ភ្នំពេញៈ ​អង្គការ​ជីវិត​នៅ​កម្ពុជា​ (This Life Cambodia) ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ជាមួយ​​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​​ និង​យុវនីតិសម្បទា​លើ​កម្មវិធី​​បង្វែរ​កុមារ​ជា​អនីតិជន​ចេញពី​ពន្ធនាគារ​មក​មណ្ឌល​យុវនីតិសម្បទា​ដែល​នឹង​ចាប់ផ្តើម​នៅ​​ឆ្នាំ​ក្រោយ ដើម្បី​ធានាថា ពួកគេ​​ដែលមាន​ទំនាស់​នឹង​ច្បាប់​មាន​សិទ្ធិ​ទទួល​បាន​ការអភិវឌ្ឍ​ខ្លួន​តាមរយៈ​ការបន្ត​ការសិក្សា ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បំណិន​ជីវិត ជាដើម​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​ស្ដីពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា បាន​ឱ្យ​ដឹងថា កុមារ​ភាគច្រើន​ដែលមាន​អាយុ​​ពី​ ១៤ ​ដល់​ ១៨ ​ឆ្នាំ​ហើយ​កំពុង​រស់នៅក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​គឺ​ដោយសារ​តែ​ការចោទប្រកាន់​​ ឬ​ការផ្តន្ទាទោស​លើ​បទល្មើស​តូចតាច​ដែល​ស្ថិតក្នុង​កម្រិត​ទាប ប៉ុន្ដែ​មាន​ហានិភ័យ​ខ្ពស់ ដូចជា​ការប្រើប្រាស់​គ្រឿងញៀន ការលក់​ថ្នាំញៀន​ឱ្យ​មិត្តភក្តិ ឬ​បទ​លួច​តូចតាច​ជាដើម​។

ប្រសិនបើ​កុមារ​ទាំងនេះ​មិន​​ត្រូវ​បានផ្តល់​ការគាំទ្រ​ក្នុង​ដំណាក់កាល​ដំបូង​ដែលជា​ពេល​សំខាន់​ក្នុង​ការអភិវឌ្ឍ​របស់​ពួកគេ​ទេនោះ​ពួកគេ​នឹង​អាច​ប្រព្រឹត្ត​​បទល្មើស​សាជាថ្មី​នាពេល​អនាគត​ ដោយសារ​ពួកគេ​ដាច់ចេញ​ឆ្ងាយ​ពី​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​សហគមន៍​។ នេះ​បើតាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ប្រភព​ដដែល​បញ្ជាក់ថា​ «​កម្មវិធី​បង្វែរ​យុវជន​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​មាន​គោលបំណង​​ធានាថា អនីតិជន​ដែលមាន​ទំនាស់​នឹង​ច្បាប់​មាន​សិទ្ធិ​ទទួល​បាន​ការអភិវឌ្ឍ​ខ្លួន និង​ការគាំទ្រ​ផ្សេងៗ​តាម​តម្រូវការ​របស់​​ខ្លួន​ជាក់ស្តែង ដែលជា​វិធីសាស្ត្រ​ជំនួស​ឱ្យ​ការដាក់​ឃុំឃាំង​។

វិធីសាស្ត្រ​ទាំងនេះ​នឹង​អនុញ្ញាត​ឱ្យ​អនីតិជន​បន្ត​ការសិក្សា​របស់​​ពួកគេ​ ឬ​ទទួល​បាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បំណិន​ជីវិត​។ ទាំងនេះ គឺជា​ធាតុ​សំខាន់​ក្នុង​ការផ្តល់​នូវ​ក្តីសង្ឃឹម​សម្រាប់​ការងារ​​អាជីព និង​ប្រាក់ចំណូល​សម្រាប់​​អនាគត​របស់​ពួកគេ​»​។

លោក Billy Gorter នាយកប្រតិបត្តិ​អង្គការ​ជីវិត​នៅ​កម្ពុជា​ថ្លែង​ថា អស់​រយៈពេល​ ១២ ​ឆ្នាំ​​កន្លងមកនេះ អង្គការ​ជីវិត​នៅ​កម្ពុជា​បាន និង​កំពុង​អនុវត្ត​កម្មវិធី​ដែល​ធ្វើការ​ជាមួយ​មនុស្ស​វ័យ​​ក្មេង​ដែល​កំពុង​អនុវត្ត​ទោស​។ អង្គការ​ជីវិត​នៅ​កម្ពុជា បាន​ជួយ​កាត់បន្ថយ​អត្រា​វិល​ចូល​ពន្ធនាគារ​វិញ​មក​នៅក្រោម ២% ក្នុង​រយៈពេល​ ៦ ​ខែ ក្រោយ​ការដោះលែង​។

លោក​បន្តថា​៖ «​យើង​តែងតែ​​ដឹងថា​មាន​ឱកាស​ក្នុង​ការការពារ​ដែល​អាចជួយ​រក្សា​កុមារ​ពី​ពន្ធនាគារ​តាំងពី​ដំបូង​។ កិច្ចសហការ​រវាង​អង្គការ​ជីវិត​នៅ​​កម្ពុជា និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​​នឹង​អនុវត្តបទប្បញ្ញត្តិ​ទាំងឡាយ​ដែល​បានចែង​ក្នុង​​ច្បាប់​យុត្តិធម៌​អនីតិជន ព្រមទាំង​ផ្តល់នូវ​វិធាន​ជំនួស​បញ្ចៀស​ពី​ការជាប់​ពន្ធនាគារ​»​។

លោក Gorter បានឱ្យ​ដឹងថា មាន​ភ័ស្តុតាង និង​ការសិក្សា​ជាច្រើន​បង្ហាញថា ការបង្វែរ​គឺជា​​ដំណោះស្រាយ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ជា​អនេក​សម្រាប់​​កុមារ​ទំនាស់​នឹង​ច្បាប់ ជាជាង​​ការឃុំឃាំង​។ ការបង្វែរ​សម្រេច​​បាន​នូវ​អត្រា​នៃ​ការវិល​ចូលក្នុង​ពន្ធនាគារ​វិញ​មាន​កម្រិត​ទាប បើ​ប្រៀបធៀប​ទៅនឹង​ដំណើរការ​ផ្លូវការ​របស់​តុលាការ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ បន្ទាប់ពី​អង្គការ​ជីវិត​​នៅ​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា​ «​មិនមែនជា​កន្លែង​សម្រាប់​កុមារ​» ​ដើម្បី​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការកាត់បន្ថយ​អត្រា​​ប្រព្រឹត្ត​បទល្មើស​ឡើងវិញ​របស់​​យុវជន និង​កាត់បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។

អង្គការ​ជីវិត​នៅ​កម្ពុជា​បញ្ជាក់ថា​ «​វិធីសាស្ត្រ​របស់​យើង​ទទួល​​បាន​ជោគជ័យ​ច្រើន​លើសលប់​​ដោយ​ ៨៦% នៃ​អ្នកចូលរួម​ក្នុង​កម្មវិធី​របស់​យើង​ទទួល​បាន​​ការងារ​ បន្ទាប់ពី​ការដោះលែង​។

អត្រា​វិល​ចូល​ពន្ធនាគារ​វិញ​​បាន​ធ្លាក់ចុះ​ពី​ ៦០% ​មក​ត្រឹមតែ​ ២% ក្នុង​រយៈពេល​ ៦ ​ខែ ​បន្ទាប់ពី​ការដោះលែង​»​។

លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យ​ដឹងថា ក្រសួង​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​មណ្ឌល​យុវនីតិសម្បទា​សម្រាប់​អនីតិជន​ជាប់ពន្ធនាគារ​នៅ​ឃុំ​បារគូ ស្រុក​​កណ្ដាលស្ទឹង ខេត្តកណ្ដាល​នា​​ចុងខែ​ធ្នូ​ឆ្នាំនេះ ដើម្បី​បង្វែរ​ជន​ជាប់ឃុំ​ជា​អនីតិជន​ទៅកាន់​មណ្ឌល​នេះ​ដែល​អាចដាក់​អនីតិជន​បាន​ជាង​ ១ ​ពាន់​នាក់​។

ក៏ប៉ុន្ដែ​លោក​បញ្ជាក់ថា ជំហាន​ដំបូង​ក្រសួង​គ្រោង​បង្វែរ​អនីតិជន​ប្រមាណ ៥០ ​នាក់ មក​​មណ្ឌល​នេះ ដើម្បី​ស្ទាបស្ទង់​លើ​ការអនុវត្ដ​កម្មវិធី​បង្វែរ​នេះ​។

លុះដល់​ឆ្នាំ​បន្ទាប់ ចំនួន​អនីតិជន​ដែល​ត្រូវ​បង្វែរ​ពី​ពន្ធនាគារ​មក​មណ្ឌល​នេះ​នឹង​កើនឡើង​ដល់​ប្រមាណ​ ៤០០ ​នាក់​ ឬ​លើស​​ពីនេះ ស្រប​ពេល​ដែល​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បង្ហាញ​ថា បច្ចុប្បន្ន​​ជន​ជាប់ឃុំ​ជា​អនីតិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​មាន​ចំនួន ១ ៤៤៩ នាក់​។

លោក​ថ្លែងថា​៖ «​ការងារ​បង្វែរ​​អនីតិជន​នេះ គឺ​អាស្រ័យ​លើ​បទពិសោធ​នៃ​ការអនុវត្ដ​ផ្ទាល់​របស់​មន្ដ្រី​របស់​យើង ព្រោះ​ការងារ​នេះ​គឺជា​ការងារ​ថ្មី​ក្នុង​ការអនុវត្ដ​​របស់​មន្ដ្រី​យើង​»៕