មណ្ឌលគិរីៈ ជនជាតិដើម​ភាគតិច​ព្នង នៅ​ខេត្តមណ្ឌលគិរី​ចំនួន​ ៨ ​គ្រួសារ​បាន​ឡើងមក​ភ្នំពេញ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផ្អាក​ការចេញ​បណ្ណ​កម្មសិទ្ធិ និង​ការសាងសង់​សំណង់​ផ្សេងៗ លើដី​មាន​ទំនាស់ បន្ទាប់ពី​បាន​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មិនបាន​ផល​។

លោក ម្លូស តេន តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ទាំង​ ៨ ​គ្រួសារ​ថ្លែង​នៅ​ថ្ងៃទី ២៣ ​ខែ​វិច្ឆិកា​ថា ជំនួស​ឱ្យ​ពលរដ្ឋ​ ៨ ​គ្រួសារ ដែលមាន​សមាជិក ៣៦ ​នាក់​រស់នៅ​ក្នុងភូមិ​ពូឆប និង​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​បាន​ឡើងមក​ដាក់ពាក្យ​ជូន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ និង​រក​យុត្តិធម៌ ព្រោះ​ជនខិលខូច កំពុង​គប់គិត​គ្នា​លួច​ចុះបញ្ជី​លើដី​អាស្រ័យផល​ជនជាតិដើម​ភាគតិច​ព្នង យក​ធ្វើជា​កម្មសិទ្ធិ​។

លោក​ថ្លែងថា៖ «​ពួកខ្ញុំ​សុំឱ្យ​ផ្អាក​រាល់​សកម្មភាព​សំណង់​ផ្សេងៗ និង​ផ្អាក​ការចេញ​បណ្ណ​កម្មសិទ្ធិ និង​មោឃភាព​ការចុះបញ្ជី​ក្បាលដី​លេខ ៤៧៨ លេខ ៤៧៩ លេខ ៤៨០ និង​ធ្វើ​ការផ្ទេរ​ដីធ្លី​ទាំងនោះ​ឱ្យ​ពួកខ្ញុំ​វិញ​ទាំង​ ៨ ​គ្រួសារ​»​។

លោក​ ម្លូស តេន បាន​ចោទប្រកាន់ លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​ថា បាន​គប់គិត​ជាមួយ ជនខិលខូច​លួច​ធ្វើ​ប្លង់​លើដី​ទំហំ ២២,៨៤៧៩ ហិកតា​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​ដែលជា​ដី​ជនជាតិដើម​ភាគតិច​ព្នង ៨ ​គ្រួសារ បាន​កាន់កាប់ និង​អាស្រ័យផល​ជាក់ស្តែង​ចាប់តាំងពី​ឆ្នាំ ១៩-៩៧ រហូត​មក​ដល់​បច្ចុប្បន្ន មិនដែល​បាន​លក់​ទៅឱ្យ​បុគ្គល​ណា​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ដី​ពួកខ្ញុំ​បាន​ប្រកបរបរ​ដាំ​ស្រូវ ដំឡូងមី ដើម​ខ្នុរ ដើម​ស្វាយចន្ទី ដំណាំ​ចម្រុះ​ផ្សេងៗ និង​ប្រើ​ដី​មួយផ្នែក​ទៀត​សម្រាប់​ឃ្វាលគោ ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ អស់​ពេល​ប្រមាណ​ ២៣ ​ឆ្នាំ​មកនេះ មិន​ដែលមាន​បុគ្គល​ណា​ម្នាក់​មក​ជំទាស់​ឬ​តវ៉ា​ពី​ការកាន់កាប់​អាស្រ័យផល​របស់​យើងខ្ញុំ​ទេ​ហើយ​យើងខ្ញុំ​ក៏​មិនដែល​បាន​លក់ដូរ​ ឬ​ផ្ទេរសិទ្ធិ​ដី​នេះ​ឱ្យ​អ្នកណា​ដែរ​»​។

បើតាម​តំណាង​ជនជាតិ​ភាគតិច​ដី​នោះ​ពួកគាត់​បាន​ចែកគ្នា​អាស្រ័យផល​តកូនតចៅ​ជា​បន្តបន្ទាប់ ពី​ឪពុកម្តាយ រហូតមកដល់​កូន និង​បន្ត​ដល់​អ្នកជំនាន់ក្រោយ​ទៀត ស្រាប់តែ​ពេលនេះ មាន​គេ​ព័ទ្ធរបង​យក ដោយ​មិនបាន​ជូនដំណឹង​ប្រាប់​។ រឿងនេះ​ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់បាន​ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍​ជួយ​ពី​សំណាក់​អាជ្ញាធរខេត្ត​ និង​អាជ្ញាធរ​ស្រុក ប៉ុន្តែ​មិនបាន​ផល​។

លោក​ គូ ហឿន ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ក្នុង​បញ្ហាដីធ្លី​នេះ ក៏បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ដើមឡើយ​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ទីនោះ មិនបាន​ដឹងថា ដី​នោះ​ត្រូវបាន​គេ​លួច​ធ្វើ​ប្លង់ លើដី​ចម្ការ​វិលជុំ​របស់​ពួកគាត់​ទេ​។ រឿងនេះ​បាន​បែកការ​បន្ទាប់ពី​លោក​បាន​ទិញ​ដី​ពី​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន ១ ​ហិកតា ដោយ​ហៅ​មន្ត្រី​ជំនាញ​សុរិយោដី​ទៅ​ចុច GPS ទើប​ឃើញ​លទ្ធផល​ថា ដី​នោះ ត្រូវបាន​ចុះបញ្ជី​ជា​ប្រព័ន្ធ​ទៅ​ឈ្មោះ ស្រី ចន្ធូ ទើប​ជនជាតិដើម​ភាគតិច​បាន​នាំគ្នា​ធ្វើការ​តវ៉ា តាំងពី​ប្រមាណ ៣ ​ខែ​មុន​មក​ម្ល៉េះ​។

លោក​ថ្លែងថា​៖ «​ពេល​ទិញ​ដី​គាត់ ខ្ញុំ​បាន​ចុះទៅ​មើល​បានឃើញ​ចម្ការ​គាត់ មាន​ដើម​ខ្នុរ​ធំៗ និង​មាន​ដើម​ប៊័រ មាន​ស្វាយចន្ទី​មានអី ហើយ​គោក្របី​គាត់​ឃ្វាល​នៅ​ហ្នឹង​។ ស្រាប់តែ​ពេល​នាំ​សុរិយោដី​ទៅ​ចុច​ទៅ វា​ឃើញ​ចុះ​ជា​ប្រព័ន្ធ​ចុងសន្លឹក​រួច បាន​បែក​រឿង​អ៊ីចឹងទៅ​គេ​ទៅ​ព័ទ្ធរបង​»​។ លោក គូ ហឿន ប្រាប់ថា ក្រោយ​មាន​ពលរដ្ឋ​ទៅ​តវ៉ា អភិបាលស្រុក​អូររាំង លោក សៀក មុន្នី បាន​សន្យាថា នឹង​កាត់​ដី​នោះ​ជូនទៅ​ជនជាតិ​ដើម​ភាគតិច​វិញ ប៉ុន្តែ អភិបាលស្រុក​ម្នាក់​នោះ បាន​កុហក​ម្តង​ហើយ​ម្តងទៀត ទើប​ពលរដ្ឋ​នាំគ្នា​មក​ដាក់ពាក្យ​ប្តឹង​ដល់​ក្រសួង​។

លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ថ្លែងថា ជនជាតិដើម​ភាគតិច​ព្នង​ទាំង​ ៨ ​គ្រួសារ​នោះ ពិតជា​បានដាក់​ពាក្យសុំ​ឱ្យជួយ​អន្តរាគមន៍​រឿង​ដីធ្លី​នោះ​មែន ប៉ុន្តែ​ការប្តឹងតវ៉ា​ជំទាស់​របស់​ពួកគាត់​មិនមាន​ប្រសិទ្ធភាព​ទៀត​ទេ ដោយសារ​តែ​មិនបាន​ប្តឹង​ជំទាស់​ក្នុង​អំឡុងពេល​បិទ​ផ្សាយ​។ យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​នៅតែ​អាច​ទៅ​ប្តឹងតវ៉ា​នៅ​តុលាការ​បាន ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​។ លោក​ថា​៖ «​តាមពិត​ការងារ​ហ្នឹង​ត្រូវ​សម្របសម្រួល​ពី​ខាង​ស្រុក​មក​សិន ត្រូវ​ឬ​មិនត្រូវ​យ៉ាងម៉េច​អាហ្នឹង​បាន​យើង​ដោះស្រាយ​ត​ទៀត​។ តែ​ឥឡូវ​ឮថា អាជ្ញាធរ​ស្រុក​កំពុងតែ​ដោះស្រាយ​ហើយ​»​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​ថ្លែង​នៅ​ទី ២៣ ខែ​វិច្ឆិកា ថា បញ្ហាដីធ្លី​នៅ​ទីនោះ លោក​បាន​សម្របសម្រួល​ជិត​បាន​បញ្ចប់រឿង​អស់ហើយ ដោយ​ភាគី​ខាង​ប្រជាពលរដ្ឋ ព្រម​ទទួល​សំណង​ជា​ប្រាក់ ដែល​គិត​ទៅតាម​ទំហំ​ដី និង​ដំណាំ​ដែល​ពួកគាត់​បាន​ដាំ​។ នៅតែ​ ១ ​គ្រួសារ​ទេ​គឺ​គ្រួសារ​របស់​លោក​ ម្លូស តេន ដែល​មិន​ព្រម​ទទួល​យកតាម​ការសម្របសម្រួល ដោយ​ជឿ​លើ​អ្នក​ផ្លុំ​ត្រចៀក នៅ​ពី​ក្រោយខ្នង ដើម្បី​ទុក​ដី​លក់​ឱ្យគេ​។

លោក​ថ្លែងថា៖ «​យើង​កំពុងតែ​ដោះស្រាយ​ហើយ ជា​​គោលការណ៍​គឺ​បាន​ឯកភាព​គ្នា នៅ​ចាំតែ​ថ្ងៃ​ប្រគល់​លុយ​ជូន​ពួកគាត់​គឺ​ចប់​រឿង​។ ចំណែក​លោក​ ម្លូស តេន ​ខ្ញុំ​ក៏​នឹង​ហៅ​មក​សម្របសម្រួល​ដែរ​ ដើម្បី​ដោះស្រាយ​ទាំងអស់​គ្នា អ៊ីចឹង​ខ្ញុំ​បានដាក់​លិខិតអញ្ជើញ​គាត់​ហើយ​ក្នុងនាម​រដ្ឋបាល​ស្រុក​»​។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់ ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី ថ្លែងថា គួរតែ​ប្រគល់​ដី​នោះ​ទៅឱ្យ​ជនជាតិដើម​ភាគតិច​វិញ ព្រោះ​ពួកគាត់​បាន​អាស្រ័យផល​យូរ​ឆ្នាំ​មកហើយ​តាំងពី​ឆ្នាំ​ ១៩៩៧ មក​​ដល់​បច្ចុប្បន្ន​។ ម្យ៉ាងវិញទៀត អ្វីដែល​សំខាន់ ប្រជាពលរដ្ឋ​គាត់​មាន​ដំណាំ​ដាំ​ដុះ មាន​លំនៅ​ជាក់លាក់​។ ចំណែក​ឈ្មោះ ស្រី ចន្ធូ ​នោះ​មិនដឹងថា​មកពី​ណា ហើយ​ទិញ​ដី​ពី​នរណា​ឡើយ​ព្រោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ពិតប្រាកដ​មិនបាន​ដឹង​នោះទេ​។

លោក​ថ្លែងថា​៖ «​បើសិនជា​លោក​ សៀក មុន្នី ​មាន​ចេតនា​ក្នុង​ការទិញ​លក់​ដី ដែល​ប្រជាពលរដ្ឋ​អាស្រ័យផល​មែន​គួរតែ ថ្នាក់ដឹកនាំ ពិចារណា​ដាក់​វិធានការ​រដ្ឋបាល ឬ​ដកហូត​ដី​ហ្នឹង​ជូន​ប្រជាពលរដ្ឋ ឬមួយ​ដក​អភិបាលស្រុក​ហ្នឹង​ចេញ ដើម្បី​បញ្ជាក់ថា​អាជ្ញាធរ​ណា​ដែល​ធ្វើ​ខុស​គួរតែ​ពិន័យ​តាមច្បាប់ ចំណែក​អាជ្ញាធរ​ណា​ដែល​ធ្វើ​ល្អ​យើង​ត្រូវតែ​គាំទ្រ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹកនាំ​»​។

លោក ជាក់ ម៉េង ហ៊ាង អភិបាលរង​ខេត្ត​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា​ថា លោក​មិនទាន់​បានដឹង​ពី​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន ៨ ​គ្រួសារ នៅ​ភូមិ​ពូរ៉ាង នោះទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ដី​នៅ​តំបន់​នោះ​មាន​ការរំលោភបំពាន​ច្រើន​។ ប៉ុន្តែ​ក្នុងនាម​អាជ្ញាធរ ក៏ត្រូវ​ពិនិត្យមើល​ចំពោះ​ការកាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ផងដែរ បើ​ត្រឹមត្រូវ​នឹង​កាត់​ឆ្វៀល​ជូន​ពួកគាត់​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​មើលថា អ្វីដែល​គាត់​រស់នៅ​យូរហើយ កិរិយា​នៃ​ការកាន់កាប់​របស់គាត់​ត្រឹមត្រូវ នឹង​កាត់​ឆ្វៀល​ដីជូន​គាត់ នៅពេល​ដែល​គាត់​ស្នើសុំ​។ ប៉ុន្តែ​រឿង​ ៨ ​គ្រួសារ​នេះ ខ្ញុំ​អត់​ដឹងថា នៅ​និយាម​ការណា សូម​អធ្យាស្រ័យ​ដោយសារ​តែ​ខ្ញុំ​អត់​បានឃើញ​ឯកសារ​ហ្នឹង​ទេ បើ​ឃើញ​យើង​នឹង​ចាត់​ឱ្យ​ស្រុក​ជួយ​មើល​»៕