ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បានសម្រេច​ចុះបញ្ជី​ជូន​គណបក្ស​ «​កម្ពុជា​និយម​» របស់លោក យ៉ែម បុញ្ញឫទ្ធិ ជា​ផ្លូវការ ដើម្បី​បើកផ្លូវ​ឱ្យ​ចូលរួម​ប្រកួត​ការបោះឆ្នោត​នាពេល​ខាងមុខ​ ខណៈ​គណៈ​ថ្មី​មួយទៀត ក្រសួង​កំពុង​បន្ត​ពិនិត្យ​ឯកសារ​បន្ថែម​ដែល​ទើប​ដាក់​មក​ក្រសួងមហាផ្ទៃ​។

លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួងមហាផ្ទៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ វិច្ឆិកា​ថា បច្ចុប្បន្ន​គណបក្ស​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​ ៤៦ រីឯ​គណបក្ស​ថ្មី​មួយទៀត​កំពុង​ត្រួតពិនិត្យ ហើយ​នេះ​មិន​និយាយ​ដល់​គណបក្ស​បេះដូង​ជាតិ​របស់លោក សៀម ភ្លុក ទេ​។

លោក​បន្តថា ការចុះបញ្ជី​គណបក្ស​ «​កម្ពុជា​និយម​» ​នេះ​ក្រសួងមហាផ្ទៃ​បានធ្វើ​ពីថ្ងៃ​ទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រីឯ​គណបក្ស​ថ្មី​មួយទៀត​នៅ​​ខ្វះ​ឯកសារ​ហើយ​ក្រសួង​បាន​​ឱ្យ​យកទៅ​បំពេញ​ឡើងវិញ​ និង​កំពុង​កែតម្រូវ​ឯកសារ​នោះ​។

ទោះជា​យ៉ាងណា លោក​មិនទាន់​ដឹងថា មាន​គណបក្ស​នយោបាយ​ថ្មី​ប៉ុន្មាន​ទៀត​ដែល​ត្រៀម​ដាក់​ពាក្យសុំ​ចុះបញ្ជី​នោះទេ​។

លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក​គណបក្ស​ «​កម្ពុជា​និយម​» ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ថា ការទទួល​បាន​លិខិត​ចុះបញ្ជី​ត្រឹមត្រូវ​ពី​ក្រសួងមហាផ្ទៃ​ជា​ព័ត៌មាន​មួយ​ដ៏ល្អ​ដែល​អាច​​ឱ្យ​គណបក្ស​រៀបចំ​បេក្ខជន​សម្រាប់​ចូលរួម​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ បើទោះបី​ស្ថិត​​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ​។

យ៉ាងណាក្ដី លោក បុញ្ញឫទ្ធិ បាន​ថ្លែងថា បើ​និយាយ​ពី​តថភាព​ជាក់ស្តែង​នៃ​គណបក្ស​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ននេះ​គឺ​ពិតជា​មាន​ការលំបាក​ដោយសារ​មាន​គណបក្ស​ថ្មី​ចាស់​ច្រើន​ចូលរួម​ប្រកួត ប៉ុន្តែ​ក្នុងនាម​ជា​អ្នកនយោបាយ​ និង​ក្នុងនាម​គណបក្សនយោបាយ គឺ​ត្រូវតែមាន​ចំណុច​ចាប់ផ្តើម និង​បន្ត​បេសកកម្ម​ទៅមុខទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ យើង​នឹង​ខិតខំ​ឱ្យអស់​លទ្ធភាព​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ និង​ការផ្សព្វផ្សាយ​ទស្សនៈ គោលនយោបាយ និង​ចក្ខុវិស័យ​របស់​គណបក្ស​ក្នុង​ការចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​»​។

បើតាម​លោក​ យ៉ែម បុញ្ញឫទ្ធិ ថ្វីដ្បិត​គណបក្ស​ «​កម្ពុជា​និយម​» ទើប​បង្កើត​ថ្មី​ក៏ពិតមែន ប៉ុន្តែ​បើ​និយាយ​ពី​ការគិតគូរ​គោលនយោបាយ​ និង​ការចងក្រង​រចនាសម្ព័ន្ធ​​គឺ​ត្រូវបាន​អនុវត្ត​ និង​បំពេញ​អស់​រយៈពេល​ជាយូរ​ឆ្នាំ​មកហើយ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​​ថ្លែងថា ការបង្កើត​គណបក្ស​ថ្មីៗ​​នៅ​កម្ពុជា​មុន​ការបោះឆ្នោត​នេះ​​បានបង្ហាញ​ពី​លម្ហ​នយោបាយ​​ដែល​ពលរដ្ឋ​ និង​អ្នកនយោបាយ​​មាន​សិទ្ធិ​បង្កើត​គណបក្ស​ឱ្យតែ​ផ្អែក​តាម​គោលការណ៍​ច្បាប់​ និង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​។

លោក​បន្តថា គណបក្ស​នយោបាយ​ថ្មីៗ​ក៏​ត្រូវបាន​បង្កើតឡើង រីឯ​គណបក្ស​ចាស់ៗ​ក៏កំពុង​ឃើញ​ធ្វើ​សកម្មភាព​នៅតាម​មូលដ្ឋាន​ជា​ហូរហែ​។ ​ដូច្នេះ​វា​ជា​​សញ្ញា​វិជ្ជមាន​មួយ​បង្ហាញ​ពី​ភាពរស់រវើក​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វា​អត់​ជា​បញ្ហា​ចោទ​ទេ ហើយ​វា​ក៏​បង្ហាញ​​ឱ្យឃើញ​ពី​លម្ហ​នយោបាយ លម្ហ​សេរីភាព របស់​ប្រជាពលរដ្ឋ និង​របស់​អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​មិនមែន​ដូច​ការលើកឡើង​ពី​ការរឹតត្បិត​លម្ហ​នយោបាយ​ និង​សង្គម​ស៊ីវិល​នោះទេ​។ មួយទៀត​សុំ​កុំ​​ប្រកាន់​ទស្សនៈ​មួយ​ថា លុះត្រា​​តែមាន​គណបក្ស​នេះ ឬ​គណបក្ស​នោះ​ទើបបាន​ហៅថា មាន​ប្រជាធិបតេយ្យ​គឺ​អត់​ទេ​»​។

លោក គិន ភា ពន្យល់​ថា​ក្នុង​វិស័យ​នយោបាយ​ឱ្យតែ​​មាន​គណបក្ស​ចាប់ពី​ ២ ​ឡើង​​ចូលរួម​ប្រកួត​បោះឆ្នោត​គឺ​គេ​ហៅ​ពហុបក្ស​ហើយ ប៉ុន្តែ​ការទទួល​បាន​សំឡេង​ ឬ​អាសនៈ​ក្នុង​រដ្ឋសភា​វា​ចំណុះ​លើ​ពលរដ្ឋ​គាំទ្រ ហើយ​នៅពេល​គណបក្ស​មួយ​ជាប់ឆ្នោត​ជា​ឯកបក្ស មិនមែន​បន្ទោស​ប្រព័ន្ធ​នយោបាយ​ទេ​គឺ​ពលរដ្ឋ​ជា​អ្នកសម្រេចចិត្ត​ទេ​។

យ៉ាងណាក្ដី កាលពី​ថ្ងៃទី​ ១៦ ​វិច្ឆិកា ក្រសួងមហាផ្ទៃ​ធ្លាប់បាន​បដិសេធ​ចុះបញ្ជី​គណបក្ស​ «​បេះដូង​ជាតិ​» ​ដោយ​សំអាងថា ការផ្ដិត​មេដៃ​ដើម្បី​គាំទ្រ​ដំណើរការ​​សុំច្បាប់​មាន​ចេតនា​ទុច្ចរិត​ដោយ​​មាន​ការផ្ដិត​ជំនួស​។ ​ក៏ប៉ុន្តែ​ករណី​​នេះ​ត្រូវបាន​ស្ថាបនិក​គណបក្ស​នេះ​គឺ​លោក សៀម ភ្លុក ថា គណបក្ស​កំពុង​រៀបចំ​ប្ដឹង​ក្រសួង​​មហាផ្ទៃ​ទៅ​តុលាការ​កំពូល​៕

វីដេអូ៖