ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៤ ​វិច្ឆិកា បានសម្រេច​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​ ៣ ​នាក់ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ពាក់ព័ន្ធ​ការចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ថៃ​ចំនួន​ ៩៩ ​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​ ១៨ វិច្ឆិកា នៅក្នុង​ផ្ទះមួយ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែនសុខ​។

លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី​ ២៤ វិច្ឆិកា​ថា ករណី​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ ៣ ​នាក់ ដែល​ពាក់ព័ន្ធ​ចាប់បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ​ត្រូវបាន​តំណាង​អយ្យការ​បើក​ការស៊ើបសួរ និង​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។ «​តំណាង​អយ្យការ​បើក​ការស៊ើបសួរ និង​បាន​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​ពី​បទបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ធ្វើ​ទារុណកម្ម​តាម​មាត្រា ២៥៤ នៃ​ក្រមព្រហ្មទណ្ឌ​»​។

លោក​ ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២១ វិច្ឆិកា​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​ ៣ ​នាក់​ខាងលើ ត្រូវបាន​នគរបាល​ជំនាញ​ក្រសួងមហាផ្ទៃ ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី ១៨ វិច្ឆិកា នៅក្នុង​ផ្ទះ​ ១ ​ក្នុង​ខណ្ឌ​សែនសុខ​។

លោក​បន្តថា ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រំដោះ​ជនជាតិ​ថៃ​បាន​សរុប​ ៩៩ នាក់ ហើយ​ជនជាតិ​ថៃ​ទាំងនោះ​សុទ្ធតែ​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​បំពេញការងារ​ដោយ​ខុសច្បាប់​។ ហេតុដូច្នេះ​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ចាប់បញ្ជូន​ពួកគេ​តាមច្បាប់​អន្តោប្រវេសន៍​កម្ពុជា​។

លោក​បន្ថែមថា ចំពោះ​ជនជាតិ​ចិន​មាន​ចំនួន​ ៧៧ ​នាក់​ក្នុង​នោះ​មាន​ចំនួន ៣ នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​។ ចំណែក​ជនជាតិ​ចិន​ ៧៤ ​នាក់ មិន​ពាក់ព័ន្ធ​នឹង​បទល្មើស សមត្ថកិច្ច​ជំនាញ​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​បំពេញការងារ​ជាធម្មតា​វិញ​។ ក្រុមហ៊ុន​ដែល​ជនជាតិ​ចិន​ធ្វើការ​នោះ គឺជា​ក្រុមហ៊ុន​អាជីវកម្ម​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អនឡាញ​៕