ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ បញ្ជាក់ទៅកាន់មេឃុំមិនត្រូវបោះបង់ការងារផ្ដល់សេវាសាធារណៈ និងមកធ្វើការងារយឺតដោយយកហេតុផលប្រឆាំងការរីករាលដាលជំងឺកូវីដ ១៩ ដែលនាំឱ្យប៉ះពាល់ដល់ការស្វែងរកសេវារបស់ប្រជាពលរដ្ឋ។ លោកថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មាររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា។
លោក ហ៊ុន សែន ថ្លែងថា៖ «ការប្រយុទ្ធប្រឆាំងជំងឺកូវីដ តែមិនត្រូវឱ្យរាំងស្ទះនូវកិច្ចការធម្មតានៃដំណើរការរដ្ឋបាលដែលជាតម្រូវការរបស់ប្រជាជន។ មេឃុំត្រូវតែមានអ្នកប្រចាំការ។ មេឃុំត្រូវចូលកន្លែងស្នាក់ការឃុំម៉ោង ៧ ព្រឹក។ តាមខ្ញុំដឹងហេតុផលកូវីដនេះធ្វើឱ្យមេឃុំមួយចំនួនម៉ោង ៩ អត់ទាន់ចូលស្នាក់ការទេ។ ប្រជាជនទៅរកអត់ឃើញទេ»។
លោកបានផ្តាំទៅកាន់មេឃុំ និងមន្ត្រីមូលដ្ឋានឱ្យយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាជនពីព្រោះប្រជាជនត្រូវការមេឃុំអភិបាលស្រុក និងរដ្ឋបាលខេត្ត ដើម្បីដោះស្រាយបញ្ហាហើយប្រជាជនត្រូវការមន្ត្រីប្រចាំការដើម្បីដោះស្រាយបញ្ហា។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «កុំផ្អែកលើ [ការប្រយុទ្ធប្រឆាំង] កូវីដ ហើយបែរជាកិច្ចការរដ្ឋបាលយើងបោះបង់ចោលក្នុងពេលដែលប្រជាជនមានតម្រូវការសូមយកចិត្តទុកដាក់អាកន្លែងហ្នឹង។ បានសេចក្តីថា កិច្ចការយើងនៅបន្តធ្វើគ្រាន់តែលំដាប់អាទិភាពរបស់យើងគឺយកការប្រឆាំងកូវីដគឺជាចំណុចអាទិភាពធំជាងគេ។ ក៏ប៉ុន្តែសូមកុំបោះបង់ចោលកិច្ចការរដ្ឋបាលនានា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ទោះបីជារដ្ឋាភិបាលបានកាត់បន្ថយការជួបជុំ ប៉ុន្តែនៅតែធ្វើការតាមប្រព័ន្ធអនឡាញប៉ុន្តែនៅថ្នាក់ឃុំមិនអាចធ្វើការតាមអនឡាញបានទេ ពីព្រោះប្រជាជនត្រូវមកជួបមន្ត្រីឃុំផ្ទាល់ដើម្បីដោះស្រាយបញ្ហាដូចជាដីធ្លីជាដើម។
លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យមន្ត្រីមូលដ្ឋានខិតខំសម្របសម្រួលដោះស្រាយជម្លោះនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការជាជាងដោះស្រាយនៅឯតុលាការពីព្រោះកាលណាដោះស្រាយនៅតុលាការគឺប្រាកដជាមានអ្នកឈ្នះក្តី និងអ្នកចាញ់ក្តី។
លោក សើញ រដ្ឋា មេឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាថា ការថ្លែងសាររបស់លោកនាយករដ្ឋមន្ត្រីនេះគឺជាសារមួយល្អ ទោះបីក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក៏ដោយ ដោយសារលោកជាអាជ្ញាធរឃុំដូច្នេះលោកត្រូវធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋហើយលោកប្តេជ្ញាអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កែវ រំដេត មេឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិនប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ថា វាជាការល្អកាលណាមេឃុំធ្វើតាមការណែនាំរបស់លោក ហ៊ុន សែន ព្រោះវាអាចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានពេញលេញ និងគ្រប់គ្រាន់។
លោកថ្លែងថា៖ «បើកាលណាយើងយកលេសហ្នឹងមកដាក់ធ្វើជាត្រីមុខគឺមិនអាចបម្រើសេវាជូនដល់ពួកគាត់បានល្អទេបាទ»។ លោក កែវ រំដេត បញ្ជាក់ថា ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ នៅឃុំរបស់លោកជាធម្មតាដូចកាលមិនទាន់មានជំងឺកូវីដ ១៩។ សេវាទាំងនោះរួមមានដូចជាសំបុត្រកំណើត បណ្ណសមធម៌ និងឯកសារពាក់ព័ន្ធផ្សេងៗ៕