ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡែ (Jacques Pellet) នៅ​ថ្ងៃទី​ ២៤ វិច្ឆិកា ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ការិយាល័យ​កាសែត​ ភ្នំពេញ ប៉ុស្តិ៍ ដែលជា​ស្ថាប័ន​កាសែត​វ័យ​ចំណាស់​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​វិស័យ​សារព័ត៌មាន និង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផ្សព្វផ្សាយ​រវាង​ភាគី​ទាំង​ ២​។

ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​ធ្វើឡើង​នៅ​អគារ​ដែល​ជា​ការិយាល័យ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយមាន​លោក Jacques Pellet និង​មន្ត្រី​ទូត​បារាំង​ផ្សេងទៀត​បាន​ជួប​សំណេះសំណាល​ជាមួយ​លោក លី តៃសេង ចាងហ្វាង និង​ជា​អគ្គនាយក​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ និង​សហការី​មួយចំនួន​។

ក្នុង​ជំនួប​រយៈពេល​ជិត ១ ​ម៉ោង​នោះ លោក Jacques Pellet បានឱ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ស្វែងយល់​ពី​ស្ថាប័ន​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ និង​បាន​សំណូមពរ​ដល់​ស្ថាប័ន​កាសែត​ ភ្នំពេញ ​ប៉ុស្ដិ៍ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ និង​កម្មវិធី​ផ្សេងៗ​ដែល​រៀបចំ​ដោយ​ស្ថានទូត​បារាំង​នាពេល​ខាងមុខ​។

ក្រៅពីនេះ លោក Jacques Pellet ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍ​នៅ​កម្ពុជា ដែលមាន​ការរីកចម្រើន​ច្រើន​គួរឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​កាលពី​ ១០-២០ ​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​មក​ប្រទេស​កម្ពុជា​នៅក្នុង​អំឡុង​ឆ្នាំ​ ១៩៩៥ ហើយ​ប្រៀប​មក​បច្ចុប្បន្ន យើង​ឃើញថា​ការអភិវឌ្ឍ​ខុសគ្នា​ឆ្ងាយ​ណាស់ សូម្បីតែ​តំបន់​ជុំវិញ​សុទ្ធតែ​អគារ​ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ​គឺមាន​ការរីកចម្រើន​ច្រើន​»​។

ជា​ការឆ្លើយតប លោក លី តៃសេង បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​លោក Jacques Pellet​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​មាន​កិត្តិយស និង​ថ្លែងអំណរគុណ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​ចំណាយ​ពេលធ្វើ​ទស្សនកិច្ច​នៅ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ហើយ​យើង​ស្វាគមន៍​រីករាយ ធ្វើការ​សហការ​ជាមួយ​ស្ថានទូត​បារាំង និង​ស្ថានទូត​នានា​ផ្សេងទៀត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅលើ​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​វប្បធម៌ សង្គម​សេដ្ឋកិច្ច និង​នយោបាយ និង​ការពង្រឹង​កិច្ចសហការ​លើ​ការអភិវឌ្ឍ​ប្រទេស​»​។ នៅក្នុង​ជំនួប​លោក Jacques Pellet ក៏បាន​យល់ព្រម​សរសេរ​អត្ថបទ​ជា​ទស្សនៈ​សម្រាប់​បោះពុម្ពផ្សាយ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផងដែរ​។

លោក លី តៃសេង សង្ឃឹម​ថា​នឹង​មាន​ការសហការ​ល្អ ជា​បន្តបន្ទាប់​ទៅមុខទៀត រវាង​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ និង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​។

លោក លី តៃសេង បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​បារាំង​ផងដែរ​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​កាសែត​វ័យ​ចំណាស់​ជាងគេ ដែល​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដែលមាន​ព័ត៌មាន​សម្បូរបែប​។

លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​អ្នកអាន​ ភ្នំពេញ​ ប៉ុស្តិ៍​ មាន​គ្រប់​កម្រិត រួមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ ទាំង​ស្ថាប័ន​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​ដូចជា​ខាង​ស្ថានទូត អង្គការ UN និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ក៏​អាន ​ភ្នំពេញ ​ប៉ុស្តិ៍​ដែរ ហើយ​ ភ្នំពេញ​ ប៉ុស្តិ៍​ មាន​អ្នកអាន​ច្រើន​»​។ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកអាន កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ប្រកាន់​ជំហរ ក្នុង​ការផលិត​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ភ្នំពេញ ប៉ុស្តិ៍​ យើង​ផ្តោតទៅលើ​គុណភាព​សារព័ត៌មាន អ៊ីចឹង​រាល់​ការផ្សព្វផ្សាយ​របស់​យើង ផ្តោតលើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ត្រឹមត្រូវ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ដើម្បី​តម្រូវ​អ្នកអាន​។ អ៊ីចឹង​យើង​ចៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែលជា​ព័ត៌មាន​មិន​ពិត មួលបង្កាច់​»​។

លោក Jacques Pellet បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ គឺ​បន្ទាប់ពី​លោក​បាន​ចូលជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្តែង​ការគួរសម និង​ស្វែងយល់​ពី​កម្ពុជា​ក្នុង​តួនាទី​លោក​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​។

កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ជា​កាសែត​បោះពុម្ពផ្សាយ​ប្រចាំ​ថ្ងៃជា​ខេមរភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស​។ កាសែត​នេះ​បាន​ចាប់ផ្តើម​បោះពុម្ព​ផ្សាយ​ជា​លើកដំបូង នៅក្នុង​ខែកក្កដា ឆ្នាំ​ ១៩៩២៕

វីដេអូ៖