បាត់ដំបងៈ អភិបាលខេត្ត​បាត់ដំបង​បាន​ឱ្យដឹងថា នៅក្នុង​រយៈពេល ៤២ ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ដល់ ខែ​មិថុនា ឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តបាត់ដំបង​ចំនួន​ ១៥ ២៨៩ នាក់​បាន​ស្លាប់ និង​រងរបួស​មាន​ពិការភាព ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ថ្លែង​នៅក្នុង​ពិធី​អមដំណើរ​លោក​ លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា និង​ម្ចាស់​គម្រោង​បោសសម្អាត​មីន ចុះ​ពិនិត្យ ចម្ការមីន និង​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ទទួលផល​នៅ​ភូមិ​គោករកា ឃុំ​ដូនបារ ស្រុក​គាស់ក្រឡ នៅ​ថ្ងៃទី​ ២៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ នេះ ឱ្យដឹងថា ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង គឺជា​ប៉ុស្តិ៍​ប៉មប្រយុទ្ធ​ជួរមុខ​ក្នុង​សម័យ​សង្គ្រាម​ជាង​ ២ ​ទសវត្សរ៍ ដូចនេះ​ផ្ទៃដី​មួយ​ភាគ​ធំ​របស់​ខេត្ត គ្របដណ្តប់​ទៅដោយ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​បន្សល់ទុក​នូវ​ផលវិបាក​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ក្នុង​ដំណើរ​ការកសាង និង​អភិវឌ្ឍន៍​។

លោក​បន្តថា​៖ «​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន នៅ​កប់​រាយប៉ាយ​ក្នុង​តំបន់​រស់នៅ និង​ដី​បង្កបង្កើនផល​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​មកដល់​ពេល​នេះ គ្រោះមហន្តរាយ​ដែល​បណ្តាល​មកពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​តែ​បន្ត​គំរាមកំហែង​ជារឿយៗ​មក​លើ​អាយុជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​យើង​នៅឡើយ​»​។

បើតាម លោក សុខ លូ ជាក់ស្តែង​ចំនួន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម ពី​ឆ្នាំ​ ១៩៧៩ ដល់​ខែតុលា ឆ្នាំ​ ២០២១ សរុប​ក្នុង​ខេត្តបាត់ដំបង​ចំនួន ១៥ ២៨៩ នាក់ (​ដោយសារ​មីន​ចំនួន ១២ ៣៥០ នាក់ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២ ៩៣៩ នាក់) ​បណ្តាល​ឱ្យ​ស្លាប់​ចំនួន ៣ ៨៥៩ ​នាក់ របួស​ចំនួន ៨ ៧៩៤ ​នាក់ និង​ពិការ​ចំនួន ២ ៦៣៦ ​នាក់​។

លោក អភិបាលខេត្ត​រូបនេះ​ថ្លែងថា​៖ «​ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២១ ​គិត​ត្រឹម​ខែតុលា​នេះ មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៩ ​នាក់​នៅក្នុង​នោះ ដោយសារ​មីន​ចំនួន ៧ ​នាក់ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២ ​នាក់​»​។

លោក សុខ លូ បញ្ជាក់​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ កន្លងមក​ខេត្ត​មាន​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ចំនួន​ ៥ គឺ​៖

-​អង្គភាព CMAC -អង្គការ​ MAG -អង្គការ HALO -Trust អង្គការ​ CSHD និង​អង្គភាព​បោសសម្អាត​មីន​កងទ័ព​ (NPMEC) ប៉ុន្តែ​បច្ចុប្បន្ននេះ មានតែ​ ៣ ​ប្រតិបត្តិករ​ដោះមីន​ប៉ុណ្ណោះ​គឺ​៖ អង្គភាព​ CMAC អង្គការ​ MAG និង​អង្គការ​ HALO-Trust ។

យោងតាម​របាយការណ៍​របស់​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត បានបង្ហាញ​ឱ្យឃើញថា កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ខេត្តបាត់ដំបង បានចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៩៩២ មក​គិត​មក​ដល់​ខែតុលា ឆ្នាំ​ ២០២១ ​នេះ លទ្ធផល​សរុប​ដោះមីន​រួច​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​ចំនួន ៤៦ ៥៩៩ ​ហិកតា រកឃើញ និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ២០២ ៤៥១ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ៣ ៩៩០ ​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១១៣ ៤២២ ​គ្រាប់ និង​មីន​ច្នៃ​ចំនួន ៣ ៩៧៣ ​គ្រាប់​។

របាយការណ៍​នេះ​បន្តថា ក្នុងនោះ​តាមរយៈ​គម្រោង​បោសសម្អាត​មីន​ ដើម្បី​លទ្ធផល ដែល​គាំទ្រ​ដោយ​អង្គការ UNDP ចាប់ពី​ឆ្នាំ​ ២០០៦ មកដល់​ឆ្នាំ​ ២០២០ សម្រេចបាន​លើ​ផ្ទៃដី​ចំនួន ១០ ៧១២ ​ហិកតា​៕