
ចិនតៃវ៉ាន់ម្នាក់ ត្រូវតុលាការកំពូលតម្កល់ទោស ២៨ ឆ្នាំដដែល ពីបទដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន។ គឹម សារុំ
ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ២៤ វិច្ឆិកាបានប្រកាសសាលដីកាសម្រេចតម្កល់ទោស បុរសចិនតៃវ៉ាន់ម្នាក់ឱ្យជាប់ពន្ធនាគារ ២៨ ឆ្នាំដដែលក្នុងបទចោទដឹកជញ្ជូនគ្រឿងញៀនហេរ៉ូអ៊ីនឆ្លងដែនខុសច្បាប់ បន្ទាប់ពីបើកសវនាការជំនុំជម្រះបានរយៈ ១ ម៉ោងក្រោយមក។
លោកចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលាដីកា នៅចំពោះមុខជនជាប់ចោទនៅថ្ងៃទី ២៤ វិច្ឆិកា ថា ក្រោយពីបានស្តាប់សេចក្តីសន្និដ្ឋានរបស់លោក ឆៃ រ៉ាន់នូ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់លោក ច័ន្ទ តារារស្មី តំណាងមហាអយ្យការមក ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលយល់ឃើញថា បុរសឈ្មោះ WANG KUOLIN អាយុ ២៩ ឆ្នាំបានទទួលស្គាល់ថា រូបគេពិតជាបានប្រព្រឹត្តខុសមែន។
ប៉ុន្តែខ្លួនធ្វើបែបនេះ ព្រោះតែចង់យកលុយដែលបានពីការស៊ីឈ្នួលជួញដូរគ្រឿងញៀននេះ យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារនៅកោះតៃវ៉ាន់។ ជនជាប់ចោទ បានប្រាប់តុលាការថា រូបគេមានម្តាយចាស់ជរាគ្មានអ្នកថែរក្សា ទើបស្នើសុំតុលាការកំពូលសម្រាលទោសខ្លះដល់រូបគេ។ ជនសង្ស័យក៏បានសហការជាមួយតុលាការ មិនដែលឆ្លើយលាក់លៀម ជាមួយតុលាការ ហើយជនសង្ស័យជួញដូរគ្រឿងញៀននេះ ដោយសារតែគេបង្ខំតែប៉ុណ្ណោះ។
ប៉ុន្តែលោកថា៖ «អ្វីដែលជនជាប់ចោទលើកឡើងនេះតុលាការកំពូលមិនអាចពិចារណាជូនបានទេ។ ព្រោះដូចតំណាងមហាអយ្យការ ធ្វើការសន្និដ្ឋានហើយថា សមត្ថកិច្ចបានចាប់ជនជាប់ចោទជាមួយវត្ថុតាងគ្រឿងញៀនជាក់ស្តែង ដូច្នេះតុលាការកំពូលសម្រេចឃុំខ្លួនជនជាប់ចោទបន្តទៀត»។
យោងតាមអង្គហេតុបង្ហាញថា កាលពីវេលាម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ៨ មេសា ឆ្នាំ ២០០៨ ជនសង្ស័យ WANG KUOLIN បានធ្វើដំណើរតាមយន្តហោះ ពីកោះតៃវ៉ាន់មកកម្ពុជា។ ពេលដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជនសង្ស័យមានលក្ខណៈខុសប្រក្រតី។ ឃើញដូច្នោះសមត្ថកិច្ចបានឆែកឆេរ ឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ២ ១៥០ ក្រាម រុំជាប់នឹងខ្លួនរបស់ជនជាប់ចោទហើយក៏ឃាត់ខ្លួនតែម្តង។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០០៩ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ២៨ ឆ្នាំ និងពិន័យប្រាក់ចូលរដ្ឋចំនួន ៧០ លានរៀល។ ជនជាប់ចោទមិនសុខចិត្តក៏ប្តឹងទៅសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ តែត្រូវឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី ២៦ មិនា ឆ្នាំ ២០២១ ដោយតម្កល់សាលក្រមរបស់សាលាដំបូងឱ្យនៅដដែល។ បន្ទាប់ពីមិនសុខចិត្តនឹងសាលដីកានេះជនជាប់ចោទ ក៏ប្តឹងទៅតុលាការកំពូលបន្តទៀត៕