សៀមរាបៈ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះឃើញ​ថាស​លោហៈ​កប់​ក្នុង​ដី​នៅ​ប្រាសាទ​អង្គរវត្ត ដែលមាន​ទំហំ​អង្កត់ផ្ចិត​ ៦២ ​សង់ទីម៉ែត្រ ហើយ​​បាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​ចុះបញ្ជី និង​កំណត់​អត្តសញ្ញាណ​។

លោក ឈូក សុម៉ាឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​​ដឹងថា កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំនេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះឃើញ​ថាស​លោហៈ​កប់​ដី​ក្នុង​ដី​នៅ​ចន្លោះ​រានហាល​ និង​បណ្ណាល័យ​ខាង​​ត្បូង​ប្រាសាទអង្គរវត្ត​។

លោក​បន្តថា​៖ «​ថាស​លោហៈ​នេះ មាន​ទំហំ​អង្កត់ផ្ចិត​ ៦២ ​ស.ម ជម្រៅ​បាត​ថាស ៣ ស.ម ផ្ទៃ​បាត​រាង​មូល​ និង​រីក​មាត់​ឡើង​មកលើ​បន្តិច​ និង​បត់​រាបស្មើ ដោយ​ផ្នែក​ខាងចុង​មាន​រាង​ក្បាច់​កោង​តូចៗ​ព័ទ្ធជុំវិញ​»​។

លោក​បានឱ្យដឹងថា នៅលើ​ផ្ទៃ​ថាស​ទាំងមូល​នេះ​ពុំ​ឃើញ​មាន​ក្បាច់លម្អ​ ឬ​អក្សរ​អ្វីដែល​អាចឱ្យ​យើង​កំណត់​ពី​អាយុកាល​នៃ​វត្ថុ​នេះ​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​។

បើតាម​លោក សុម៉ាឡា បច្ចុប្បន្ន​​ក្រុម​ចុះបញ្ជី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យា​បង្ការ​បាន​យកមក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះ​បញ្ជី​ និង​កំណត់​អត្តសញ្ញាណ​វត្ថុ​បុរាណ​នេះ​សិន​មុននឹង​លាង​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​ជំនាញ​ជួសជុល​វត្ថុ​បុរាណ​ជា​បន្តទៀត​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ធ្លាប់​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការរកឃើញ​ចម្លាក់ និង​វត្ថុ​បុរាណ​ជា​បណ្តើរៗ​កន្លងមក គឺ​ពិតជា​​មាន​សារៈសំខាន់​ណាស់​សម្រាប់​​ប្រទេសជាតិ​។

លោក​ថា​៖ «​ការរកឃើញ​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ដែល​កន្លងមក​យើង​ធ្លាប់​គិតថា បាន​បាត់បង់​ទៅហើយ ក៏ប៉ុន្តែ​នៅពេល​ដែល​យើង​ធ្វើ​កំណាយ​ហើយ​រកឃើញ​វត្ថុ​បុរាណ​ទាំងនេះ​គឺជា​សេចក្តី​រីករាយ​ណាស់​សម្រាប់​អ្នក​អភិរក្ស​ដែល​ការរកឃើញ​នេះ ជាការ​រួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​តម្លៃ​របស់​ខ្មែរ​»៕

វីដេអូ៖