ស្ទឹងត្រែងៈ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹង​ត្រែង​អះអាង​ថា នឹង​សហ​ការ​ជាមួយ​សម​ត្ថកិច្ច​ឡាវ​ស្វែងរក​ជន​សង្ស័យ​ដែល​នាំ​គ្រឿង​ញៀន​ឆ្លង​ដែន​ចូលមក​កម្ពុជា​បន្ទាប់ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១​ល្បាត​និង​ឃាត់​បាន​គ្រឿង​ញៀន​ចំនួន​ ១៧០​ ដុំ​នៅ​លើ​ទូក​ ខណៈ​ជន​ល្មើស​រត់គេច​ខ្លួន​បាត់​កាល​ពី​យប់​ ២៤​ ខែវិច្ឆិកា ។

លោក ​ផៃ ​រស្មី ស្នង​ការរង​ទទួល​ផែន​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ខេត្តស្ទឹង​ត្រែង​ថ្លែង​នៅ​រសៀល​ថ្ងៃទី ​២៥​ ខែវិច្ឆិកា​ថា សមត្ថ​កិច្ច​កំពុង​បន្ត​នីតិវិធី​ដែល​ដំបូង​ត្រូវ​បើក​កញ្ចប់​វត្ថុតា​ង​ថ្នាំញៀន​ដើម្បី​ត្រួត​ពិនិត្យ​ជាក់​ស្តែង​ ហើយនៅពេល​ឃើញ​ចំនួន​ប្រាកដ​ប៉ុន្មាន​នឹង​បន្ត​សហ​ការ​ជា​មួយ​ភាគី​សម​ត្ថកិច្ច​ឡាវ​ស្រាវ​ជ្រាវ​ទាំង​សង​ខាង​ដើម្បី​ស្វែងរក​ជន​សង្ស័យ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​។ លោ​ក​ថ្លែងថា​៖ «យើង​នឹងធ្វើ​គ្រប់​នីតិវិធី​ទាំង​អស់ ដើម្បី​ស្វែងរក​ចាប់​ជន​សង្ស័យ​ពាក់​ព័ន្ធ​ទាំងនោះ​យកមក​ផ្តន្ទា​ទោស​តាម​ច្បាប់» ។

លោក​ស្នង​ការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​ចាប់បាន​គ្រឿងញៀន​ទាំងនោះ​​ នគរបាល​ការពារ​ព្រំដែន​គោគ​លេខ ​៧០១ ​បាន​ល្បាត​តាម​ដង​ទន្លេមេគង្គ។ ពេល​ប្រទះ​ឃើញ​ទូក ​១ គ្រឿង​ បើក​ឆ្លង​ពី​កោះ​ស្តាំ​ប្រទេស​ឡាវ​ ចូលមក​ចំណុច​កោះ​ល្ង ឃុំ​ព្រះ​រំកិល ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ នៅ​វេ​ល​ម៉ោង​៧​យប់ សមត្ថកិច្ច​ក៏បាន​ឃាត់​សួរនាំ​ ដើម្បី​ពិនិត្យ​ស្រាប់​តែ​ជ​នសង្ស័យ​បានរត់គេច​ខ្លួន​នៅពេល​ទូក​ទៅដល់​ច្រាំង។

លោកបានថ្លែងថា៖«ពេល​ឃើញ​កម្លាំង​ល្បាត​យើង​បើកបរ​ទូក​ទៅជិត​ហើយ​សួរថា ​ដឹក​អី គាត់​ថា​ ដឹក​ធ្យូង អ៊ីចឹង​យើង​សុំ​ឱ្យឈប់​ដើម្បី ពិនិត្យ​មើល ដល់​ពេល​ទូក​បុក​ច្រាំង​ពួក​គេ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ»។

លោក ផៃ រស្មី បញ្ជាក់​ថា ករណី​នេះ​មិន​មែន​សមត្ថកិច្ច​បណ្តោយ​ឱ្យជន​សង្ស័យ​រត់គេច​ខ្លួ​ននោះ​ទេ ប៉ុន្តែ​ដោយ​សារតែ​ការ​ល្បាត​ចល័ត​នៅលើ​ទឹក​មាន​ភាពស្មុគ​ស្មាញ។ នៅពេល​ឃើញ​ជនល្មើស​ជិះទូក សមត្ថ​កិច្ច​នៅ​មិនទាន់​អាច​កំណត់ភ្លា​មៗបា​ន​ថា​មាន​ផ្ទុក​បទល្មើស​នោះទេ ក្រោយ​ឃាត់​ពិនិត្យ​ទើប​ដឹង​ថា ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន។

លោក​បានបញ្ជាក់​បន្ថែមថា ជន​សង្ស័យ​មាន​គ្នា ២ នាក់ ចំណែក​វត្ថុតាង​មានគ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១០ កា​រុង ស្មើនឹង ១៧០ ដុំ។នៅ​រសៀល​ថ្ងៃទី ២៥ ខែវិច្ឆិកា សមត្ថកិច្ច​កំពុងបើក​កញ្ចប់​វត្ថុតាង​ដើម្បី​ថ្លឹង​ឲ្យ​ដឹង​ចំនួន​គ្រឿងញៀន ហេតុនេះ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា​ មាន​ចំនួន​ប៉ុន្មាន​គីឡូ​ឲ្យប្រាកដ​នោះទេ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហា​ផ្ទៃកា​លពី​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំនេះ បង្ហាញ​ថា លោក ស ខេង ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ធ្វើជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល​កិច្ចស​ហប្រតិប​ត្តិការ​ឆ្នាំ ២០២០-២០២១​ និង​បាន​ចុះហត្ថលេខា​លើ​កំណត់ហេ​តុស្តីពី​កិច្ចសហប្រតិ​បត្តិការ​ឆ្នាំ ២០២២​ ជាមួយ​លោកឧ​ត្ត​ម​សេនីយ៍​ឯក វី​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិ​សុខ​សាធា​រណៈនៃ​សាធារ​ណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវតាមរយៈ​ប្រព័ន្ធ​វីដេអូស​ន្និសីទ​ពី​ចម្ងាយ​។

ក្នុងឱកាស​នោះ​ភាគី​ទាំង ២ បាន​ពង្រីក​នូវ​ទំនាក់​ទំនង​និង​កិច្ចសហ​ប្រតិប​ត្តិការ​កា​ន់​តែ​សកម្ម​ដោយបាន​ឯកភាព​បន្ត​បង្កើន និង​ពង្រឹង​បន្ថែម​នូវ​យន្តការ​សហប្រ​តិបត្តិ​ការបង្ក្រាប​សកម្មភា​ព​ជួញដូរ​គ្រឿ​ងញៀន​ខុសច្បាប់ព្រមទាំ​ង​ពង្រីក​វិសាល​ភាព​ការផ្លាស់ប្តូរ​ព័ត៌មាន​ ដើម្បី​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​ជួញដូរ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុសច្បា​ប់ ដែល​កើតឡើង​តាម​បណ្ដោយ​ព្រំដែ​ន។

ជាមួយ​គ្នា​នោះក៏បាន​ឯក​ភាព​បន្ត​បង្កើន​ការគ្រប់​គ្រង​ និង​ត្រួត​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ដែន​សមត្ថ​កិច្ចរៀងៗខ្លួន និង​ចាត់វិ​ធាន​ការ​ទាន់ពេល​វេលា​ក្នុងការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​​គ្រប់​ប្រភេទ។ ជាពិសេសកា​រ​លួច​ឆ្លងដែន​ខុស​ច្បាប់ ​បទល្មើ​ស​ព្រៃឈើ ការ​ទន្ទ្រាន​កាប់​ព្រៃ​ធ្វើ​ការដាំដុះ និង​ការ​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់​ និង​សកម្មភាព​ផ្សេង​ទៀតដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​ព្រំដែន​៕