកគ្រូ ក្នុង​ការ​បំពេញ​​ការងារ​ ក្នុង​វិស័យ​អប់រំ​នាពេល​កន្លងមក។

លោក​សង្ឃឹមថា​ ការ​បង្កើត​​បន្ទប់​កុំព្យូទ័រ​ នៅ​សាលា​គរុ​គោល​ស្យ​ទាំង១១នេះ នឹង​ជួយ​បង្កើត​ការគាំទ្រ​បន្ថែម​ដល់​គ្រូឧទ្ទេស និង​គរុ​សិស្ស​ ទទួលបាន​ការបណ្ដុះ​បណ្ដាល​បន្ថែម ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរឡើង។

លោក​ថ្លែងថា៖«ការបង្កើន​គុណវុឌ្ឍិ​គ្រូឧទ្ទេស​ ដែលជា​អាទិភាព​របស់​យើង គឺ​យើង​នឹង​អនុវត្ដ​នូវ​វិធីសាស្ដ្រ​បង្រៀន​ថ្មី​ដើម្បី​ព​ង្រឹ​ង​សមត្ថភាព​គរុ​សិស្ស​ខាង​ផ្នែក​បង្រៀន​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា​ផងដែរ។ ការប្រើប្រាស់​វិធីសាស្ដ្រ​បង្រៀន​ថ្មី​នេះ​ដើម្បី​បណ្ដុះ​បំ​និ​ន​សតវត្សរ៍​ទី២១ សម្រាប់​យុវជន​កម្ពុជា»។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ការជួសជុល សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្ត​ទាំង ១១ រួមមាន ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ការ​ប្រក់ដំបូល​ថ្នាក់រៀន​ឡើងវិញ និង​ការជួសជុល​អន្ត​វា​សិ​ក​ដ្ឋា​ន ក៏ដូចជា​ការកែលម្អ​ទីតាំង​ទូទៅ ដូចជា​ការផ្គត់ផ្គង់​ថាមពលអគ្គីសនី និង​ការជួសជុល​ប្រព័ន្ធ​លូ​ជាដើម។

កន្លែង​សិក្សា រួមទាំង​បណ្ណាល័យ មន្ទីរពិសោធន៍​វិទ្យា​សាស្ត្រ និង​បន្ទប់​កុំព្យូទ័រ​ ក៏ត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​ផងដែរ។

តាមរយៈ​ការវិនិយោគ​លើ​ហេ​ដ្ឋា រចនាសម្ព័ន្ធ ICT រួមទាំង​ការដំឡើង​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន សាលា​គរុកោសល្យ​ទាំង ១១នេះ មាន​ភាពល្អប្រសើរ​ ក្នុងការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ ដល់​គ្រូបង្រៀន ដែល​ត្រូវការ​ចាំបាច់​សម្រាប់ បរិយាកាស​ឌីជី​ថ​លថ្មីៗដែល​​ដាក់បញ្ចូល​ទៅក្នុង​វិស័យ​អប់រំ។

សេចក្ដីប្រកាស​បានឱ្យដឹង​ថា ថវិកា​សរុប​ចំនួន ៣,៤ លាន ដុល្លារ ត្រូវបាន​វិនិយោគ​នៅក្នុង​កម្មវិធី STEPCam ដើម្បី​ធានាថា​ ការជួសជុល ឧបករណ៍ និង​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​គរុកោសល្យ​ មាន​គុណភាព​ខ្ពស់បំផុត។ បន្ទប់​សិក្សា​សរុប​​​ចំនួន ១១១ (៦៣ បន្ទប់​សម្រាប់​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ និង ៤៨ បន្ទប់​សម្រាប់​សាលាអនុវត្តន៍) និង ២៥៨ បន្ទប់​ជា​អន្តេវាសិកដ្ឋាន​ត្រូវបាន​ជួសជុល។

តាមរយៈ​ការជួសជុល​ទាំងនេះ ធនធានថ្មីៗ និង​ការបណ្តុះបណ្តាល​នៅ​សាលា គរុកោសល្យ និង​វិ​ក្រឹ​ត​ការធ្វើឱ្យ​គម្រោង STEPCam អាច​ធានាថា​ ជា​រៀងរាល់ឆ្នាំ បុគ្គលិក​អប់រំ និង​គ្រូឧទ្ទេស ចំនួន ២៤៩ រូប ព្រមទាំង​គ្រូបង្រៀន​បឋមសិក្សា ចំនួន ១២៧៧ រូប​បានទទួល​ការ បណ្ដុះបណ្ដាល​កាន់តែ​ប្រសើរឡើង ដើម្បី​ជួយ​ឱ្យ​លទ្ធផល​សិក្សា​របស់​សិស្ស​កាន់តែ​ប្រសើរឡើង។

នៅពេលដែល​គ្រូបង្រៀន​ទាំងនេះ ​ទៅ​បង្រៀន​នៅ​ថ្នាក់បឋមសិក្សា ពួកគាត់​នឹង​ដើរតួនាទី យ៉ាងសំខាន់​ ក្នុង​ការ​​សម្រេចបាន​នូវ​មហិច្ឆតា​របស់​ប្រទេស​កម្ពុជា ក្នុងការ​សម្រេចបាន​ នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី៤ តាម​រយៈ​​ការផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ និង​បរិ​យាប​ន្ន៕